អ្នកជំនាញផ្នែកធនធានមនុស្សខ្មែរ ឆ្លើយនឹងសំណួរ តើការ​ហ្វឹកហាត់​ការងារមុនពេលរៀនចប់ ចាំបាច់ឬទេ

នា​ពេល​បច្ចុប្បន្ន និស្សិតមហាវិទ្យាល័យ​មួយចំនួនធំ ​​កំ​ពុងមមាញឹក​ជាមួយ​នឹង ​ការស្វះ​ស្វែង​រក​កន្លែង​ហ្វឹកហាត់​ការងារ ​ដែល​ត្រូវ​នឹង​ជំនាញដែល​ខ្លួន​កំ​ពុង​សិក្សា ស្របពេល​ដែល​និស្សិត​មួយ​ចំ​នួន​ទៀត ​ពុំធ្លាប់បាន​គិត ​ពីបញ្ហា​​នេះ​សោះឡើយ។

​​តើការ​ហ្វឹកហាត់​ការងារ​(internship) កំឡុងពេល​សិក្សា​ ក្នុង​មហាវិទ្យាល័យ អាចផ្តល់ផល​វិជ្ជមាន​អ្វីខ្លះ?​ 

លោក ម៉ា​ ស៊ីថា ប្រធាន​នាយកដ្ឋាន​ ផ្នែកធនធាន​មនុស្សនៅផ្សារ​ទំនើប​សូរិយា បាន​អោយ​ដឹង​ថា​ “ការ​ហ្វឹកហាត់​ការងារ​នេះ​ អាច​ផ្តល់​អោយ​សិក្ខាកម្ម ​នូវ​ចំណេះ​ដឹង​ និង​ចំណេះធ្វើ​ ព្រោះ​ការ​សិក្សាអាច​អោយ​បាន​ត្រឹម​តែ​ទ្រឹស្តីប៉ុណ្ណោះ ដូច្នេះ​ នៅពេល​ដែល​គាត់ ​មក​អនុវត្ត​ផ្ទាល់​ គាត់​នឹង​រៀន​លើស​ពីអ្វី ដែលគាត់​បាន​រៀ​ន​នៅសាលា” ។ 

លោកបាន​បន្ថែមទៀត​ថា “ជាធម្មតា​ នៅតាម​ក្រុម​ហ៊ុន​នានា​ នៅ​ពេល​ដែល​គេ​ជ្រើស​រើស​បុគ្គលិក​គេ​តែង​តែ​ត្រូវ​ការ ​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធន៍ និង​មាន​ជំនាញ​ការងារ​ស្រាប់ ដូច្នេះ​សំ​រាប់​ពួ​កគា​ត់ ​ដែល​​ធ្លាប់​មាន​ប្រវត្តិ​ធ្វើការ​ងារ​នោះ​ នឹង​មា​ន​ឱកាស​ច្រើន​ ក្នុង​ការ​ទទួល​តំ​ណែង​នោះ។ ហើយវា​ជា​ការងាយ​ស្រួល​ផង​ដែរ ​ដែល​គេ​មិន​ចាំបាច់ ​បង្ហាត់​បង្រៀន​​​ជាមុន​ទៀតទេ។ ដូច្នេះ​តាម​ការ​សង្កេត​មើល​របស់​ខ្ញុំផ្ទាល់​ សំរាប់​អ្នក​ដែល​បាន​ប​ញ្ច​ប់​​​​​ហត្ថកម្ម ​​ហើយពេល​ទៅដាក់​ពាក្យធ្វើការ​កន្លែង​ផ្សេងគឺ​ជាប់”​។

និយាយ​ទាំង​ទឹកមុខ​ញញឹម កញ្ញា​ ហៀមចិត្រា ​ដែល​សព្វថ្ងៃជា​និស្សិតឆ្នាំទី៤ ​ខាង​ប្រព័ន្ធ​ផ្ស​ព្វផ្សាយ ​​​ហើយក៏ធ្លាប់ជាសិក្ខាកម្ម​នៅបុស្ដិ៍វិទ្យុបារាំង(RFI)​ និង​ ​​ផលិតកម្ម ហនុមាន​​ដែលនោះ​​ ​បាន​អោយ​ដឹងថា បន្ទាប់​ពីបញ្ចប់​ហត្ថកម្ម​​ហើយ កញ្ញា​បាន​ស្គាល់​ពី ខ្លួន​ឯងច្បាស់​ជាង​មុន ទាំង​អត្តចរិត ទាំង​ចំ​ណង់​ចំណូលចិត្ត។ ​

កញ្ញាបាន​ពន្យល់​ថា «ការស្គាល់​ពីខ្លួន​ឯង​នេះ ​មាន​ន័យ​ថា ការ​ស្វែង​យល់​ពី​អ្វី ដែលខ្លួន​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត ដោយ​ការ​សាកល្បង​ផ្ទាល់​​ និង ការ​សង្កេត​មើ​ល​ចិត្ត​មនុស្ស​ ដែល​ខ្លួន​ចូល​ចិត្ត​ធ្វើការ​ជាមួយ។ ធ្វើ​ដូច​នេះ​យើង​នឹង​អាច​បង្កើត​គោល​ដៅ មួយសំ​រាប់​ខ្លួន​នា​ថ្ងៃមុខ​ បានស្រួលនៅពេល​យើង​ចេញទៅ​ធ្វើការ​” ។​

កញ្ញា​ក៏បាន​បន្ថែម​ទៀតថា​ វា​ជា​ឱកាស​មួយ​ដែលយើងជានិស្សិត​ ​​អាចយក​អ្វីដែល​ខ្លួន​រៀន​ទៅសាកល្បងជាក់ស្តែង ក្នុង​កន្លែងធ្វើការណាមួយ ទន្ទឹម​នឹង​គ្នា​នោះ ​និស្សិតក៏អាច​យល់​ដឹង​ពី ពិភព​ការងារ​ខាង​ក្រៅកាន់​តែ​ច្រើន​ ដែល​ជា​វិធីសាស្រ្តមួយ ​សំរាប់​ពង្រឹង​សមត្ថភាព​​ខ្លួន​​ឯង។

ជាមួយ​គ្នា​នោះ​ផង​ដែរ អ្នកស្រី​ ហ៊ុន បូរមីដែល​ជា​ប្រធាន​ផ្នែក គោលនយោបាយ​និង​យុត្តនាការណ៍ ​ហើយ​ក៏ជាអ្នក​បង្ហាត់ ​អ្នក​សិក្ខាកម្ម អង្គការក្រៅរដ្ឋាភិបាល​ Action aid Cambodia ដែរ​នោះ​ បាន​អោយ​ដឹងថា “សំរាប់​អ្នក​ដែល​ធ្លាប់​មាន​បទពិសោធន៍ ទទួល​បាន​ការ​ហ្វឹក​ហាត់​ការងារ​ពី​មុន​មក ​អាចនឹង​មាន​អាទិភាព​​ច្រើន​ ក្នុង​ការ​ទទួល​បាន​ការងារ​ធ្វើ ​ពីព្រោះ​វា​អាច​បញ្ជាក់​បាន​ថា ​បុគ្គល​ម្នាក់​នោះ​ ធ្លាប់​ប្រើប្រាស់ពេលខ្លួន​ ដើម្បីទទួល​ការ​អភិវឌ្ឍន៍ ​បង្កើន​ចំណេះ​ដឹង​ផ្ទាល់​ខ្លួន ​​និង​ធ្លាប់ប្រឡូក នៅក្នុងការងារណាមួយ។ខ្ញុំផ្ទាល់​ជឿជាក់ថា​គាត់​បាន​ត្រៀម​ខ្លួន​ប្រសើរជាងមុន ក្នុងការដែល​គាត់​ក្លាយ​ជា ​បុគ្គលិក​នៅកន្លែង​ណាមួយ។

លោក សំរីណា ​ដែល​ធ្លាប់​ជាសិក្ខាកម្មនៅឯអង្គការ Development Innovation ​និង​បុស្ដិ៍វិទ្យុ Voice of America ដែលសព្វថ្ងៃលោកបានបញ្ចប់ការ​សិក្សា​ ថ្នាក់​​មហា​វិទ្យាល័យ​​​​​ ​ហើយ​នោះ និយាយ​ថា ការហ្វឹកហាត់​នេះ​ហើយ​ ដែល​អាច​អោយ​គាត់​ដឹង​​ការធ្វើការ ​មិ​ន​មែន​​​ងាយ​​ស្រួលដូច​ដែល​​​​ខ្លួន​គិត​នោះ​ទេ។មួយ​វិញ​ទៀត វាជាពេល​វេលា​មួយ ដែល​ខ្លួន​អាច​ដុះ​ខាត់​ជំនាញ ​ដែល​ខ្លួន​ចង់​ធ្វើ​នាពេល​អនាគត។ ​អ្វីដែល​ពិសេស​នោះ​គឹលោ​ក​បាន​រៀន សូត្រ​ច្រើន​ពី មិត្ត​រួម​ការងារ និង​ចាប់​ផ្តើមមាន​ភាព​ជឿជាក់ ​លើអ្វី​ដែល​ខ្លួន​បាន​ធ្វើផងដែរ។ 

លោកបន្ថែម​ទៀតថា វាពុំមាន​ផល​ប៉ះ​ពាល់អាក្រក់​អ្វីទៅ ធ្វើ​ការសិក្សា​នោះ​ទេ ពី​ព្រោះ​ការធ្វើ​ហត្ថកម្ម​ភាគច្រើន គឹធ្វើ​នៅក្នុង​រដូវ​វិស្សមកាល​នោះ​ទេ ។​

ទន្ទឹម​នឹង​នោះ លោក ស៊ីថា ក៏បាន​លើកទឹកចិត្ត ទៅ​កាន់​និស្សិត​ថា ​ «​និស្សិត​គួរ​ចាប់​ផ្តើម​ដាក់ពាក្យ​សំរាប់​ការ​ហ្វឹកហាត់​បណ្តើរៗ ស្រប​ពេល​ដែល​ខ្លួន​កំ​ពុង​តែសិក្សា ព្រោះ​ពួកគាត់ ​មិន​ត្រឹម​តែទទូល​បាន​ចំណេះដឹងលើការងារនោះ​ទេ ថែម​ទាំងទទួលបាន​ចំណេះ​ដឹង​បន្ថែម ​ទៅលើទ្រឹស្តីដែល​កំពុង​សិក្សាផងដែរ។ មួយ​វិញ​ទៀត ​វាអាច​ជួយ​ពង្រឹង​គុណភាព ​ទៅលើ​សមត្ថភាពខ្លួន​ផ្ទាល់​ និង​ធ្វើអោយ ​វា​មាន​តំ​លៃសំរាប់​ថ្ងៃមុខ។ និស្សិត​ក៏អាច​មាន​ឱកាស ​ទទួល​ប្រាក់​ខែ​បាន​ខ្ពស់​ផងដែរ ​ប្រសិន​បើ​ ចេះ​ពង្រឹង​តំលៃខ្លួន»៕