ក្រុងកំពង់សោម៖ តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួលបានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ដូចជាការយកទៅចាក់បញ្ចូលយានជំនិះនិងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបានប្រេងឥន្ធនៈដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នLPGឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។
ដោយហេតុថាកម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល។
តម្លៃប្រេងឥន្ធនៈក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះមានការប្រែប្រួលកើនឡើងបន្តិចបន្តួចនេះគឺបណ្តាលមកពីការប្រែប្រួលតម្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជារួមក្នុងរយៈកាលនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសាកល ពុំមែនមានតែប្រទេសកម្ពុជាមួយនោះទេដែលមានតម្លៃប្រេងកើនឡើង។
សូមបញ្ជាក់ថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈនិងដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញរូបមន្តកំណត់ថ្លៃលក់រាយប្រេងដោយផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិរៀងរាល់១៥ថ្ងៃម្តង លើសពីនេះរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុង១លីត្រ។
អាស្រ័យហេតុនេះសូមសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាននិងស្វែងយល់ឲ្យបានច្បាស់ចៀសវាងការយល់ខុសនាំឲ្យមានក្តីរំពឹងខ្ពស់ហួសពីការពិត៕
ប្រភព៖ ក្រសួងរ៉ែ និងថាមពល