សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
គោលការណ៍ ឬគោលគំនិតសំខាន់ៗអំពីច្បាប់ការងារគឺជាផ្នែកមួយដែលអ្នកមានទំនាក់ទំនងការងារមិនថាជាបុគ្គលិកក្រុមហ៊ុនស្ថាប័នអង្គការ ឬអង្គភាពពាណិជ្ជកម្មផ្សេងៗក៏អាចស្វែងយល់ជាជំនួយស្មារតីនៅក្នុងទំនាក់ទំនងការងារ។ តាមរយៈគោលការណ៍ធំៗពីរនៃច្បាប់ការងារលើកឡើងដោយ បណ្ឌិត ណុប កញ្ញារិទ្ធិ បានបង្ហាញសម្រាប់ប្រិយមិត្តអាចស្វែងយល់។ ហើយថ្ងៃនេះ ក្រមាប៉ុស្ត៍សូមលើកឡើងនូវគោលការណ៍សំខាន់ទី១ ដូចខាងក្រោមនេះ៖
១.គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន
គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន គឺជាគោលការណ៍មួយក្នុងចំណោមគោលការណ៍គ្រឹះផ្សេងទៀតដែលគ្រប់គ្រងទំនាក់ទំនងនៃបុគ្គលឯកជន ហើយត្រូវបានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣ នៃក្រមរដ្ឋប្បវេណីចែងថា៖"ក្រមនេះគោរពនូវសេរីភាពខាងឆន្ទៈរបស់បុគ្គលនិងបញ្ញាត្តិអំពីទំនាក់ទំនងគតិយុត្តប្រកបដោយសមភាពរវាងបុគ្គលឯកជនដោយរួមបញ្ចូលទាំងនីតិបុគ្គល។"
គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជននេះ នៅពេលអនុវត្តចំពោះសកម្មភាពនៃកិច្ចសន្យាវាបានបង្កើតជាគោលការណ៍សេរីភាពនៃកិច្ចសន្យា ហើយគោលការណ៍សេរីភាពនៃកិច្ចសន្យានេះផងដែរក៏បានក្លាយជាគោលការណ៍គ្រឹះនៃកិច្ចសន្យា។ ជាក់ស្តែង មាត្រា៣១១បានកំណត់និយមន័យពិសេសនៃកិច្ចសន្យាការងារដោយផ្អែកលើគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជននេះ។
មាត្រា៣១១ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា៖ "កិច្ចសន្យា គឺជាកិរិយាដែលបុគ្គលពីរនាក់ឬច្រើននាក់មានឆន្ទៈត្រូវគ្នាព្រមព្រៀងបង្កើតកែប្រែ ឬរំលត់នូវកាតព្វកិច្ច។"
ដោយឡែក មាត្រា៦៦៤ នៃក្រមដដែលក៏ចែងផងដែរថា៖ កិច្ចសន្យាការងារត្រូវបានបង្កើតឡើងដោយការសន្យារបស់ភាគីម្ខាងថា ធ្វើពលកម្មឱ្យភាគីម្ខាងទៀតហើយភាគីម្ខាងទៀតសន្យាថាផ្តល់ប្រាក់ឈ្នួលទៅលើកិច្ចការពលកម្មនោះ ដែលបានសន្យាថាធ្វើពលកម្មហៅថាកម្មករនយោជិត ឯភាគីម្ខាងទៀតនោះហៅថានិយោជក។
មាត្រា៦៥ ច្បាប់ស្តីពីការងារ ចែងថា៖ កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតឱ្យមានទំនាក់ទំនងផ្នែកការងាររវាងកម្មករនយោជិតនិងនយោជក។ កិច្ចសន្យានេះ ត្រូវនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទម្រង់ដែលភាគីទាំងសងខាងព្រមព្រៀងគ្នា។
តាមរយៈការបង្ហាញអំពីក្រមរដ្ឋប្បវេណី និងច្បាប់ស្តីពីការងារដែលជាច្បាប់គោលទាំងពីរខាងលើនេះយើងពិនិត្យឃើញ និងអាចសន្និដ្ឋានជារួមថាអនុលោមតាមគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ក៏ដូចជាគោលការណ៍សេរីភាពនៃកិច្ចសន្យាទំនាក់ទំនងនៃបុគ្គលឯកជន កើតចេញពីការបង្ហាញឆន្ទៈដោយសេរីរបស់បុគ្គលឯកជននោះ។ ពោលគឺនៅក្នុងទំនាក់ទំនងនៃកិច្ចសន្យាការងារ បុគ្គលមានសេរីភាពមួយចំនួនដែលមានជាអាទ៍៖
ទី១ បុគ្គលមានសេរីភាពក្នុងការចុះ ឬមិនចុះកិច្ចសន្យាការងារ ពោលគឺច្បាប់មិនបានចាប់បង្ខំឱ្យបុគ្គលណាម្នាក់ត្រូវតែចុះកិច្ចសន្យាការងារឬបង្កើតកិច្ចសន្យាការងារនោះទេ។
ទី២ បុគ្គលមានសេរីភាពជ្រើសរើសភាគីនៃកិច្ចសន្យា ពោលគឺកម្មករនិយោជិតមានសេរីភាពក្នុងការចុះកិច្ចសន្យាការងារជាមួយនឹងសហគ្រាសដែលខ្លួនពេញចិត្តដូចគ្នានេះដែរនិយោជកក៏មានសេរីភាពក្នុងការជ្រើសរើសកម្មករនិយោជិតឱ្យចូលមកបំពេញការងារ ឬបម្រើការងារឱ្យសហគ្រាសរបស់ខ្លួនផងដែរ។
ទី៣ បុគ្គលមានសេរីភាពកំណត់ពីខ្លឹមសារនៃកិច្ចសន្យា ពោលគឺនិយោជកនិងកម្មករនិយោជិតមានសិទ្ធិកំណត់ខ្លឹមសារនៃការព្រមព្រៀងរបស់ខ្លួន ឬខ្លឹមសារនៃកិច្ចសន្យាការងារ ឬលក្ខខណ្ឌការងារនៅក្នុងកិច្ចសន្យាការងាររបស់ខ្លួននិង
ទី៤ បុគ្គលមានសេរីភាពកំណត់អំពីទម្រង់នៃកិច្ចសន្យារបស់ខ្លួន ពោលគឺកិច្ចសន្យាការងារអាចធ្វើក្នុងទម្រង់ជាលាយលក្ខណ៍អក្សរក៏បាន ឬដោយផ្ទាល់មាត់ក៏បានជាទម្រង់ឯកជនក៏បាន ឬជាលិខិតយថាភូតក៏បានអាស្រ័យលើការព្រមព្រៀងរបស់កម្មករនិយោជិត និងនិយោជក ដែលភាគីនៅក្នុងកិច្ចសន្យាការងារ៕