១.គាត់មានទំនួលខុសត្រូវខ្ពស់ចំពោះរឿងគ្រប់យ៉ាង
ប្រសិនបើគាត់តែងតែដាក់ចិត្តបំពេញការងារនិងមានការតាំងចិត្តខ្ពស់ គាត់ចេះលៃពេលវេលាបានត្រឹមត្រូវ និងចាត់ចែងលុយកាក់បានល្អ នេះគឺជាសញ្ញាចាស់ទុំចិត្តគំនិតដែលស័ក្ដិសមសម្រាប់ត្រៀមខ្លួនធ្វើជាប៉ាគេម្នាក់ហើយ។ ចំណុចនេះសំខាន់ជាងគេ ព្រោះទំនួលខុសត្រូវតែងដើរនាំមុខគេសម្រាប់ឪពុកម្នាក់ចំពោះគ្រួសារ ជាពិសេសកូនៗរបស់គាត់ដែលនឹងចូលមកក្នុងជីវិតគាត់នៅពេលខាងមុខ។
២.គាត់ចេះបែងចែកថាពេលណាគួរយោគយល់និងពេលណាគួរដាក់ពិន័យ
ជាប៉ាល្អម្នាក់មិនមែនត្រូវតែដាក់ពិន័យឱ្យតឹងរ៉ឹងសម្រាប់គ្រួសាររហូតនោះទេ។ ប្រសិនបើដៃគូរបស់អ្នកបង្ហាញឱ្យឃើញថា គាត់ចេះយល់កាលៈទេសៈថា ពេលណាគួរបើកចិត្តស្ដាប់ហេតុផលយោគយល់ និងអនុគ្រោះចំពោះរឿងឬកំហុសដែលអ្នកបានបង្ក និងពេលណាដែលគួរនិយាយគ្នារឿងពិន័យ និងគោលការណ៍ឱ្យបានម៉ត់ចត់ បានន័យថា ពេលក្លាយជាប៉ាគេ គាត់ក៏នឹងដឹងអំពីវិធីក្នុងការអប់រំទូន្មានកូនឱ្យបានល្អដូចគ្នា។
៣.គាត់ចេះទប់ទល់អារម្មណ៍ស្ត្រេសបានល្អ
បុរសល្អម្នាក់គឺជាមនុស្សដែលចេះទប់ទល់ជាមួយអារម្មណ៍តានតឹងនិងស្ត្រេស ឆេវឆាវបានយ៉ាងល្អ មិនរាលដាលដល់មនុស្សជុំវិញខ្លួន។ ការធ្វើបែបនេះបានគាត់អាចនឹងដោះស្រាយជាមួយស្ត្រេសដែលនឹងកើតមានគ្រប់ជ្រុង មិនថាជាការងារ ប្រពន្ធ គ្រួសារ កូនតូចៗឬអ្វីៗផ្សេងដោយប្រើសម្បជញ្ញៈបានល្អ។
៤.គាត់ជាមនុស្សដែលការពារតែមិនមែនហួសហេតុ
សញ្ញាចុងក្រោយដែលបង្ហាញថា គាត់អាចនឹងធ្វើជាប៉ាដ៏ល្អម្នាក់សម្រាប់អនាគតកូនអ្នកគឺគាត់ជាមនុស្សដែលតែងតែការពារអ្នក និងមនុស្សជុំវិញខ្លួន តែមិនមែនហួសហេតុពេកឡើយ។ នេះបានន័យថា គាត់ដឹងថាពេលណាគួរបើកឱកាសឱ្យមនុស្សដែលគាត់ស្រលាញ់មានពេលវេលាផ្ទាល់ខ្លួន និងផ្ដល់ទំនុកចិត្តដល់អ្នកថា ពេលនៅក្បែរគាត់ ឬសូម្បីតែគិតដល់គាត់ អ្នកនឹងមានអារម្មណ៍សុវត្ថិភាព កក់ក្ដៅជានិច្ច។ គាត់ប្រៀបដូចជាម្លប់ និងជាបង្គោលដ៏រឹងមាំសម្រាប់អ្នក និងគ្រួសារ៕