សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
មកដល់ដំណាក់កាលក្លាយជាគូស្វាមីភរិយា រស់នៅជាមួយគ្នាជារៀងរហូតទៅគឺអាចលក្ខណៈប្លែកៗគ្នាទៅតាមនិស្ស័យដែលបានជួប ដូចជាគូខ្លះ ជួបគ្នាតាំងពីវ័យក្មេងថែរក្សាក្តីស្រលាញ់រហូតដល់អាពាហ៍ពិពាហ៍។ គូខ្លះទៀតចាប់ចិត្តស្រលាញ់នៅពេលបានជួបគ្នា ដូចធ្លាប់បានស្គាល់គ្នាពីមុនរួចរក្សាទំនាក់ទំនងរហូតចងចិត្តឈានដល់ពេលរៀបការ ហើយគូខ្លះទៀត ពីមិត្តភក្តិក្លាយជាគូសង្សាររហូតដល់រៀបការក៏មាន ឬមួយទៀតគូខ្លះ មិនដែលឃើញគ្នាស្គាល់គ្នាពីមុនសោះ ឪពុកម្តាយផ្សំផ្គុំឱ្យហើយក៏ព្រមស្រលាញ់ថែរក្សាគ្នារហូតចាស់ទៅ។សម្រាប់អត្ថន័យនៃគូជីវិតនេះតាមផ្លូវព្រះធម៌ នៃពុទ្ធសាសនា ក៏បានបង្ហាញនូវចំណុចមួយចំនួនមកបង្ហាញដូចខាងក្រោមនេះផងដែរ៖
១.ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាពីអតីត
គ្រាន់តែជួបគ្រាន់តែឃើញ ចាប់ចិត្តស្រលាញ់អាណិតភ្លាមហាក់ដូចធ្លាប់ស្គាល់ពីពេលណាមកព្រោះធ្លាប់មាននិស្ស័យជាមួយគ្នាធ្លាប់ធ្វើបុណ្យប្រាថ្នាចង់ជួបគ្នា។
ប្រុសខ្លះខ្មៅក្រញើស ស្រាប់តែបានប្រពន្ធស្អាតដូចទេពអប្សរមិនសមរូបគ្នាសោះ។ យើងគិតថាមិនសមបើនារីនោះស្រលាញ់មនុស្សប្រភេទនោះសោះតែវាជាគូព្រេងរបស់គេ។ អ្នកណាមកដណ្តឹង ក៏មិនយកពេលម្នាក់ហ្នឹងមកក៏ព្រម។
២.បានធ្វើអំពើជាប្រយោជន៍ដល់គ្នាក្នុងបច្ចុប្បន្ន
បានឃើញគ្នានិយាយរកគ្នា ជួយគ្នាមានទំនាក់ទំនងទៅវិញទៅមកយល់ចិត្តយល់ថ្លើមគ្នា។ មនុស្សដែលយើងស្រឡាញ់មិនប្រាកដថាជាគូព្រេងរបស់យើងទេ ខ្លះគ្រាន់តែបានស្រលាញ់គ្នាក្នុងបច្ចុប្បន្ននេះប៉ុណ្ណោះគ្មាននិស្ស័យពីអតីតក៏មិនបានគ្នាជាប្តីប្រពន្ធដែរ។
ខ្លះមាននិស្ស័យដែរតែនៅឆ្ងាយពីគ្នាពេកមិនដែលជួបគ្នា ឃើញគ្នាក៏គ្មានឱកាសបានគ្នាដែរ។
“គូព្រេងមិនព្រាត់"
**ប្តីប្រពន្ធគ្រប់ជាតិ
នៅក្នុងផ្លូវព្រះធម៌នៃពុទ្ធសាសនា ក៏បានបង្ហាញដែរថាកាលដែលប្រាថ្នាចង់ជួបគ្នាគ្រប់ៗជាតិក៏ត្រូវមានលក្ខណៈ៤យ៉ាង៖
១.មានសទ្ធាស្មើគ្នា
មានគំនិតដូចគ្នាចុះសម្រុងគ្នា និយាយស្តាប់គ្នាបានមានអធ្យាស្រ័យដូចគ្នាចេះធ្វើបុណ្យដូចគ្នា។
២.មានសីលធម៌ដូចគ្នា
មានអត្តចរិតឫកពា ស្លូតបូតដូចគ្នាធ្វើអំពើល្អ រក្សាសីលដូចគ្នា។
៣.ចេះចែកទានដូចគ្នា
ជួយញាតិទាំងសងខាងឱ្យបានដូចគ្នាមិនកំណាញ់ ឃើញគេក្រលំបាកចង់ជួយគេដូចគ្នា។
៤.មានបញ្ញាដូចគ្នា
មានចំណេះដឹងគំនិត បញ្ញា ស្មារតីស្មើគ្នាចេះគិតគូរពិចារណាវែងឆ្ងាយមុននឹងធ្វើអ្វីៗ។
មានអ្នកខ្លះចង់ជួបគ្នារហូតតែមានអ្នកខ្លះក៏ប្រាថ្នាមិនឱ្យជួបរហូតដែរព្រោះបានធ្វើបាបចិត្តគេខ្លាំង។ តែកំណើតសត្វវិលវល់អន្ទោល កើតចាស់ ឈឺ ស្លាប់មិនប្រាកដទេគ្រាន់តែយូរនឹងឆាប់ប៉ុណ្ណោះអាចជួបគ្នាវិញ ក៏ថាបាន៕
ប្រភព៖សៀវភៅយល់ដឹងអំពីជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយភិក្ខុវជិរប្បញ្ញោគូ សុភាព