សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ច្បាប់អន្តរជាតិគឺជាបណ្តុំនៃវិធានដែលគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ រវាងរដ្ឋ និងអង្គការអន្តរជាតិក៏ដូចជាទំនាក់ទំនងរវាងអង្គការអន្តរជាតិ និងអង្គការអន្តរជាតិផងដែរ។
នៅសម័យបុរាណកាលណាគេនិយាយពីច្បាប់អន្តរជាតិគេច្រើនផ្តោតទៅលើវិស័យសំខាន់ៗបីប៉ុណ្ណោះគឺច្បាប់សង្គ្រាមច្បាប់សន្តិសុខ និងច្បាប់ការទូត។ ប៉ុន្តែ ដោយមានការអភិវឌ្ឍជារឿយៗនៃទំនាក់ទំនងរបស់តួអង្គនៃនីតិអន្តរជាតិ ក៏ដូចជាសេដ្ឋកិច្ចសកលលោកនាំឱ្យគេចាប់ផ្តើមការយកចិត្តទុកដាក់ទៅលើវិស័យផ្សេងៗច្រើនទៀតដែលរួមមាន ច្បាប់សិទ្ធិមនុស្សច្បាប់សេដ្ឋកិច្ចច្បាប់ពាណិជ្ជកម្ម ច្បាប់លំហនិងច្បាប់អង្គការអន្តរជាតិជាដើម។
ច្បាប់អន្តរជាតិគឺជាបទដ្ឋានគតិយុត្តអន្តរជាតិ និងមិនមែនជាក្រមសីលធម៌អន្តរជាតិឡើយ។ ប៉ុន្តែ គួរកត់សម្គាល់ថាគោលការណ៍នៃច្បាប់អន្តរជាតិទទួលឥទ្ធិពលយ៉ាងច្រើនលើសលុបពីគោលការណ៍សីលធម៌អន្តរជាតិជាពិសេស វិស័យច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
ច្បាប់អន្តរជាតិគឺជាប្រព័ន្ធច្បាប់ឯករាជ្យដែលស្ថិតនៅក្រៅបទដ្ឋានគតិយុត្តរបស់រដ្ឋមួយ។ ច្បាប់អន្តរជាតិមានចំណុចខុសគ្នាជាច្រើនពីប្រព័ន្ធច្បាប់ជាតិ។ ជាក់ស្តែងទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិដែលមានតំណាងជាង១៩០រដ្ឋ មានរូបរាងដូចជាអង្គការនីតិប្បញ្ញត្តិមួយ ប៉ុន្តែអង្គការនេះមិនមានអំណាចបង្កើតច្បាប់ដែលចងភ្ជាប់កាតព្វកិច្ចគតិយុត្តដល់រដ្ឋនានាឡើយ។
ជាងនេះទៅទៀតសេចក្តីសម្រេចរបស់មហាសន្និបាតត្រូវចាត់ទុកត្រឹមតែជាអនុសាសន៍ប៉ុណ្ណោះ លើកលែងតែក្នុងករណីពិសេសខ្លះ និងក្នុងគោលបំណងមួយចំនួននៅក្នុងប្រព័ន្ធសហប្រជាជាតិដូចជាការសម្រេចចិត្តអំពីថវិកាសហប្រជាជាតិការទទួលស្គាល់សមាជិកថ្មីកិច្ចការពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខការបោះឆ្នោតជ្រើសរើសចៅក្រមថ្មីសម្រាប់តុលាការយុត្តិធម៌អន្តរជាតិ។
មិនតែប៉ុណ្ណោះមិនមានប្រព័ន្ធតុលាការដែលមានយុត្តាធិការផ្តាច់មុខ (Comprehensive Jurisdiction) ឡើយនៅក្នុងច្បាប់អន្តរជាតិ។ យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងវិវាទនានាអាចកើតឡើងបានលុះត្រាតែមានការព្រមព្រៀងពីរដ្ឋភាគីនៃវិវាទនោះ។ នៅក្នុងប្រព័ន្ធសហប្រជាជាតិមិនមានកម្លាំងនគរបាលយុត្តម៌អន្តរជាតិ(International Police) ហើយ ក៏មិនមានអាជ្ញាធរប្រតិបត្តិកំពូលឡើយ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចសម្រេចអនុញ្ញាតឱ្យមានការប្រើប្រាស់កម្លាំងដើម្បីបង្ខំរដ្ឋឱ្យអនុវត្តតាមសេចក្តីសម្រេចរបស់ខ្លួនប៉ុន្តែ ធ្វើបែបនេះបានតែក្នុងកាលៈទេសៈពិសេស និងមានកំណត់ណាមួយប៉ុណ្ណោះជាពិសេស មុននឹងអាចអនុវត្តចំណាត់ការនេះត្រូវតែមានការឈ្លានពាន ឬការគំរាមកំហែងណាមួយ។
ជាងនេះទៅទៀតកិច្ចអនុវត្តចំណាត់ការអាចនឹងមានការជំទាស់(វេតូ) ពីសំណាក់រដ្ឋណាមួយនៃសមាជិកអចិន្ត្រៃយ៍ទាំង៥ (ចិន បារាំង រុស្ស៊ី ព្រះរាជាណាចក្រអង់គ្លេស និងសហរដ្ឋអាមេរិក)។
ច្បាប់អន្តរជាតិគឺជាផ្នែកដោយឡែកមួយនៅក្នុងរចនាសម្ព័ន្ធទូទៅនៃទំនាក់ទំនងអន្តរជាតិ។ ក្នុងការពិចារណាអំពីស្ថានភាពអន្តរជាតិជាក់លាក់ណាមួយជាទូទៅរដ្ឋត្រូវពិចារណាអំពីច្បាប់អន្តរជាតិពាក់ព័ន្ធ។
វិធាននៃច្បាប់អន្តរជាតិកម្រត្រូវបានអនុវត្តដោយមធ្យោបាយយោធា ឬដោយការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចណាស់។ប៉ុន្តែ រដ្ឋដែលរំលោភវិធានអន្តរជាតិអាចបាត់បង់ការជឿជាក់ និងទទួលការរើសអើងក្នុងទំនាក់ទំនងជាមួយរដ្ឋផ្សេងទៀត៕
ប្រភព៖ Cambodian LegalResearch