មនុស្សភាគច្រើនចូលចិត្តពាក់អាវក្រាស់ៗនៅពេលធ្វើដំណើរ ដើម្បីការពាររាងកាយពីកម្ដៅព្រះអាទិត្រដោយខ្លាចស្បែករបស់ខ្លួនប្រែជាស្លោក កើតមានការរោលអុជខ្មៅជាដើម បើទោះបីជានៅពេលដែលពាក់ហើយធ្វើឱ្យមានអារម្មណ៍ថាស្អុះស្អាប់ មិនងាយស្រួលដល់ឥរិយាបថផ្សេងៗក៏ដោយ ក៏នៅតែបង្ខំពាក់សម្លៀកបំពាក់ក្រាស់ៗដែរ។ ទាំងនេះនឹងធ្វើឱ្យរាងកាយមិនបានប៉ះជាមួយពន្លឺព្រះអាទិត្រដែលមានផ្ទុកវីតាមីនឌីអាចជួយដល់រាងកាយបានយ៉ាងច្រើន។ សញ្ញាដែលមាននូវខាងក្រោមនេះនឹងបញ្ជាក់ថាអ្នកកំពុងខ្វះវីតាមីនឌី។
១.អស់កម្លាំងគ្រប់ពេល៖ មិនមានភាពសកម្មក្នុងការបំពេញកិច្ចការផ្សេងៗ អស់កម្លាំង យឺតយ៉ាវ មិនរហ័សរហួនជាដើម ដែលអាចឱ្យអ្នកសង្កេតបានបន្តិចម្ដងៗតាមរយៈសកម្មភាពនេះថាអ្នកត្រូវការផ្លាស់ប្ដូរទម្លាប់មួយចំនួនដែលធ្វើឱ្យអ្នកអស់កម្លាំង។
២.ការបែកញើសខុសប្រក្រតី៖ ការបែកញើសវាពិតជាមានផលល្អដល់សុខភាពហើយ ប៉ុន្តែលើកលែងការបែកញើសខុសប្រក្រតីខ្លះដែលមិនមែនជារឿងល្អឡើយចំពោះបញ្ហាសុខភាព ដូចជាមិនបានធ្វើអ្វីសោះក៏ចាប់ផ្ដើមបែកញើស ហើយបែកញើសខុសពីធម្មតា។
៣.ប្រព័ន្ធការពាររាងកាយចុះខ្សោយ៖ ដែលធ្វើឱ្យរាងកាយឆាប់ឆ្លងនូវជម្ងឺផ្សេងៗ ដូចជាផ្ដាសាយ គ្រុនក្ដៅជាដើម ស្របពេលបច្ចុប្បន្នអាកាសធាតុចាប់ផ្ដើមចុះត្រជាក់ ដែលអាកាសធាតុបែបនេះវាអំណោយផល់ជាខ្លាំងដល់ជម្ងឺផ្សេងៗចូលមកកាន់ខ្លួនមនុស្សដែលខ្វះវីតាមីនឌី។
៤.ការចុករោយនៅតាមសន្លាក់ឆ្អឹង៖ ដូចជានៅតាមសន្លាក់ដៃ សន្លាក់ជើង កញ្ចឹងករជាដើម ដែលវានឹងត្រូវឈឺបែបនេះជារើយៗប្រសិនបើអ្នកមិនព្រមផ្លាស់ប្ដូរទម្លាប់គេចពន្លឺកាំរស្មីព្រះអាទិត្រនោះទេ ដែលវាអាចនឹងធ្វើឱ្យមានការប៉ះពាល់ដល់ការប្រកបកិច្ចការប្រចាំថ្ងៃរបស់អ្នកបាន។
៥.ការកើតមានបញ្ហាស្ត្រេស៖ ធ្វើឱ្យអ្នកចាប់ផ្ដើមគិតច្រើនមានកង្វល់ច្រើន មិនសប្បាយចិត្តនៅក្នុងខ្លួន ដែលអាចធ្វើឱ្យអ្នកជួបនូវបញ្ហាស្ត្រេសនៅក្នុងចិត្តរកចំណុចដែលធ្វើឱ្យពិបាកចិត្តមិនឃើញជារើយរហូតទៅ។
សញ្ញាទាំង៥ខាងលើនេះ គឺសុទ្ធតែបានបង្កឡើងដោយការខ្វះនូវវីតាមីនឌី ដោយសារតែអ្នកព្យាយាមការពាររាងកាយពីព្រះអាទិត្រខ្លាំងពេក ស្ទើតែគ្រប់ពេលទៅហើយ ដោយមិនមានពេលវេលាឱ្យរាងកាយបានប្រើប្រាសពន្លឺព្រះអាទិត្រដល់រាងកាយ។ ដូច្នេះហើយអ្នកត្រូវតែមានពេលវេលាខ្លះដើម្បីត្រូវជាមួយពន្លឺ ឬក៏ការទទួលទានបន្លែផ្លែឈើដែលមានផ្ទុកវីតាមីនប្រភេទនេះ៕
ប្រភព៖ Women’s Heath //Health affairs