មានមនុស្សច្រើនណាស់សព្វថ្ងៃនេះដែលចូលចិត្តនៅដល់យប់ជ្រៅធ្វើរឿងផ្សេងៗដូចជាលេងបណ្ដាញសង្គម ឬធ្វើការយប់ជ្រៅជាដើមរហូតក្លាយជាទម្លាប់ដែលមិនអាចគេងពីព្រលប់បាន។ ប៉ុន្តែការធ្វើបែបនេះយូរទៅវានឹងបង្កផលប៉ះពាល់ដល់សុខភាពខ្លាំងដែលអ្នកនឹកស្មានមិនដល់ដូចខាងក្រោម។
១.ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង
ការសិក្សាជាច្រើនបានបង្ហាញថា ស្ត្រីដែលចូលចិត្តនៅដល់យប់ជ្រៅញឹកញាប់ច្រើនមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់។ Hyperglycemia ដែលត្រូវបានគេស្គាល់ថាជាកម្រិតជាតិស្ករខ្ពស់ក្នុងឈាមនោះតែងតែបង្កផលប៉ះពាល់ដល់ស្ថានភាពសុខភាពរបស់មនុស្សដែលអាចបង្កអាការៈចាប់ពីតិចតួចដូចជាឈឺក្បាលប្រកាំង រហូតដល់អាការៈធ្ងន់ធ្ងរដូចជាជំងឺប៉ះពាល់ដល់ប្រព័ន្ធឈាមរត់ និងបេះដូង និងជំងឺខូចតម្រង់នោមជាដើម។
២.បង្កើតជាទម្លាប់អាក្រក់ក្នុងការញ៉ាំអាហារ
ការនៅដល់យប់ជ្រៅនឹងបង្កើតជាទម្លាប់មិនល្អដល់អ្នកក្នុងការញ៉ាំអាហារ ព្រោះពេលនៅយូរក្រពះត្រូវការធ្វើការដូចធម្មតាដែលនាំឱ្យអ្នកមានអារម្មណ៍ឃ្លាន ហើយត្រូវរកនេះរកនោះញ៉ាំចម្អែតក្រពះ។ ការញ៉ាំអាហារពេលយប់មិនមានពេលវេលាត្រឹមត្រូវបែបនេះនឹងនាំឱ្យអ្នកមានបញ្ហាសុខភាព រួមទាំងការឡើងទម្ងន់ផងដែរ។
៣.បង្កើតហានិភ័យនៃជំងឺបេះដូង
នៅពេលអ្នកក្លាយជាស៊ាំជាមួយការនៅដល់យប់ជ្រៅអរម៉ូនម្យ៉ាងឈ្មោះថា Cortisolនឹងត្រូវបញ្ចេញមកក្នុងរាងកាយ។ អរម៉ូននេះនឹងទៅបង្កើនសម្ពាធឈាមក្នុងរាងកាយឱ្យកាន់តែខ្ពស់ដែលអាចនាំឱ្យអ្នកត្រូវប្រឈមជាមួយជំងឺកាចសាហាវដូចជាជំងឺបេះដូង និងជំងឺលើសឈាមកាន់តែលឿន។
៤.អាចនាំឱ្យកើតជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន
ការសិក្សាថ្មីៗនេះបានរកឃើញថាអ្នកដែលគេងមិនលក់ញឹកញាប់ ឬចូលចិត្តនៅដល់យប់ជ្រៅទំនងជាអាចមានឱកាសកើតជំងឺបាក់ទឹកចិត្តច្រើន។ ក្រៅពីនេះពួកគេអាចប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ជាធម្មតា ពេលនរណាម្នាក់គេងមិនលក់ ឬអ្នកដែលមានអ្វីត្រូវគិតពេញខួរក្បាលអ្នកត្រូវការលេបថ្នាំងងុយគេងដែលថ្នាំទាំងនេះហើយដែលនាំឱ្យកម្រិតស្ត្រេសក្នុងខ្លួនអ្នកកាន់តែកើនឡើង។
៥.ស្បែកកាន់តែចាស់ជាងវ័យ
នៅពេលអ្នកចូលគេងក្រោយម៉ោង១០ ឬ១១យប់អំឡុងពេលនេះគឺជាពេលដែលស្បែកត្រូវការការជួសជុល។ ដូច្នេះហើយអ្នកអាចនឹងមានបញ្ហាស្បែកដូចជាស្បែកឡើងស្ងួត ប្រេះស្រកា ឬឡើងមុន ឆាប់ប្រតិកម្មជាដើម។ ការគេងបានត្រឹមត្រូវនិងគ្រប់គ្រាន់គឺជាការផ្ដល់សំណើមដល់ស្បែកឱ្យមានការលូតលាស់បានល្អ និងរក្សាសម្រស់ឱ្យស្រស់ស្អាត ទោះវ័យកាន់តែវិវត្តទៅមុខក៏ដោយ៕