បច្ចេកវិទ្យារីកចម្រើន ក៏គួរប្រុងប្រយ័ត្នបទឆបោក ឬបន្លំផ្ទេរប្រាក់ធនាគារលើករណីទាំងនេះ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ប្រព័ន្ធ​បច្ចេក​វិទ្យា​​រីក​ចម្រើន​ឥត​ឈប់​ឈរ ជា​មួយ​គ្នា​នេះតាម​ការ​ស្រាវជ្រាវ​របស់​​នាយកដ្ឋាន​ព័ត៌មាន​វិទ្យានៃ​ក្រសួង​មហាផ្ទៃក៏​បាន​ក្រើន​រំលឹក ឱ្យ​សាធារណ​ជនប្រុង​ប្រយ័ត្ន​​នូវ​បទ​ល្មើស​ឆបោកឬ​បន្លំ​​ផ្ទេរ​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​។

ក្រុម​ការងារ​បច្ចេក​ទេស​​នៃ​ក្រសួង​​​បាន​លើក​យក​បទ​ល្មើស​បច្ចេក​វិទ្យាដែល​កំពុង​ផ្តោត​គោល​ដៅ​លើ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នៃ​​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា ​តួ​យ៉ាង​ដូច​ជា​ការ​ឆបោក​ផ្ទេរ​ប្រាក់​ដោយ​ប្រើ​ប្រាស់​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) ការ​វាយ​ប្រហារ​ចូល​ប្រព័ន្ធ​លួច​ផ្ទេរ​ប្រាក់(Banking System/Business LogicHacking) និង​ការ​កែ្លង​បន្លំ​ផ្សេង​ៗ​។

-ការ​ឆបោក​ផ្ទេរ​ប្រាក់​ដោយ​ប្រើ​​ប្រាស់​វិស្វកម្ម​​បណ្តាញ​សង្គម​(Social Engineering)៖ ឧក្រិដ្ឋ​ជន​ប្រើ​ប្រាស់​បច្ចេក​ទេស​ឆបោក​ផ្សេង​ៗ(ឧទាហរណ៍​៖ផ្សព្វ​ផ្សាយ​​កម្ម​វិធី​រង្វាន់​​ផ្សេង​ៗតាម​រយៈ​​សារ​អេឡិច​ត្រូនិក ឬ​សារ​ SMSផ្តល់​តំណ​ភ្ជាប់ ​Phishing ឬ​បន្លំ​ជា​បុគ្គលិក​​ធនាគារ​។ល។) ដើម្បី​លួង​លោម​ម្ចាស់​គណនី​ធនាគារផ្តល់​នូវ​លេខ​កូដ​សម្ងាត់លេខ​កូដ​ផ្ទេរ​ប្រាក់ ឬ​លេខ​កូដ​ផ្ទៀង​ផ្ទាត់​(OTP) ឬ​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ឧក្រិដ្ឋ​ជនក្នុង​ស្រុក​ ឬ​ក្រៅ​ប្រទេស​។

-ការ​វាយ​ប្រហារ​ចូល​ប្រព័ន្ធ​លួច​ផ្ទេរ​ប្រាក់ (Banking System/Business LoopholeHacking)៖ ឧក្រិដ្ឋ​ជន​បាន​ប្រើ​ប្រាស់​ចន្លោះ​​ខ្វះ​ខាត​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​(Internet/MobileBanking) កេង​បន្លំ​តួ​នាទី​កម្ម​វិធី​ប្រព័ន្ធ​​ធនាគារ​ឬ​លួច​​ចូល​ក្នុង​គណនី​អ៊ីម៉ែល​សម្ងំ​លួច​មើល​ការ​ឆ្លើយ​ឆ្លង​​ស្តី​ពី​ការ​ទូ​ទាត់​ប្រាក់និង​បោក​បញ្ឆោត​ជន​រង​គ្រោះ​ផ្ទេរ​ប្រាក់​។

-ក្រៅ​ពី​បទ​ល្មើស​ដូច​រៀប​រាប់​ខាង​លើក៏​នៅ​មាន​ករណី​ក្លែង​បន្លំ​ផ្សេង​ៗមួយ​ចំនួន​​ទៀតដែល​បាន​ប្រើ​ប្រាស់​ដោយ​ឧក្រិដ្ឋ​ជនតួ​យ៉ាង​៖ ការ​បញ្ឆោត​ផ្ទេរ​ប្រាក់តាម​រយៈ​ការ​ទិញ​ទំនិញ​អន​ឡាញការ​ឆបោក​ក្នុង​សកម្មភាព​វិនិយោគ​។ល។

សម្រាប់​ករណី​ខាង​លើនាយក​ដ្ឋាន​ព័ត៌មាន​វិទ្យា​​នៃ​ក្រសួង​​មហា​ផ្ទៃ​ក៏​បាន​ក្រើន​រំលឹក​ឱ្យ​សាធារណ​ជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ឆបោក​ទាំង​នោះហើយ​អនុវត្ត​វិធី​សាស្រ្ត​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ដូច​ជា​៖

-ពិចារណា​និង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​មុន​នឹង​ធ្វើ​ការ​ផ្ទេរ​ប្រាក់​ឱ្យ​​ជន​ណា​ម្នាក់​។

-សូម​ប្រើ​ប្រាស់​លេខ​សម្ងាត់​ការពារ​កម្មវិធី​ ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ពិបាក​ទស្សទាយ​។

-ត្រួត​ពិនិត្យ​តំណ​ភ្ជាប់(គេហទំព័រ)មុន​នឹង​វាយ​បញ្ចូល​ឬ​ផ្តល់​ព័ត៌មាន​​សម្ងាត់មាន​ដូច​​ជា​ លេខា​គណនីលេខ​អត្ត​សញ្ញាប័ណ្ណលិខិត​ឆ្លង​ដែន លេខ​សម្ងាត់​ឬ​លេខ​ OTP។ល។

-ជៀស​វាង​ការ​ផ្តល់​​នូវ​ព័ត៌មាន​ស្តី​ពី​ លេខ​សម្ងាត់​ លេខ​កូដ​ផ្ទេរ​ប្រាក់ឬ​លេខ​កូដ​ផ្ទៀង​​​ផ្ទាត់​(OTP) ឱ្យ​ជន​ណា​ម្នាក់​ទោះ​បី​​ពួក​គេ​អះ​អាង​ថា​ជា​បុគ្គលិក​ធនាគារ​ក៏​ដោយ​៕