របបអាហារ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះទន្ទឹមនឹងតម្រូវការសារធាតុចិញ្ចឹមសម្រាប់ទ្រទ្រង់ដល់សុខភាពខ្លួនឯង ស្ត្រីមានផ្ទៃពោះក៏ត្រូវការសារធាតុចិញ្ចឹមជាច្រើន ដើម្បីជំនួយដល់ការរីកលូតលាស់របស់កូនក្នុងផ្ទៃទាំងផ្នែករាងកាយ និងផ្នែកខួរក្បាល។
ហេតុនេះហើយទើបកន្លងមកស្ត្រីមានផ្ទៃពោះ ត្រូវបានអ្នកជំនាញផ្នែកសុខភាពជំរុញឱ្យតាមដានសុខភាពឱ្យបានជាប់លាប់និងល្អិតល្អន់បំផុត។ យ៉ាងហោចណាស់ស្ត្រីមានផ្ទៃពោះត្រូវពិនិត្យឈាម ២ដង និងតាមដានសុខភាពជារៀងរាល់ខែដើម្បីធានាថា កូននៅក្នុងផ្ទៃអាចរីកលូតលាស់បានល្អគ្រប់លក្ខណៈ និងមានសុខភាពល្អ។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការ UNICEFបានបញ្ជាក់ថា កង្វះសារធាតុអីយ៉ូដរបស់ម្តាយដែលពរពោះអាចនឹងធ្វើឱ្យទារកដែលបានកើតមកបាត់បង់ពិន្ទុនៃគុណភាពឆ្លាតវៃ (IQ-Intelligence quotient) រហូតដល់ទៅ ១៣ពិន្ទុ។ហេតុនេះស្ត្រីមានផ្ទៃពោះគ្រប់រូប ចាំបាច់បំផុតត្រូវតែបង្កើនការប្រុងប្រយ័ត្នចំពោះរបបអាហារ ដើម្បីធានាថាកូននៅក្នុងផ្ទៃមិនមានផលប៉ះពាល់ដោយសារតែសកម្មភាពឬការធ្វេសប្រហែសណាមួយ។
អង្គការខាងលើបានបញ្ជាក់ផងដែរថា បញ្ហាកង្វះជាតិអីយ៉ូដនេះ បានក្លាយជាកង្វល់មួយសម្រាប់វិស័យសុខភាពសាធារណៈដែលវាអាចជះឥទ្ធិពលអវិជ្ជមានដល់កុមារជាច្រើន។ បញ្ហានេះ អាចជះផលប៉ះពាល់ដល់កុមារជាច្រើនដែលនឹងក្លាយជាអនាគតធនធានមនុស្សយ៉ាងសំខាន់របស់ពិភពលោក។អ្នកជំនាញថា វាថែមទាំងអស់ធ្វើឱ្យកុមារមានជំងឺខ្សោយសតិបញ្ញាថែមទៀតផង។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១០អង្គការយូនីសេហ្វបានបញ្ឈប់ជំនួយផ្គត់ផ្គង់សារធាតុអ៊ីយ៉ូដទៅឲ្យក្រុមអ្នកផលិតអំបិលពីព្រោះ តាមជាក់ស្តែងកម្មវិធីស្តីអំពីការលាយបញ្ចូលសារធាតុអ៊ីយ៉ូដក្នុងអំបិល ដែលមានរយៈពេលប្រមាណជាងមួយទសវត្សរ៍ចាប់ផ្តើមឡើងតាំងពីអំឡុងឆ្នាំ ១៩៩០ បានអនុវត្តដោយជោគជ័យ ដោយរាជរដ្ឋាភិបាល៕