កញ្ញា ស្រួ សោគន្ធិកា អ្នកកំពង់ចាម បង្ហាញគន្លឹះ ដើម្បីអាចជាប់ កម្មវិធី Global UGRAD ទៅអាមេរិក

«អ្វីដែលអ្នកគួរធ្វើនោះគឺ ត្រូវតែជឿជាក់លើខ្លួនឯង កុំភ័យត្រូវធ្វើវាអោយបាន» នេះជាការលើកឡើង របស់យុវតីនាវាយុវជនអាស៊ីអាគ្នេយ៍ គឺកញ្ញា ស្រួ សោគន្ធិកា ដែលសព្វថ្ងៃកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ Augustana ក្នុងសហរដ្ឋអាមេរិក។​

ក្នុងវ័យ២០ឆ្នាំ ធិកា ធ្លាប់បានជាប់ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងសព្វថ្ងៃ ជានិស្សិតអាហារូបករណ៍ក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ថា្នក់បរិញ្ញាបត្រជាសាកលដែលជាភាសាអង់គ្លេសហៅថា  Global Undergraduate Exchange Program  (Global UGRAD)  ទៅសិក្សានៅ សហរដ្ឋអាមេរិកចំនួន​៥ខែ។

បន្ទាប់ពីរៀនចប់ នៅវិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ធិកា បានផ្លាស់ប្តូរទីលំនៅ មកទីក្រុងភ្នំពេញ ក្នុងគោលដៅបំណងបន្តការសិក្សាផ្នែក សិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។​​ ជានិស្សិតឧស្សាហ៍ព្យាយាមម្នាក់កញ្ញាតែងតែស្វះស្វែងរកកម្មវិធីនានា ដែលអាចឲ្យ កញ្ញាមានការអភិវឌ្ឍន៍ខ្លួន ជាប្រចាំ។

គន្លឹះក្នុងការដាក់ពាក្យ Global UGRAD

បើតាមការលើកឡើងរបស់ ធិកាការដាក់ពាក្យក្នុងកម្មវិធីនេះមានពីរដំណាក់កាលគឺដំណាក់កាល សំនេរ និងដំណាក់កាលសំភាសន៍។​ ដំណាក់កាលសំនេរបេក្ខជនតម្រូវឲ្យមានពិន្ទុនៅសាកលវិទ្យាល័យ និងពិន្ទុភាសាអង់គ្លេស ដែលជាពិន្ទុ IELTS រឺTOFEL អោយបានល្អគួរសម។

កញ្ញាបាននិយាយថា «អ្វីដែលសំខាន់នោះគឺសំនេរចំនួន៣ ដែលយើងត្រូវសរសេរ ដើម្បីបង្ហាញអំពីខ្លួនយើង គោលបំណងខ្លួនយើងនិងពេលត្រលប់មកវិញ ។​ ភាគច្រើន គេចង់បានអ្នកណា ដែលមកវិញ អាចនាំយកអ្វីជួយសង្គមយើងបាន»។ ចំពោះការសរសេរវិញ ធិកា បានលើកយកចំណុចសំខាន់ពីរ ដែលអ្នកដាក់ពាក្យចាំបាច់ត្រូវមាន ក្នុងសំនេរ គឺ ភាពជាអ្នកដឹកនាំ និង​ការចូលរួមក្នុងការងារសង្គម។​

និយាយទាំងមានភាពជឿជាក់ធិកា បានប្រាប់ក្រមា ប៉ុស្ដិ៍ ថាអ្នកសរសេរ គួរតែព្យាយាមបង្ហាញ និងតភ្ជាប់ចំណុចសំខាន់ទាំងពីរនៅក្នុងសំនេរតាមរយៈការប្រាប់ពីបទពិសោធន៍នានា ដែលអ្នកបានជួបរឺ របៀបផ្សេងទៀត។

កញ្ញាបានបន្តថា «ការងារស័្មគ្រចិត្តនិងភាពជាអ្នកដឹកនាំ មិនមែនជាអ្វីដែល យើងអាចមានភ្លាមៗទេ។ វាជាអ្វីដែលយើងរៀបចំទុកពីមុន ដូច្នេះ ខ្ញុំសូមអោយយោបល់ អោយពួកគាត់ចាប់ផ្តើមធ្វើវាជាបណ្ដើរៗ»។

បន្ទាប់ពីជាប់វគ្គសំនេរបេក្ខជនត្រូវឆ្លងកាត់ វគ្គសំភាសន៍ដែលជាវគ្គចុងក្រោយ។វគ្គនេះផងដែរធិកាបានឲ្យដឹងថា ភាពជឿជាក់ជាគន្លឹះចំបងដែលអាចធ្វើអោយរូបកញ្ញាផ្ទាល់ បានជាប់។ លើសពីនេះមុនការសំភាសន៍បេក្ខជនគួរពិនិត្យ និងចងចាំ អ្វីដែលខ្លួនសរសេរ ក្នុងវគ្គសំនេរអោយបានច្បាស់ពីព្រោះអ្នកសំភាសន៍ នឹងអាចសួរសំណួរ ទាក់ទងនឹងប្រធានបទ ដែលយើងបានសរសេរ។

កញ្ញាបានបញ្ជក់បន្ថែមថា៖ «ពិន្ទុនៅសាកលវិទ្យាល័យមិនមែនជាបញ្ហាទៀតឡើយ នៅដំណាក់កាលនេះអ្វីដែលអ្នកគួរធ្វើនោះគឺត្រូវតែជឿជាក់លើខ្លួនកុំភ័យត្រូវធ្វើវាអោយបាន»។ 

គួរបញ្ជក់ផងដែរ កញ្ញា ស្រួ សោគន្ធិកា ជានិស្សិតម្នាក់ក្នុងចំណោម និស្សិតចំនួន៥នាក់ ដែលបាន​ជាប់ទៅសិក្សាក្នុងកម្មវិធី Global UGRAD ឆ្នាំ ២០១៥-២០១៦ នៅសហរដ្ឋអាមេរិក។ កម្មវិធីនេះដែរ ជាគំរោងផ្លាស់ប្តូរការសិក្សាចំនួនមួយត្រីមាស នៅសហរដ្ឋអាមេរិក ដែលឧបត្ថម្ភដោយ រាជរដ្ឋាភិបាលអាមេរិចផ្ទាល់៕