វិធីសាស្រ្តទាំង៤ដើម្បីយកឈ្នះ នៅពេលដែលអតិថិជនកំពុងតែខឹងខ្លាំង

ក្នុងការធ្វើអាជីវកម្មគឺតម្រូវឱ្យអ្នក ចាំបាច់ត្រូវតែព្យាយាមស្វែងរកអតិថិជនក្នុងការជួលនិងទិញផលិតផលរបស់អ្នកឱ្យបានច្រើនដើម្បីទទួលបានផលចំណេញខ្ពស់និងដំណើរការទៅមុខ។ ស្របជាមួយគ្នានេះដែរការដែលធ្វើឱ្យ អតិថិជនងាកមកទិញផលិតផលពីអ្នកក៏មិនមែនជារឿងដែលងាយស្រួលនោះដែរ។យើងសង្កេតឃើញថាអតិថិជនមួយចំនួនមានច្រើនប្រភេទ  ដោយមួយចំនួនគឺងាយស្រួលក្នុងការនិយាយគ្នាដោយឡែកមួយចំនួនទៀតគឺពិតជាពិបាកក្នុងការនិយាយគ្នាណាស់។ 

ជួនកាលពួកគាត់ឆាតមកសួរនាំ​អ្នក គ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ  ឯមួយចំនួនទៀតសួរនាំតម្លៃរួចហើយក៏មិនទិញវិញហើយក៏មានមួយចំនួនទៀតដែលឆាតមកអ្នកទាំងកំហឹង យ៉ាងខ្លាំងក្លាតែម្តងដែលធ្វើឱ្យអ្នកមានការលំបាក ក៏ដូចជាខាតបង់ពេលវេលាជាច្រើន។ បើដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីវិធីសាស្រ្តងាយៗចំនួន៤ក្នុងការយកឈ្នះចិត្តអតិថិជនរបស់អ្នក។

១) រកមូលហេតុ ដែលធ្វើឱ្យអតិថិជនរបស់អ្នកខឹង

ប្រសិនបើអតិថិជនឆាតមកអ្នក​ ឬធ្វើការទំនាក់ទំនងផ្ទាល់តាមរយៈការខលមកកាន់អ្នកទាំងកំហឹងក្នុងការសួរនាំពីបញ្ហាអ្វីមួយនោះ អ្នកកុំទាន់តបទៅពួកគាត់ភ្លាមៗអី។ អ្នកគួរតែស្តាប់ពួកគាត់ឱ្យចប់ ដើម្បីឱ្យដឹងសាច់រឿងជាមុនសិន និងដឹងថាពួកគាត់ចង់បានអ្វីដើម្បីឱ្យមានភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាជូនពួកគាត់បានត្រឹមត្រូវ និងឆាប់ទទួលបានលទ្ធផលល្អ។ ដោយឡែកប្រសិនបើអ្នកតបទៅកាន់ពួកគាត់ភ្លាមៗ ទាំងដែលមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់​នោះទេអ្នកប្រាកដជាមិនអាចទទួលបានលទ្ធផលនោះឡើយ។

២)ប្រើប្រាស់ពាក្យពេចន៍និងសម្តីផ្អែមល្ហែមទៅកាន់ពួកគាត់

បន្ទាប់ពីស្តាប់ពួកគាត់និយាយពីមូលហេតុរួចរាល់ហើយអ្នកត្រូវឆ្លើយតបទៅកាន់ពួកគាត់វិញ ដោយការប្រើប្រាស់ពាក្យសម្តីផ្អែមល្ហែមនិងមានសេចក្តីថ្លៃថ្នូរបំផុត។ មិនថាពួកគាត់ជាអ្នកត្រូវឬក៏ខុសនោះទេ អ្នកត្រូវតែសុំការអធ្យាស្រ័យទៅកាន់ពួកគាត់ពីព្រោះថាវាគឺជាកំហុសរបស់អ្នក ដែលមិនបានពន្យល់បញ្ជាក់ទៅកាន់ពួកគាត់ឱ្យបានច្បាស់លាស់តាំងពីដំបូង។ ជួនកាលពាក្យសម្តីអាចយកឈ្នះចិត្តពួកគាត់ឱ្យបាត់ខឹងនឹងអ្នកភ្លាមៗក៏មានដែរ។

៣) ធ្វើការដកថយសិន

ប្រសិនបើអ្នកព្យាយាមពន្យល់និងខិតខំប្រើប្រើប្រាស់ពាក្យសម្តីផ្អែមល្ហែមទៅកាន់ពួកគាត់អស់ពីសមត្ថភាពហើយ ពួកគាត់នៅតែខឹងនិងមិនសុខចិត្តទៀតនោះអ្នកគួរតែដកថយសិនទៅ ។ ជួនកាលធាតុរបស់អ្នកមិនត្រូវនឹងពួកគាត់ក៏អាចថាបានបើទោះបីជាអ្នកព្យាយាមសម្របសម្រួលយ៉ាងណាក៏មិនត្រូវចិត្តពួកគាត់ដែរ។ ដូច្នេះអ្នកគួរតែទុកតួនាទីទៅកាន់ដៃគូលក់របស់អ្នកផ្សេងទៀតធ្វើការសន្ទនាជាមួយពួកគាត់វិញ។ ជួនកាលគ្រាន់តែសន្ទនាជាមួយអ្នកផ្សេងតែពីរបីម៉ាត់អាចធ្វើឱ្យពួកគាត់សុខចិត្ត ហើយអាចដោះស្រាយបញ្ហាបានក៏មានដែរ។

៤) ចាញ់ ដើម្បីឈ្នះ

ប្រសិនបើអ្នកប្រើវិធីទាំង៣ខាងលើរួចហើយអតិថិជននៅតែមិនសុខចិត្ត និងនៅតែទាមទារប្រាក់ពីអ្នកវិញនោះ  អ្នកគួរតែចុះចាញ់ រួចហើយប្រគល់ប្រាក់ទៅកាន់ពួកគាត់វិញតែម្តងទៅ។ ពីព្រោះថាពេលខ្លះប្រសិនបើអ្នកនៅតែព្យាយាមបន្តទៀត ក៏មិនទទួលបានលទ្ធផលអ្វីមកវិញដែរបានត្រឹមតែការចំណាយពេលវេលារបស់អ្នកទៅវិញទេ។ នៅមានអតិថិជនល្អៗជាច្រើនទៀត ដែលអ្នកគួរតែទំនាក់ទំនងជាមួយដើម្បីធ្វើការលក់និងបម្រើសេវាកម្មជូនពួកគាត់។

សរុបមកវិញប្រសិនបើអ្នកជួបនូវបញ្ហាអតិថិជនខឹងខ្លាំងមិនថាក្នុងការលក់តាមប្រព័ន្ធអនឡាញ ឬមួយក៏នៅខាងក្រៅផ្ទាល់នោះទេ អ្នកមិនគួររំលងនូវវិធីសាស្រ្តសំខាន់ៗទាំង៤ខាងលើនេះឡើយ។ ពីព្រោះថាវានឹងអាចជួយឱ្យអ្នកមានភាពងាយស្រួល ក្នុងការដោះស្រាយបញ្ហាជាមួយអតិថិជនបានល្អនិងទាន់ពេលវេលា៕