ការចិញ្ចឹមសត្វក្នុងគេហដ្ឋាន គឺជាផ្នែកមួយដែលជួយជំរុញឱ្យជីវិតនៃការរស់នៅប្រចាំថ្ងៃរបស់អ្នកមានសុភមង្គលហើយសត្វចិញ្ចឹមទាំងនោះក៏អាចធ្វើឱ្យអ្នកសប្បាយចិត្ត ក៏ដូចជាបន្ធូរអារម្មណ៍ពីការនឿយហត់ដោយសារការបំពេញការងារផងដែរ ជាពិសេសនោះគឺចំពោះលោកអ្នក ដែលចូលចិត្តសត្វចិញ្ចឹមតែម្តង។
ជាមួយគ្នានេះដែរការជ្រើសរើសប្រភេទសត្វ ដើម្បីយកទៅចិញ្ចឹមក្នុងផ្ទះគឺជាចំណុចដ៏សំខាន់មួយដែលអ្នកគួរតែយកចិត្តទុកដាក់ឱ្យបានល្អ។ យើងឃើញថាមានប្រភេទសត្វជាច្រើន ដែលអ្នកអាចចិញ្ចឹមក្នុងផ្ទះបាន។ ដោយឡែកនៅក្នុងអត្ថបទនេះនឹងណែនាំអ្នក ពីសត្វចិញ្ចឹមល្អ៉ៗទាំង៥ ដែលនៅពេលដែលអ្នកយកទៅចិញ្ចឹមក្នុងផ្ទះហើយប្រាកដជាធ្វើឱ្យការរស់នៅរបស់អ្នក ក៏ដូចជាគ្រូសាររបស់អ្នកកាន់តែមានសុភមង្គលនិងភាពសប្បាយរីករាយ។
១) សត្វឆ្កែ
សត្វឆ្កែជាជម្រើសដ៏ល្អសម្រាប់ធ្វើការចិញ្ចឹម នៅក្នុងគេហដ្ឋានរបស់អ្នក។ ពីព្រោះថាសត្វប្រភេទនេះ ត្រូវបានគេចាត់ទុកថា ជាសត្វដែលមានភាពស្មោះត្រង់នឹងម្ចាស់ជាទីបំផុត។សត្វឆ្កែគឺជាសត្វមានភាពវៃឆ្លាត ដែលអាចធ្វើឱ្យបរិយាកាសក្នុងគេហដ្ឋានរបស់អ្នកមានភាពរីករាយផងដែរជាពិសេសនោះគឺចំពោះកុមារតូចៗ។ លើសពីនេះទៅទៀតសត្វឆ្កែក៏ត្រូវបានគេមើលឃើញថាជាប្រភេទសត្វដែលមានការបោះសំឡេងច្រើនបំផុត ពីសំណាក់អ្នកស្រឡាញ់សត្វនៅទូទាំងពិភពលោក។
២) សត្វឆ្មា
ចំពោះលោកអ្នកដែលចូលចិត្តសត្វប្រភេទបែប ខ្យូតៗនិងគួរឱ្យស្រឡាញ់ផងដែរនោះ គឺសត្វឆ្មាសាកសមបំផុតសម្រាប់អ្នក។ សត្វឆ្មាអាចធ្វើឱ្យអ្នកនិងសមាជិកក្នុងគ្រួសាររបស់អ្នក កាន់តែមានភាពសប្បាររីករាយដោយសារតែរូបរាងដ៏គួរឱ្យស្រឡាញ់ និងអាកប្បកិរិយាដ៏ឆ្លាតវ័យរបស់វា។ម៉្យាងវិញទៀតសត្វឆ្មា គឺជាសត្វដែលមានភាពងាយស្រួលក្នុងការចិញ្ចឹម និងមិនទាមទារការមើលថែទាំច្រើននោះទេ។
៣) សត្វត្រី
ត្រីក៏ជាសត្វមួយប្រភេទដែលអ្នកមិនគួរមើលរំលងឡើយក្នុងការចិញ្ចឹមនៅក្នុងគេហដ្ឋានរបស់អ្នក ពីព្រោះថា វាមានភាពស្រស់ស្អាត ស្ងប់ស្ងាត់រួមជាមួយនឹងភាពទាក់ទាញជាខ្លាំងដែលធ្វើឱ្យបរិយាកាសនៅក្នុងគេហដ្ឋានរបស់អ្នកមើលទៅគួរឱ្យចង់រស់នៅ។មានត្រីច្រើនប្រភេទដែលអ្នក អាចយកទៅចិញ្ចឹមបាន ជាពិសេសគឺត្រីដែលមានពណ៍សម្បុរភ្លឺថ្លារួមជាមួយនឹងត្រីស្អាតៗជាច្រើនទៀត ដែលអ្នកអាចជ្រើសរើសបាន។
៤) សត្វអណ្តើកប្រភេទតូច
សត្វអណ្តើកតូចគឺជាសត្វមួយប្រភេទ ដែលគួរឱ្យស្រឡាញ់ខ្លាំងហើយសាកសមសម្រាប់អ្នក ក្នុងការចិញ្ចឹមនៅក្នុងគេហដ្ឋានផងដែរ ។ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អដោយសារតែរូបរាងនិងសកម្មភាព ដ៏គួរឱ្យស្រឡាញ់់របស់វាដែលនឹងជំរុញអ្នកមានស្នាមញញឹមក៏ដូចជា កាត់បន្ថយភាពនឿយហត់ផងដែរ។
៥) សត្វទន្សាយ
សត្វទន្សាយគឺជាសត្វដែលមានរូបរាងស្រស់ស្អាតរួមជាមួយភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ជាពិសេសនោះគឺពណ៏សម្បុររបស់វាពិតជាស្រស់ស្អាតខ្លាំងណាស់។ អ្នកអាចទិញទ្រុងដែលសាកសមក្នុងការដាក់ចិញ្ចឹមទន្សាយនៅក្នុងបរិវេណគេហដ្ឋានរបស់អ្នក។ ការចិញ្ចឹមសត្វទន្សាយនឹងធ្វើឱ្យបរិយាកាសក្នុងផ្ទះរបស់អ្នក កាន់តែមានភាពប្រសើរឡើង។
ជារួមមកវិញប្រសិនបើអ្នកកំពុងមានបំណងចង់ធ្វើការចិញ្ចឹមសត្វនៅក្នុងគេហដ្ឋានរបស់អ្នក ក្នុងគោលបំណងចង់បង្កើនភាពសប្បាយរីករាយសម្រាប់ខ្លួនអ្នកផ្ទាល់ ក៏ដូចជាចំពោះសមាជិកគ្រួសាររបស់ផងដែរនោះអ្នកមិនគួរមើលរំលងនូវសត្វទាំង៥ប្រភេទខាងលើនេះឡើយ។ពីព្រោះថាវាសុទ្ធសឹងតែមានចំណុចល្អរៀងៗខ្លួនដែលអ្នកគួរតែជ្រើសរើសយកមកចិញ្ចឹមក្នុងគេហដ្ឋានរបស់អ្នក៕