មកដឹង គោលការណ៍សំខាន់ទី២ក្នុងច្បាប់ការងារកម្ពុជា

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សប្តាហ៍​មុន​ប្រិយមិត្ត​បាន​ស្វែង​យល់​ពី​អត្ថបទ​​ទី​១ ទាក់​ទង​នឹង​​​គោល​ការណ៍​ស្វ័យ​ភាព​នៃ​បុគ្គល​ឯកជនដែល​ជា​គោល​គំនិត​សំខាន់​មួយ​ក្នុង​ច្បាប់​​ការងារ​កម្ពុជា​។ នា​ថ្ងៃ​នេះ ក្រមា​ប៉ុស្ត៍ក៏​សូម​​លើក​នូវ​​គោល​ការណ៍​​សំខាន់​ទី​២សម្រាប់​ប្រិយមិត្ត​បាន​ស្វែង​យល់​ក្នុង​វិស័យ​ច្បាប់​ការងារ​​​បន្ថែម​ដែល​មាន​ខ្លឹម​សារ​ដូច​ខាង​ក្រោម​៖​

.គោល​ការណ៍​នៃ​ការ​អនុវត្ត​សិទ្ធិនិង​កាតព្វកិច្ច

​ក្រៅ​ពី​គោលការណ៍​ដែល​នាំ​ឱ្យ​មាន​ការ​​កែ​ប្រែ​លើ​គោល​ការណ៍​ស្វ័យ​ភាព​នៃ​បុគ្គ​ល​ឯក​ជន​ និង​គោល​ការណ៍​សេរីភាព​នៃ​កិច្ច​សន្យា​ខាង​លើ​នៅ​មាន​គោល​ការណ៍​ផ្សេង​ៗ​ទៀត​ដែល​មាន​ឥទ្ធិពល​លើ​ការ​បង្កើត​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ។គោល​ការណ៍​ទាំង​នេះ​គឺ​ជា​គោល​ការណ៍​ដែល​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ក្នុង​ពេល​ដែល​ភាគី​នៃ​កិច្ច​សន្យា​ការងារ​ប្រើ​ប្រាស់​សិទ្ធិ​និង​អនុវត្ត​កាតព្វកិច្ច​​របស់​ខ្លួន ​ហើយ​ដែល​គោល​ការណ៍​ទាំង​នោះនឹង​ត្រូវ​រៀប​រាប់​ដូច​ខាង​ក្រោម​៖

ទី​១ គោលការណ៍​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​សិទ្ធិ​ដោយ​បំពាន​គឺ​ជា​គោល​ការណ៍​​ដែល​កម្រិត​ព្រំ​ដែន​នៃ​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ភាគី​នៃ​កិច្ច​សន្យា​ការងារ​កុំ​ឱ្យ​បំពាន​ដោយ​មិន​ត្រឹម​ត្រូវ​ដល់​សិទ្ធិ​ និង​ផល​​ប្រយោជន៍​​របស់​ភាគី​ម្ខាង​ទៀត​។មាត្រា​៤ (​ការ​ហាម​ឃាត់​មិន​ឱ្យ​ប្រើ​ប្រាស់​សិទ្ធិ​ដោយ​បំពាន​)ក្រម​រដ្ឋ​ប្បវេណី​ចែង​ថា ទោះ​បី​ជា​សិទ្ធិ​ក៏​ដោយក៏​ពុំ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ដោយ​បំពាន​ឡើយ។ នៅ​ក្នុង​ករណី​ដែល​បាន​ប្រើ​ប្រាស់​ដោយ​បំពាន​ហួស​ពី​ទំហំ​នៃ​ការ​ការពារដែល​ត្រូវ​បាន​បញ្ញត្តិ​ទុកមិន​អាច​ស្គាល់​អនុភាព​នៃ​ការ​ប្រើ​ប្រាស់​សិទ្ធិ​នោះ​ឡើយ។

នៅ​ក្នុង​ទំនាក់​ទំនង​ការងារថ្វី​ត្បិត​តែ​និយោជក​មាន​សិទ្ធិ​ក្នុង​ការ​គ្រប់​គ្រង​និង​ដឹក​នាំ​កម្មករ​និយោជិត ឬ​សហគ្រាស​របស់​ខ្លួន​ក៏​ដោយក្នុង​ករណី​ដែល​ការ​ប្រើ​ប្រាស់​សិទ្ធិ​នោះ​ដោយ​មិន​ត្រឹម​ត្រូវ​ ហើយ​ខ្វះ​មូល​ហេតុ​សមរម្យ​នោះគឺ​ជា​ការ​បំពាន​លើ​សិទ្ធិ​ដែល​ច្បាប់​ហាម​ឃាត់​។ ឧទាហរណ៍​​ ការ​ផ្លាស់​ប្តូរ​វេន​ការងារ​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល ​និង​ការ​ប្រើ​កម្មករ​និយោជិត​ខុស​ពី​ជំនាញគឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​ដោយ​បំពាន​របស់​និយោជកប្រសិន​បើ​និយោជក​ពុំ​មាន​ហេតុ​ផល​សម​ស្រប និង​បាន​អនុវត្ត​សិទ្ធិ​នេះ​ដោយ​ត្រឹម​ត្រូវ​​ទេ​នោះ​។


ម្យ៉ាង​ទៀត​ពាក់​ព័ន្ធ​នឹង​គោល​ការណ៍​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​សិទ្ធិ​ដោយ​បំពាន​​នេះ​ផង​ដែរនៅ​ក្នុង​ទំនាក់​ទំនង​ការងារថ្វី​ត្បិត​តែ​ភាគី​មាន​សិទ្ធិ​ក្នុងការ​ជ្រើស​រើស​ប្រភេទ​កិច្ច​សន្យា ​ប៉ុន្តែ​ត្រូវ​ប្រើ​កិច្ចសន្យា​នេះឱ្យ​សម​ស្រប​នឹង​ទំនាក់​ទំនង​ការងារ​របស់​ខ្លួន​។ ពោល​គឺ​កិច្ច​សន្យា​ការងារ​ដែល​មាន​ថិរវេលា​កំណត់ត្រូវ​ប្រើ​សម្រាប់​ទំនាក់​ទំនង​ការងារ​ដែល​មាន​រយៈ​ពេល​ខ្លីចំណែក​ឯ​កិច្ច​សន្យា​ការងារ​ដែល​មាន​ថិរវេលា​មិន​កំណត់​ត្រូវ​ប្រើ​សម្រាប់​ទំនាក់​ទំនង​ការងារ​ដែល​មាន​រយៈ​ពេល​យូរ​អង្វែង​។ ដើម្បី​ជៀស​វៀង​នូវ​ការ​ប្រើ​ប្រាស់​​សិទ្ធិ​ដោយ​បំពាន​​ដោយ​ភាគី​និយោជក​ក្នុង​ការ​ប្រើ​ប្រាស់​កិច្ច​សន្យា​​ការងារ​មាន​ថិរវេលា​​កំណត់​សម្រាប់​ទំនាក់​ទំនង​ការងារ​ដែល​មាន​ថិរវេលា​វែងច្បាប់​ស្តី​ពី​ការងារ​បាន​បង្កើត​យន្ត​ការ​ដែល​បំលែង​កិច្ច​សន្យា​ការងារ​ដែ​ល​មាន​ថិរវេលា​​មាន​ថិរវេលា​កំណត់ទៅ​ជា​កិច្ច​សន្យា​ការងារ ​ដែល​មាន​ថិរវេលា​មិន​កំណត់​វិញប្រសិន​​បើ​ទំនាក់​ទំនង​ការងារ​មាន​រយៈ​ពេល​សរុប​លើស​ពី​រយៈ​ពេល​​អតិបរមា​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ការងារ​។ ឧទាហរណ៍​​មាត្រា​៦៧ ​(២) ច្បាប់​ស្តី​ពី​ការងារចែង​ថា​កិច្ច​សន្យា​ការងារ​ដែល​ធ្វើ​ឡើង​ដោយ​ការ​ព្រម​ព្រៀង​គ្នា​ដោយ​មាន​ថិរវេលា​ពិត​ប្រាកដ​មិន​អាច​មាន​រយៈ​​ពេល​លើស​ពី​២​ឆ្នាំ​បាន​ឡើយ​។ កិច្ច​សន្យា​នេះ​អាច​បន្ត​សារ​ជា​ថ្មី​ម្តងឬ​ច្រើន​ដង​បានដរាប​​ណា​​ការ​បន្ត​សារ​ជា​ថ្មី​នោះ​មាន​ថិរវេលា​អិតបរមា​មិន​លើស​ពី​២​ឆ្នាំ។ ការ​អនុវត្ត​ផ្ទុយ​នឹង​វិធាន​ខាង​ដើម​នាំ​ឱ្យ​កិច្ច​សន្យា​ការងារ​នោះ​ក្លាយ​ជា​កិច្ច​ស្យា​ដែល​គ្មាន​កំណត់​ថិរវេលា​ពិត​ប្រាកដ។

ទី២ គឺ​គោល​ការណ៍​នៃ​ភាព​សុច​រិតនិង​ភាព​ស្មោះ​​ត្រង់​ដែល​មាន​ឥទ្ធិពល​ដល់​ការ​ប្រើ​ប្រាស់​សិទ្ធិ​និង​អនុវត្ត​កាតព្វកិច្ច​​នៅ​ក្នុង​កិច្ច​សន្យា​ការងារ ឬ​ទំនាក់​ទំនង​ការងារ​។គោល​ការណ៍​នៃ​ភាព​សុច​រិតនិង​ស្មោះ​ត្រង់​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ក្រម​រដ្ឋ​ប្ប​វេណី​។ មាត្រា៥​ នៃ​ក្រម​រដ្ឋ​ប្បវេណី​ចែង​ថាការ​ប្រើ​ប្រាស់​សិទ្ធិ​និង​ការ​អនុវត្ត​​ករណី​យ​កិច្ច​​ត្រូវ​ធ្វើ​ឡើង​ដោយ​សុចរិត​ផ្អែក​តាម​ភាព​ស្មោះ​ត្រង់​។ ផ្អែក​​លើ​គោល​ការណ៍​នៃ​ភាព​សុច​រិតនិង​ស្មោះ​ត្រង់​នេះមាត្រា​៦៦៦​ នៃ​ក្រម​រដ្ឋ​ប្បវេណី​ចែង​ថានិយោជក​​មាន​ករណីយ​កិច្ច​​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រក្សា​រូប​កាយសុខ​ភាព​ជា​អាទ៍​របស់​កម្ម​ករ​និយោជិតពី​គ្រោះ​ថ្នាក់​​នៅ​ទី​កន្លែង​ដែល​កម្មករ​និយោជិត​ត្រូវ​ធ្វើ​ពល​កម្មសិល្បៈ​ការ្យ នៅ​ក្នុង​ការ​ធ្វើ​ឧបករណ៍​។ លើស​ពី​នេះ​ មាត្រា​​៦៦៧នៃ​ក្រម​រដ្ឋ​ប្បវេណី​ចែង​ថា​បើ​​គ្មាន​ការ​យល់​ព្រម​ពី​កម្ម​ករ​​និយោជិត​ទេនិយោជក​ពុំ​អាច​ធ្វើ​អនុប្ប​ទាន​សិទ្ធិ​​នោះ​ទៅ​ឱ្យ​តតិយជន​បាន​ឡើយ។ បើ​គ្មាន​ការ​យល់​ព្រម​ពី​និយោជក​ទេកម្ម​ករ​និយោជិត​ពុំ​អាច​​ឱ្យ​តតិយ​ជន​​ធ្វើ​​ពល​កម្ម​ជំនួស​ខ្លួន​បាន​ឡើយ។​

ទន្ទឹម​​នឹង​បញ្ញត្តិ​ខាង​លើ​នៃ​ក្រម​រដ្ឋ​ប្ប​វេណីដែល​ត្រូវ​បាន​បញ្ញត្តិ​ឡើង​​ផ្អែក​​តាម​គោល​ការណ៍​នៃ​សុចរិត និង​ស្មោះ​ត្រង់​ច្បាប់​ស្តី​ពី​ការងារត្រង់​មាត្រា​៦៩ចែង​ថា​​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សន្យាកម្មករ​និយោជិត​ត្រូវ​បញ្ចេញ​គ្រប់​សកម្មភាព​វិជ្ជា​ជីវៈ​របស់​ខ្លួន​​ដល់​​សហគ្រាស។ ជា​អាទ៍កម្ម​ករ​និយោជិត​​ត្រូវ​ធ្វើ​ការ​ដែល​គេ​ជួល​ឱ្យ​ធ្វើហើយ​អនុវត្ត​ការ​នោះ​ដោយ​ខ្លួន​ឯងនិង​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ប៉ុន្តែ​ក្រៅ​ពី​ម៉ោង​ធ្វើ​​ការ​កម្មករ​និយោជិត​នោះ​អាច​ធ្វើ​​សកម្មភាព​ខាង​វិជ្ជា​ជីវៈ​ដែល​មិន​ប្រណាំង​ប្រជែង​នឹង​សហគ្រាស​ដែល​ខ្លួន​បម្រើ ឬ​ធ្វើ​ឱ្យ​ខូច​ដំណើរ​ការ​ដែល​បាន​ព្រម​ព្រៀង​គ្នាលើក​លែង​តែ​មាន​ការ​ព្រម​ព្រៀង​ផ្ទុយ​ពី​នេះ​។

ទី​៣ បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​ផ្អែក​លើ​គោល​ការណ៍​នៃ​​ការ​ធានា​នូវ​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​មុខ​របរ​​របស់​កម្មករ​និយោជិត​។ យោង​​មាត្រា​៣៦ នៃ​រដ្ឋ​ធម្មនុញ្ញ​ប្រជាពល​រដ្ឋ​​ខ្មែរ​ទាំង​ពីរ​ភេទមាន​សិទ្ធិ​ជ្រើស​រើស​មុខ​របរ​សម​ស្រប​តាម​សមត្ថភាព​របស់​ខ្លួនតាម​សេចក្តី​​ត្រូវ​ការ​របស់​សង្គម​។ ស្រប​នឹង​គោល​ការណ៍​​នេះមាត្រា​៧០ នៃ​ច្បាប់​ស្តី​ពី​ការងារ​កំណត់​ថាត្រូវ​ចាត់​ជា​មោឃៈ​ដោយ​ពេញ​ច្បាប់នូវ​ខ​ណា​មួយ​នៃ​កិច្ច​សន្យា​ដែល​ហាម​ឃាត់​កម្ម​ករ​និយោជិត​មិន​ឱ្យ​ធ្វើ​សកម្មភាព​អ្វី​មួយបន្ទាប់​ពី​កិច្ច​សន្យា​បាន​ផុត​រលត់​។ បន្ថែម​ពី​​នេះ​ទៀត​​មាត្រា​១៥នៃ​ច្បាប់​ស្តី​ពី​ការងារបាន​ចែង​ថា​ការងារ​ដោយ​បង្ខំ ​ឬ​ជា​កាតព្វកិច្ច​ត្រូវ​ហាម​ឃាត់​ជា​ដាច់​ខាតដោយ​អនុលោម​តាម​អនុសញ្ញា​លេខ​២៩ ស្តី​ពី​ការងារ​ដោយ​បង្ខំ ​ឬ​ជា​កាតព្វកិច្ច​​អនុម័ត​​នៅ​ថ្ងៃ​ទី​២៨ខែ​មិថុនា ឆ្នាំ​១៩៣០​ដោយ​អង្គការ​ការងារ​អន្តរជាតិ​ហើយ​ព្រះ​រាជាណាច​ក្រ​កម្ពុជា​បាន​ឱ្យ​សច្ចា​ប័ននៅ​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈឆ្នាំ​១៩៦៩​។

ទី​៤ គឺ​គោល​ការណ៍​ប្រាក់​ឈ្នួល​ស្មើ​គ្នា​ចំពោះ​ការងារ​ដូច​គ្នាដែល​ត្រូវ​បាន​យក​ជា​គោល​ក្នុង​ការ​តាក់​តែង​បទ​បញ្ញត្តិ​នៃ​ច្បាប់​ការងារ។ មាត្រា​៣៦ កថាខណ្ឌ​២នៃ​រដ្ឋ​ធម្មនុញ្ញ​​ចែង​ថា​ប្រជាពល​រដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ស្មើ​គ្នាចំពោះ​ការងារ​ដូច​គ្នា​។ ការងារ​មេ​ផ្ទះ មាន​តម្លៃ​ស្មើ​គ្នា​​នឹង​កម្រៃ​ដែល​បាន​មក​ពី​ការងារ​ធ្វើ​នៅ​ក្រៅ​ផ្ទះ​។ស្រប​នឹង​គោល​ការណ៍​នេះច្បាប់​ស្តី​ពី​ការងារ​មាត្រា​១០៦ដែល​ត្រូវ​បាន​និរាករណ៍​ដោយ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្ប​បរមាមាត្រា​៨ ចែង​ថាចំពោះ​ការងារ​ដែល​មាន​លក្ខខណ្ឌ​ស្មើ​គ្នាភាព​ប៉ិន​ប្រសប់​ខាង​វិជ្ជា​ជីវៈ និង​ផល​ដែល​ធ្វើ​បាន​ស្មើ​គ្នាប្រាក់​ឈ្នួល​ត្រូវ​ឱ្យ​ស្មើ​គ្នា​ដល់​កម្មករ​និយោជិត​ទាំង​អស់ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​នេះទោះ​បី​មាន​ដើម​កំណើត ភេទ ​ឬ​អាយុ​យ៉ាង​ណា​ក៏​ដោយ។

ទី​៥ គោល​ការណ៍​​នៃ​ការ​ធានា​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត។ រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាត្រា​៣២ចែង​ថា​ជន​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត។ មាត្រា​នេះ​បញ្ជាក់​ឡើង​​វិញ​ថាសិទ្ធិ​រស់​រាន​មាន​ជីវិត​​គឺ​ជា​សិទ្ធិ​ដែល​បាន​ធានា​និង​ទទួល​ស្គាល់​ដោយ​រដ្ឋ​ធម្មនុញ្ញ​។ ស្រប​នឹង​គោល​ការណ៍​​នៃ​រដ្ឋ​ធម្មនុញ្ញ​នេះបទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារក៏​មាន​គោល​ដៅ​​ធានា​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​កម្មករ​និយោជិត​។ ឧទាហរណ៍​​មាត្រា​ ១០៤​នៃ​ច្បាប់​ស្តី​ពី​​ការងារដែល​ត្រូវ​បាន​និរាករណ៍​​ដោយ​ច្បាប់​​ស្តី​ពី​ប្រាក់​ឈ្នួល​អប្ប​បរមាមាត្រា​៤ កំណត់​ថា​ប្រាក់​ឈ្នួល​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ឱ្យ​ស្មើ​នឹង​ប្រាក់​ឈ្នួល​អប្ប​បរមានិង​ត្រូវ​បាន​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ។ ​ផ្អែក​លើ​គោល​ការណ៍​​នៃ​ការ​ធានា​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត​គោល​ការណ៍​​តុល្យភាព​រវាង​ការងារ និង​ជីវិត​ឯកជន​របស់​កម្មករ​និយោជិត​ក៏​ត្រូវ​បាន​បង្កើត​​ឡើង​។ ដើម្បី​សម្រេច​នូវ​គោល​ការណ៍​នេះមាត្រា​១៣៧ នៃ​ច្បាប់​​ស្តី​ពី​ការងារ​កំណត់​ថិរវេលា​​អតិ​បរមា​ធ្វើ​ការ​ពេញ​លេញ​នៃ​កម្មករ​និយោជិត​ទាំង​ពីរ​ភេទ​មិន​ត្រូវ​​ឱ្យ​លើស​ពី​៨ម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ​៤៨​​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។ មាត្រា​៧៤​នៃ​ច្បាប់​ដដែល​តម្រូវ​ឱ្យ​​និយោជក​មាន​ហេតុផល​សមរម្យ​នៅ​ពេល​បញ្ឈប់​កម្មករ​និយោជិត​របស់​ខ្លួន​ពី​ការងារ។ នៅ​មាន​បទ​ប្បញ្ញត្តិ​ផ្សេង​ៗ​ទៀតដែល​បាន​តាក់​តែង​ឡើង​ក្នុង​គោល​ដៅ​សម្រេច​ឱ្យ​បាន​នូវ​ការ​ធានា​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​កម្មករ​និយោជិត។

សម្រាប់​គោល​ការណ៍​សំខាន់​ៗ​ទាំង​នេះគឺ​មាន​ឥទ្ធិពល​ដល់​ការ​បង្កើត​កិច្ច​សន្យា ​និង​ការ​អនុវត្ត​កិច្ចសន្យា ឬ​ទំនាក់​ទំនង​ការងារដែល​ការ​យល់​ដឹង​អំពី​គោល​ការណ៍​​នេះ​មាន​សារ​សំខាន់​ដល់​អ្នក​សិក្សា​ក្នុង​ការ​ស្វែង​យល់​ការ​បក​ស្រាយនិង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ​៕

ប្រភព​៖គោល​ការណ៍​​ទូ​ទៅ​​នៃ​ច្បាប់​ការងារ​ដោយ​ បណ្ឌិត ណុប កញ្ញា​រិទ្ធិ