និស្សិតខ្មែរម្នាក់ ទទួលបាន អាហារូបករណ៍ក្រៅប្រទេស ៤កន្លែង ជាប់គ្នា

«ប្រឹងប្រែង ដើម្បីអោយក្ដីសុបិន្ដរបស់យើងក្លាយជាការពិត កុំចុះចាញ់នឹងភាពបរាជ័យកាន់តែបរាជ័យ ភាពជោគជ័យកាន់តែ ខិតមកជិតយើង» នេះជាការលើកឡើង របស់យុវជន សម្បុរសណ្ដែកបាយមកពីខេត្ដព្រៃវែងម្នាក់ ឈ្មោះ ជុំវីរះ ដែលទទួលបាន អាហារូបករណ៍ក្រៅប្រទេស ៤កន្លែង ជាប់គ្នា និងសព្វថ្ងៃនេះ លោកកំពុងសិក្សា ផ្នែកបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Porto ក្នុងប្រទេសព័រទុយហ្គាល់។

មានអាយុ​២៧ឆ្នាំ និងជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ លោក ជុំ វីរៈ បានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ​ ២០០៧ តែដោយចិត្ដស្រលាញ់ការសិក្សា លោកបានបន្ដឧត្ដមសិក្សា នៅឯសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ។

លោក ជុំ វីរះ បាននិយាយថា ៖«ពេលដែលខ្ញុំមករៀនមហាវិទ្យាល័យនៅឯភ្នំពេញ អ្វីដែលលំបាកនោះគឺពិបាករកកន្លែងស្នាក់នៅតែម្ដង។ ខ្ញុំបានស្នាក់នៅកន្លែងដែលសាលាជួលអោយ សិស្សនិស្សិតស្នាក់នៅ ដោយមិនគិតថ្លៃប៉ុន្ដែបន្ទប់នោះ អោយតែដល់រដូវវស្សា គឺមានទឹកហូរចូលក្នុងបន្ទប់ បើយើងមិនបាចទឹកចេញទេគឺមិនបាច់គេងតែម្ដង។»

ក្នុងកំឡុងពេលដែលលោក ជុំ វីរះ សិក្សាថ្នាក់ឧត្តមសិក្សា លោកបានសិក្សាបណ្ដើរ ធ្វើការបណ្ដើរ ដោយសារតែជីវភាពគ្រួសារមិនសូវធូរធារប៉ុន្មាន។ ជាក់ស្ដែងលោកបានធ្វើជា គ្រូបង្រៀនភាសាអង់គ្លេស និងកុំព្យូ័រនៅសាលាឯកជនមួយ និងក្រោយមកទៀត ធ្វើជាអ្នកគ្រប់គ្រង ប្រព័ន្ធបច្ចេកវិទ្យា (IT Officer) ដែលក្នុងនោះលោកបានគ្រប់គ្រងបុគ្គលិកចំនួន ១២នាក់។ ក្រៅពីការងារទាំងនេះ លោកក៏បាន ធ្វើការងារស្ម័គ្រចិត្ដមួយចំនួនសំរាប់ជួយដល់សង្គមផងដែរ។

អាហារូបករណ៍ និងការសិក្សានៅ ព័រទុយហ្គាល់

ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យមិនយូរប៉ុន្មាន ជុំ វីរះ បានជាប់អាហារូបករណ៍៤កន្លែងជាប់គ្នាក្នុងពេលតែមួយ។ វីរះ បានរៀបរាប់ត្រួសៗអំពីអាហារូបករណ៍ទាំងនោះថា៖ ​អាហារូបករណ៍ទីមួយ គឺថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វករយន្ដហោះនៅប្រទេសរុស្ស៊ី ( Russia) ។ ទីពីរគឺថ្នាក់អនុបណ្ឌិតផ្នែកវិស្វករអគ្គិសនី នៅប្រទេសន័រវេស(Norway)។ ទីបីគឺថ្នាក់អនុបណ្ឌិត ផ្នែកបច្ចេកវិទ្យាទំនាក់ទំនងនៅប្រទេសរ៉ូម៉ានី(Romania) និងចុងក្រោយ គឺអាហារូបករណ៍ Erasmus Mundus របស់សហភាពអឺរ៉ុប ផ្នែកបច្ចេកវិទ្យា នៅឯប្រទេសព័រទុយហ្គាល់។ 

លោកបញ្ជាក់ពីការតាំងចិត្តថា៖« ខ្ញុំបានសន្យានឹងខ្លួនឯងថាត្រូវតែទៅសិក្សាបន្ដថ្នាក់ អនុបណ្ឌិតនៅឯបរទេសអោយបាន​ និងគិតថា បើបានសញ្ញាបត្រមកពីស្រុកគេគឺមានគេទទួលស្គាល់ច្រើន និងងាយរកការងារធ្វើ»។

នៅពេលដែលក្រមា ប៉ុស្ដិ៍ សាកសួរពីអាហារូបករណ៍មួយណា ដែលលោកជ្រើសរើស វីរះបានប្រាប់ទៀតថា៖« ខ្ញុំពិតជាពិបាក ក្នុងការសំរេចចិត្ដណាស់ថាគួរជ្រើសយកមួយណា ប៉ុន្ដែជាចុងក្រោយខ្ញុំក៏សំរេចចិត្ដជ្រើសយក អាហារូបករណ៍Erasmus Mundus របស់សភាពអ៊ឺរ៉ុប ព្រោះអាហារូបករណ៍នេះ មិនងាយជាប់ ហើយសាលាដែលខ្ញុំត្រូវរៀនគឹជាសាលាលំដាប់ទី២ ខាងផ្នែកបច្ចេកវិទ្យានៅអឺរ៉ុប»។

ចំពោះមុខវិទ្យាដែលវីរះសិក្សានៅព័រទុយហ្គាល់ គឺការបង្កើតបច្ចេកវិទ្យាថ្មីៗសម្រាប់មុខជំនួញហើយលោកនឹងបញ្ចប់ការសិក្សា នៅឆ្នាំ២០១៧ ខាងមុខនេះ។ ក្នុងនោះដែរ លោកវីរះបានប្រាប់ថា ការសិក្សានៅទីនោះមានខុសគ្នាឆ្ងាយណាស់ បើធៀបនឹងការសិក្សា នៅក្នុងប្រទេសកម្ពុជាយើង ដោយសិស្សទាំងអស់ តម្រូវអោយធ្វើកិច្ចការសាលានិងការងារជាក្រុម ច្រើនជាងរៀនជាមួយគ្រូ។ មានមុខវិទ្យាមួយចំនួនទៀត សិស្សត្រូវតែបង្កើតអ្វីដែលថ្មីជាស្នាដៃរបស់ខ្លួន ហើយធ្វើបទបង្ហាញទៅកាន់លោកគ្រូអ្នកគ្រូ ក៏ដូចជាមិត្ដរួមថ្នាក់និងរង់ចាំការផ្ដល់ជាមតិយោបល់ ឬដំបូន្មានពីសំណាក់គ្រូបង្រៀនផងដែរ។

ជាមួយគ្នានេះដែរវីរះ បានជួបផលលំបាកមួយចំនួននៅពេលដំបូង ដូចជា ពិបាកក្នុងការស្វែងរក ហាងលក់ទំនិញ និងទិញអ្វីដែលលោកចង់បានជាពិសេស លោកពិបាកផ្សំានឹងអាហារនៅទីនោះណាស់។

ជាចុងក្រោយវីរះបានផ្ដាំផ្ញើ ទៅមិត្ដសិស្សានុសិស្សទាំងអស់ ដែលចង់ទទួលបានអាហារូបករណ៍នៅបរទេសថា៖« ត្រូវដាក់គ្រប់ឯកសារទាំងអស់ដែលគេតម្រូវអោយមាន។ គួរចំណាយពេលស្វែងយល់ ពីអាហារូបករណ៍នីមួយៗ អោយបានច្បាស់ជាមុនសិនមុននឹងសម្រេចចិត្ដដាក់ និងត្រូវមានឯកសារដែលទាក់ទងនឹងការសិក្សា ក៏ដូចជាបទពិសោធន៍ការងារជាដើម។ជាចុងក្រោយ ត្រូវប្រឹងប្រែង ដើម្បីអោយក្ដីសុបិន្ដរបស់យើង អោយក្លាយជាការពិត កុំចុះចាញ់និងភាពបរាជ័យកាន់តែបរាជ័យ ភាពជោគជ័យកាន់តែខិតមកជិតយើង»៕​ ​