សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ភាពជាអ្នកដឹកនាំគឺសំដៅទៅលើមនុស្សដែលអាចអភិវឌ្ឍបុគ្គលិកលក្ខណៈ និងជំនាញរបស់ខ្លួនដើម្បីសម្រេចគោលបំណងអ្វីមួយ។ ហើយជាទូទៅគេអាចវាយតម្លៃអ្នកដឹកនាំដោយផ្អែកលើចំណុចមួយចំនួនដូចជាផ្អែកលើលទ្ធផលការងារបរិមាណ និងគុណភាព ការគោរពនិងស្មោះត្រង់ពីអ្នកក្រោមបង្គាប់ និងការមានមនសិការខ្ពស់និងសាមគ្គីល្អ។ជាមូលដ្ឋានគ្រឹះរបស់អ្នកដឹកនាំក្នុងន័យជារួម គឺលក្ខណៈជាទីគោរពការងារមិនគិតតែពីប្រយោជន៍ខ្លួនការសម្រេចគោលដៅអង្គភាពសុខមាលភាពរបស់ពួកគេការប្រតិបត្តិឱកាសការងារនិងកម្លាំងចិត្តការផ្តល់សេចក្តីណែនាំនិងតម្រង់ទិសការយកចំណេះដឹងទៅអនុវត្តជាដើម។ល។
ដោយឡែកសម្រាប់លក្ខណៈក្នុងផ្លូវព្រះពុទ្ធសាសនាលក្ខណៈជាអ្នកដឹកនាំគេនិងជាប្រធានក្នុងផ្នែកណាមួយគឺបានរៀបរាប់ដូចខាងក្រោមនេះដែលមនុស្សជាទូទៅអាចស្វែងយល់ពីចំណុចជាសំខាន់ៗមានដូចជា៖
១.ទាន ចេះចែករំលែកលាភសក្ការៈកិត្តិយស កេរ្ត៍ឈ្មោះមុខមាត់ដល់អ្នកក្រោមបង្គាប់។
២.សីល មានសីលធម៌ គុណធម៌ចេះស្រលាញ់រាប់អានមិនលើកតម្កើងខ្លួនហួសហេតុ។
៣.នេក្ខម្មៈ មិនល្មោភដោយតណ្ហាចំពោះស្រី។
៤.បញ្ញា ឆ្លាតវាងវៃ ចេះលៃលកបែងចែកការងារបានយ៉ាងត្រឹមត្រូវនិងប្រកបដោយជោគជ័យ។
៥.វិរិយៈ ប្រឹងប្រែង ព្យាយាមជំនះគ្រប់ឧបសគ្គដោយមិនរាថយមិនចុះចាញ់ ខិតខំឱ្យអស់ពីលទ្ធភាព។
៦.ខន្តី អត់ធន់ ខាំមាត់សង្កត់ចិត្តទ្រាំទ្រការលំបាកគ្រប់បែបយ៉ាងរហូតបានសម្រេច។
៧.សច្ចៈ ទៀងត្រង់ ស្មោះស ទន់ភ្លន់មិនវៀចវេរបើសន្យាដូចម្តេចត្រូវធ្វើដូច្នោះ។
៨.អធិដ្ឋាន តាំងចិត្តមុតមាំ ប្រាកដប្រជាមិនឡេះឡោះធ្វើដោយយកចិត្តទុកដាក់តាមគំរោងផែនការជាក់លាក់។
៩.មេត្តា អាណិត ស្រឡាញ់ ជួយសង្រ្គោះយោគយល់ អត់ឱន អធ្យាស្រ័យ។
១០.ឧបេក្ខា តាំងចិត្តជាកណ្តាលមិនស្រឡាញ់អ្នកនេះស្អប់អ្នកនោះ។
បន្ថែមពីនោះនៅក្នុងផ្លូវលោក ការស្រាវជ្រាវជាច្រើនក៏បានបង្ហាញថាអ្នកដឹកនាំល្អក៏ត្រូវមានសម្បទាបីយ៉ាងគួរសម្គាល់គឺ៖
កាយសម្បទា
ត្រូវមានសុខភាពល្អ កម្លាំងមាំមួន ដែលអាចទ្រាំបាន និងបញ្ហាលំបាក ឬការងារលំបាកនានា។
ជាមនុស្សរហ័សរហួន មិនខ្ជិលច្រអូស។
ប្រាជ្ញាសម្បទា
មានសមត្ថភាពចំណេះដឹងទូទៅ និងជំនាញឯកទេស
មានបញ្ញាវាងវៃ និងមានបទពិសោធន៍ក្នុងការងារ
ចេះកំណត់គោលដៅ និងចេះធ្វើផែនការបានត្រឹមត្រូវ
មានភាពជាអ្នកដឹកនាំ
ចេះដោះស្រាយបញ្ហា
ជាមនុស្សក្លាហាន (ផ្លូវល្អ)
មានភាពម្ចាស់ការខ្លួនឯង មានឆន្ទៈមោះមុត ក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។
សីលសម្បទា
មានគុណធម៌ (មានព្រហ្មវិហារធម៌ និងទសពិធរាជធម៌)
ចិត្តល្អចេះជួយគ្នា
គិតប្រយោជន៍រួម
ប្រមើលមើលទៅអនាគតវែងឆ្ងាយ (ចក្ខុវិស័យ)
មិនប្រកាន់បក្សពួកនិយម មិនលំអៀង និងគោរពច្បាប់
មានសមត្ថភាព
យុត្តិធម៌
ទំនាក់ទំនងល្អ៕
ប្រភព៖មាគ៌ាជីវិតរៀបរៀងដោយភិក្ខុវជិរប្បញ្ញោគូសុភាព + Khsearch