នៅក្នុងដំណាក់កាលដែលពិភពលោកប្រឈមនឹងបញ្ហារាតត្បាតនៃជំងឺអាសន្នរោគនេះ អាជីវកម្មជាច្រើនបានផ្លាស់ប្តូររូបរាង ខណៈអាជីវកម្មខ្លះត្រូវបាត់បង់។
ជាធម្មតា ក្នុងដំណាក់កាលប្រែប្រួល ពិភពជំនួញចាំបាច់ក៏ទទួលភាពប្រែប្រួលដែរ គ្រាន់តែចរន្តនៃការផ្លាស់ប្តូរខ្លះបង្កើតជាភាពវិជ្ជមាននិងការចរន្តខ្លះបង្កើតជាភាពអវិជ្ជមានតែប៉ុណ្ណោះ។ នៅថ្ងៃនេះ ក្រមា ប៉ុស្តិ៍ សូមបង្ហាញអាជីវកម្មមួយចំនួន ដែលនឹងប្រែប្រួលទៅជាភាពវិជ្ជមានក្រោយវិបត្តិសកលលោកនាពេលនេះរលត់ផុតទៅ។
១. ការអប់រំតាមអនឡាញ
នៅក្នុងពេលជំងឺ កូវីដរាតត្បាតពិភពលោក សាលាស្ទើរតែទាំងអស់លើពិភពលោកបានបិទទ្វា ដែលធ្វើឱ្យសិស្សទាំងអស់ត្រូវសិក្សាតាមរយៈអនឡាញ។ ចរន្តនេះពីមុនមកមិនសូវពេញនិយមនោះទេ ទាំងសម្រាប់ប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ តែឆ្លងកាត់ដំណាក់កាលលំបាកនេះ មនុស្សជាច្រើនបានស្គាល់រសជាតិនិងមើលឃើញពីតម្លៃសំខាន់របស់វា។
ហេតុនេះ ការសិក្សាតាមរយៈបច្ចេកវិទ្យា នឹងលែងជារឿងស្រមើស្រមៃ ឆ្ងាយពីការគិតតទៅទៀតហើយ តែវាជារឿងដែលនៅជិតបង្កើយ និងធម្មតាដូចជាការរៀនក្នុងថ្នាក់ដូច្នោះដែរ។ ស្ថានភាពបែបនេះអាចនឹងអំណោយផលល្អសម្រាប់អ្នកដែលមានបំណងចង់បង្កើតកម្មវិធីអប់រំតាមរយៈអនឡាញ។
២. សេវាហិរញ្ញវត្ថុ
ការប្រើប្រាស់ក្រដាសប្រាក់ក្លាយជាការព្រួយបារម្មណ៍មួយនៃការនាំជម្ងឺឆ្លង ដែលនេះបានផ្ដល់ឱកាសដល់អាជីវកម្ម សេវាហិរញ្ញវត្ថុ ធនាគារ ផ្ដើមវិវត្តិខ្លួនយ៉ាងឆាប់រហ័សដោយងាកមករកបច្ចេកវិទ្យា ដើម្បីទទួលបានការប្រើប្រាស់សេវារបស់ខ្លួន លើប្រព័ន្ធឌីជីថល ដែលដំបូងឡើយនៅមានសន្ទុះទាបបំផុតនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
តែវិបត្តិកូវីដនេះ បានឲ្យបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុនេះ ដូចជាការប្រើប្រាស់ App ក្លាយជាការពេញនិយម និងមានភាពជឿនលឿន ព្រមទាំងទទួលបានទំនុកចិត្តកាន់តែខ្ពស់។
៣. សេវាកម្មប្រឹក្សាសុខភាពផ្លូវចិត្ត
ក្នុងដំណាក់កាលនៃវិបត្តិជំងឺរាតត្បាតនេះ ការធ្វើពាណិជ្ជកម្ម វិស័យការងារ និងការរស់នៅរបស់មនុស្សគ្រប់គ្នាជួបប្រទះនឹងបញ្ហាជាច្រើន ដែលវាជាកត្តាសំខាន់មួយជំរុញឱ្យមនុស្សគ្រប់គ្នាជួបនឹងបញ្ហាផ្លូវចិត្ត។ ហេតុនេះហើយទើប មនុស្សជាច្រើននាក់ ហាក់កំពុងត្រូវការសេវាផ្លូវចិត្ត ដើម្បីជំរុញឱ្យជីវិតរបស់គេបានកាន់តែប្រសើរឡើងក្នុងដំណាក់កាលលំបាកនេះ។
នៅបណ្តាប្រទេសមួយចំនួន សេវាកម្មប្រឹក្សាផ្នែកសុខភាពផ្លូវចិត្ត (counseling) ហាក់កំពុងទទួលបានការគាំទ្រច្រើននៅដំណាក់កាលនេះ ព្រោះមនុស្សចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិត និងទស្សនយល់ឃើញលើសេវាមួយនេះ។ កាលពីមុនមនុស្សគ្រប់គ្នាយល់ថា អ្នកដែលទៅរកសេវាប្រឹក្សាផ្លូវចិត្ត គឺជាមនុស្សមានរោគផ្លូវចិត្តឬជាអ្នកមានបញ្ហាវិកលចរិតជាដើម តែក្រោយពេលវិបត្តិជំងឺរាតត្បាតកូវីដ១៩ចាប់ផ្តើមកើតឡើង មនុស្សគ្រប់គ្នាចាប់ផ្តើមយល់ថាបញ្ហាផ្លូវចិត្តអាចកើតមានចំពោះមនុស្សគ្រប់គ្នា។ ហេតុនេះក្រោយពេលជំងឺកូវីដ១៩ រលាយបាត់ពីពិភពលោកទៅ សេវាកម្មមួយនេះនឹងនៅតែរក្សាតម្លៃរបស់វាដដែល៕