ហេតុផលមួយចំនួន ដែលអាណាព្យាបាលមិនគួរឈ្លោះគ្នានៅចំពោះមុខកូនៗ

នៅក្នុងជីវិតគ្រួសារតែងតែជៀសមិនផុតនោះទេពីការឈ្លោះប្រកែកគ្នាទៅវិញទៅមករវាងប្ដីប្រពន្ធ ប៉ុន្តែសូមកុំបណ្ដោយការឈ្លោះគ្នាឱ្យក្លាយជាវិប្បដិសារីទៅថ្ងៃក្រោយ។ជាក់ស្តែងយើងបានសង្កេតឃើញថាប្ដីប្រពន្ធមួយចំនួនបានឈ្លោះប្រកែកគ្នានៅមុខកូនៗរបស់ពួកគេ ដែលធ្វើឱ្យកូនៗមានវិបត្តិផ្លូវចិត្ត និងទទួលរងនូវបញ្ហាមួយចំនួនដែលឪពុកម្ដាយមិនបានចាប់អារម្មណ៍ ហើយក្នុងអត្ថបទនេះនឹងបង្ហាញពីហេតុផលមួយចំនួនដែលឪពុកម្ដាយមិនគួរឈ្លោះគ្នាចំពោះមុខកូនៗ៖

១.មើលមុខគ្នាមិនចំ៖ ការឈ្លោះប្រកែកគ្នាអាចបណ្ដាលមកពីមូលហេតុមួយចំនួនដូចជា ការខ្វែងគំនិតគ្នា និងមិនចុះសម្រុងគ្នាជាដើម ហើយរាល់ពេលដែលបញ្ចប់ជម្លោះមិនមែនមានតែឪពុកម្ដាយនោះទេ ដែលមើលមុខគ្នាមិនចំ ប៉ុន្ដែចំពោះកូនៗវិញរឹតតែមិនហ៊ានមើលមុខឪពុកម្ដាយខ្លួន ដែលនៅអំឡុងពេលឈ្លោះប្រកែកគ្នាធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លាចនិងមានការព្រួយបារម្ភ។

២.បាត់បង់ភាពកក់ក្ដៅ៖ រាល់ពេលឈ្លោះគ្នា ភាគីទាំងសងខាងតែងតែធ្វើតាមអារម្មណ៍ខ្លួនឯងដោយមិនបានគិតដល់កូនៗដែលកំពុងចាប់ផ្ដើមបាត់បង់ភាពកក់ក្ដៅ ហើយត្រូវមកទទួលកំហឹងពីឪពុកម្ដាយទៀត គ្រួសារក៏ចាប់ផ្ដើមសោះអង្គើយជាមួយគ្នាជារឿយៗ។

៣​.ប៉ះពាល់សតិអារម្មណ៍៖ ការចងចាំរបស់ក្មេងនៅក្នុងវ័យតូចៗពិតជាមានការចាំបានល្អណាស់ ប៉ុន្តែបើឪពុកម្ដាយតែងតែបង្ហាញនូវជម្លោះឱ្យពួកគេបានឃើញជារៀងរាល់ថ្ងៃពួកគេអាចមានបញ្ហាសតិអារម្មណ៍ ឆាប់ភ័យខ្លាច ឆាប់យំ ឬក៏ចូលចិត្តសម្ងំនៅតែម្នាក់ឯង មិនសូវនិយាយស្ដីជាដើម។

៤.រៀនមិនពូកែ៖ ក្មេងនឹងមិនមានពេលវេលាដើម្បីរៀនបានគ្រប់គ្រាន់ឡើយ បើអ្នកជាអាណាព្យាបាលមិនបានជួយធ្វើជាគ្រូក្រៅសាលាឱ្យពួកគេ មិនបានផ្ដល់ភាពកក់ក្ដៅឱ្យពួកគេ។ ដូច្នេះហើយការសិក្សារបស់គេនឹងត្រូវអន់ជាងក្មេងៗឯទៀតដែលបានការយកចិត្តទុកដាក់ពីឪពុកម្ដាយ។

 ៥.ការយកគំរូតាម៖ ការឈ្លោះប្រកែកគ្នារបស់ឪពុកម្ដាយកំពុងតែបង្ហាញកូន ការចាប់ផ្ដើមទៅថ្ងៃអនាគតជាមួយនឹងការអនុវត្តទាំងរឿងជម្លោះ និងសកម្មភាពផ្សេងៗដែលគេតែងតែបានឃើញជាប្រចាំដោយបានកើតឡើងនៅក្នុងគ្រួសាររបស់គេ។

គ្រួសារដែលមានភាពកក់ក្ដៅ ត្រូវចេះដោះស្រាយបញ្ហាតាមគំនិត មិនមែនដោះស្រាយបញ្ហាតាមអារម្មណ៍ខឹងមួយឆាវ ហើយធ្វើដោយមិនបានគិតពីអារម្មណ៍របស់កូនៗឡើយ ផ្ទុយទៅវិញអ្នកជាអាណាព្យាបាលត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះកូនៗ ហើយធ្វើការដោះស្រាយគ្នាតែពីរនាក់ស្ងាត់ៗទៅបានហើយ ព្រោះបើមិនដូច្នោះទេកូនៗរបស់អ្នកនឹងត្រូវប្រឈមជាមួយបញ្ហាផ្សេងដូចបានរៀបរាប់ខាងលើ៕