អង្គការសេដ្ឋកិច្ចពិភពលោកថាគ្រឿងយន្តស្វ័យប្រវត្តិទាញការងារពីមនុស្ស តែអាចបង្កើតការងារថ្មីច្រើនជាងមុន

អង្គការសេដ្ឋកិច្ចពិភពលោកថាគ្រឿងយន្តស្វ័យប្រវត្តិទាញការងារពីមនុស្ស តែអាចបង្កើតការងារថ្មីច្រើនជាងមុន

ក្នុងសម័យឌីជីថលនេះបច្ចេកវិទ្យាបានដើរទន្ទឹមគ្នាជាមួយនឹងការរស់នៅរបស់មនុស្ស។ទន្ទឹមនឹងមនុស្សកើតរាល់ថ្ងៃ ដែលជំរុញឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់ការរស់នៅគ្រឿងយន្តស្វ័យប្រវត្តិ (robot) ក៏ត្រូវបានគេបង្កើតឡើងឱ្យកាន់តែច្រើនដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នោះ។

ទោះជាយ៉ាងនេះក្តីបណ្តាប្រជាជនក្នុងប្រទេសជាច្រើនលើពិភពលោកហាក់កំពុងព្រួយបារម្ភពីភាពឆ្លាតវៃខ្លាំងរបស់មនុស្សយន្តនាពេលបច្ចុប្បន្នថាវាអាចនឹង​​ដណ្តើមការងារ​របស់មនុស្ស។ កត្តានេះត្រូវបានគេដាក់ក្តីបារម្ភថាវាអាចនឹងធ្វើឱ្យមនុស្សជាច្រើនលាននាក់បាត់បង់ការងារ។

ឆ្លើយតបជាមួយនឹងបញ្ហានេះអង្គការសេដ្ឋកិច្ចពិភពលោក (WEF-World Economy Forum) បានបញ្ជាក់ថានៅឆ្នាំ២០២៥គ្រឿងយន្តស្វ័យប្រវត្តិអាចនឹងមានកម្លាំងស្មើនឹងកម្លាំងពលកម្មមនុស្សលើពិភពលោក។ហេតុនេះ ការងារជាច្រើនអាចនឹងបាត់បង់តែវាមិនធ្វើឱ្យមនុស្សជួបការលំបាកដោយសារតែការបាត់បង់ការងារទាំងអស់នោះទេព្រោះវាក៏បានបង្កើតការងារថ្មីបន្ថែមមកវិញផងដែរដល់មនុស្ស។

ស្ថាប័នខាងលើបានបញ្ជាក់ថា 43 ភាគរយនៃនិយោជកមើលឃើញថាការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីនឹងអាចធ្វើឱ្យកម្លាំងធ្វើការរបស់គេថមថយស្របពេលដែល 34 ភាគរយទៀត និយាយថាពួកគេបានត្រៀមផែនការរើសបុគ្គលិកបន្ថែមដោយសារមូលហេតុដូចគ្នា។ទោះជាយ៉ាងនេះក្តី ក្នុងនោះដល់ទៅ 83 ភាគរយសង្ឃឹមថានឹងអាចដំណើរការការងារកាន់តែលឿនដោយសារបច្ចេកវិទ្យាស្វ័យប្រវត្តិដែលក្នុងនោះបុគ្គលិកជិតពាក់កណ្តាលរបស់ខ្លួននឹងធ្វើការពីផ្ទះជំនួសវិញ។

អង្គការវេទិកាសេដ្ឋកិច្ចពិភលោកបានបញ្ជាក់ថាស្របពេលដែលការងាររបស់មនុស្សប្រមាណជា ៨៦ លាននាក់នៅឆ្នាំ២០២៥ត្រូវបានជំនួសដោយគ្រឿងយន្តស្វ័យប្រវត្តិ ការងារប្រមាណ៩៧លានកន្លែងផ្សេងទៀតនឹងត្រូវបានបង្កើតឡើងដោយសារតែការប្រើប្រាស់គ្រឿងយន្តទាំងអស់នោះដើម្បីដោះស្រាយបញ្ហាមនុស្ស៕