បើមានលុយតិច ហើយចង់ទិញដីថ្លៃ លោកស្រី ចេវ សុឃុន ណែនាំឲ្យប្រើវិធីសាស្រ្ដ១នេះ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការទិញដីធ្លីទុកលក់វិញក្នុងរយៈពេលកំណត់មួយ ជាវិធីសាស្រ្ដដែលផ្ដល់ផលចំនេញខ្ពស់ក្នុងចំណោមវិធីសាស្រ្ដជាច្រើនទៀត។ ជាក់ស្ដែង អ្នកជំនាញក៏ធ្លាប់បានលើកឡើងពីតម្លៃដីដែលមានភាពខុសគ្នាក្នុងចន្លោះពី ៥ទៅ៧ឆ្នាំ ពីខណ្ឌមួយទៅខណ្ឌមួយទៀត ឬពីក្រុងទៅតំបន់ជាយក្រុងដែលកំពុងប្រែក្លាយជា តំបន់នៃការវិយោគលើលំនៅដ្ឋានកម្រិតមធ្យម និងបណ្ដុំរោងចក្រច្រើនកុះករ។

សម្រាប់អ្នកដែលមានទុនស្ដួចស្ដើងតែងតែមានចម្ងល់ថា តើមានលទ្ធភាពឯណាទិញដីធំឬថ្លៃ ទុកដើម្បីចំនេញនោះ។ខាងក្រោមជាវិធីសាស្រ្ដល្អបំផុត ដែលលោកស្រី ចេវ សុឃុន អគ្គនាយិកា ក្រុមហ៊ុន KAT Appraisal Co,.Ltd បានផ្ដល់ជាគន្លឹះដែលផ្ដល់ងាយស្រួល បើលោកអ្នកជួបបញ្ហានេះ។

លោកស្រី ចេវ សុឃុន លើកឡើងថា៖ ប្រសិនបើលោកអ្នកមានលុយតិចវិធីសាស្រ្ដដែលគេនិយមប្រើនិងមានផលល្អប្រសើរបំផុតគឺ “ការទិញជាក្រុម”។ ការទិញជាក្រុម មានន័យថាអ្នកទិញត្រូវមានមិត្តភក្ដិឬអ្នកវិនិយោគផ្សេងៗទៀត ចូលទុនគ្នា ក្នុងទ្រង់ទ្រាយជាភាគហ៊ុនតាមទំហំទឹកប្រាក់ដែលមាន។

លោកស្រីលើកឧទាហរណ៍ថា៖ បើសិនជាដីនោះមានតម្លៃ១០ម៉ឺន ហើយអ្នកទិញមើលឃើញពីផលចំនេញនៅពេលខ្លីខាងមុខ ២ទៅ៣ឆ្នាំនោះគាត់អាចប្រមូលគ្នាម្នាក់ ១ម៉ឺន ទៅ២ម៉ឺន តាមលទ្ធភាពរបស់ក្រុមគាត់។ ហើយផលចំនេញ គឺបែងចែកទៅតាមទឹកប្រាក់ដែលបានដាក់វិនិយោគ។

បើតាមបទពិសោធន៍ផ្ទាល់មានករណីមួយចំនួនដែលក្រុមគាត់ មាននរណាម្នាក់មានតម្រូវការលុយប្រើប្រាស់បន្ទាន់មុនដីលក់ចេញ ឬការលក់មិនត្រូវតម្លៃគ្នាដែលស្មានមិនត្រូវ។

 “ក្រុមអ្នកទិញ ត្រូវតែជាមនុស្សដែលមានការទុកចិត្តគ្នា ស្គាល់គ្នាច្បាស់លាស់ហើយមានកិច្ចសន្យាត្រឹមត្រូវដែលមានកាលកំណត់ ចំនេញខាតជាដើមដើម្បីបញ្ជៀសលើភាពមិនច្បាស់លាស់។” នេះជាការលើកឡើងរបស់លោកស្រី ប្រធានក្រុមហ៊ុន KAT Appraisal Co,. Ltd ។

ក្រៅពីវិធីនេះ មានវិធីមួយចំនួនដែលគេប្រើ តាមស្ថានភាពរបស់អ្នកវិនិយោគ។អ្នកខ្លះគាត់ប្រើធនាគារ ដែលអាចផ្ដល់កម្ចីបានដល់៥០ភាគរយនៃតម្លៃដីតែអ្នកទិញត្រូវមានអាជីវកម្ម ឬការងារដែលមានលំហូរហិរញ្ញវត្ថុច្បាស់លាស់ដែលវិធីសាស្រ្ដនេះលោកស្រី មិនបានលើកជាជម្រើសនាំមុខគេនោះទេ បើសិនជាមានទុនតិច៕