ខេត្តព្រះសីហនុចេញលិខិតសាងសង់ជាង១៥០០គម្រោង ដែលមានទុនជាង៨ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំ

ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ បានចេញលិខិតអនុញ្ញាត សាងសង់ចំនួន ១៥១៤គម្រោង លើផ្ទៃដីចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ ដែលប្រើទុនវិនិយោគជាង ៨ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៤ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។

លោក ឃាង ភារម្យ  អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ មករានេះ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ មានសំណង់អគារខ្ពស់ៗមានចំនួន ៥៧៣គម្រោង។ លោកថា អាគារខ្ពស់ៗនេះ គឺគិតចាប់ពី៥ជាន់ ដល់៥៣ជាន់។ 

លោកឱ្យដឹងថា «បើតាមរបាយការណ៍ ការគ្រប់គ្រង និងអភិវឌ្ឍន៍សំណង់ យើងបានចេញលិខិតអនុញ្ញាត់សាងសង់ យើងរាប់គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គឺមានចំនួន ១៥១៤គម្រោង ដែលផ្ទៃក្រឡាសំណង់មានចំនួន ១៤ ៧៣៦ ៥៥៩ម៉ែត្រការ៉េ សរុបជាទុនវិនិយោគជាង ៨ពាន់លានដុល្លារ»។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបង្ហើបពីតម្លៃទីផ្សារដី នៅក្នុងក្រុងព្រះសីហនុត្រួសៗថា ជាប្រវត្តិសាស្ត្រហើយ តម្លៃដីនៅក្រុងព្រះសីហនុ កាលពីឆ្នាំ២០១៨ និង២០១៩ ដែលនៅកន្លែងទីតាំងខ្លះ មានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ ក្នុង១ម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នយ៉ាងហោចណាស់ក៏តម្លៃ ៦ពាន់ដុល្លារដែរ ក្នុង១ម៉ែត្រការ៉េ។ នៅតាមបណ្ដោយឆ្នេរ ដែលជាតំបន់សំខាន់ៗ គឺមានតម្លៃមិនក្រោម ៧ពាន់ដុល្លារនោះទេ ក្នុង១ម៉ែត្រការ៉េ។

ក្រៅពីមានការអភិវឌ្ឍន៍គម្រោងសាងសាង់ និងវិស័យអចនទ្រព្យ រដ្ឋបាលខេត្តព្រះសីនុក៏បាននឹងកំពុងអភិវឌ្ឋគគម្រោងស្ថាបនាផ្លូវទាំង ៣៤ ខ្សែដែល គ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅមុនឱកាស នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២១ ខាងមុខនេះ។

ដូចនេះ ខេត្តព្រះសីហនុ និងមានសោភណភាព ភ្លើង ផ្លូវ សួនច្បារ ការដាំដើមឈើ អាងចម្រោះ ប្រព្រឹត្តិកម្មទឹកកខ្វក់ មិនឲ្យហូរចូល ទៅក្នុងសមុទ្រ ដែលបង្កឲ្យ ប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ៕