អ្នកជំនាញផ្នែកធនធានមនុស្សខ្មែរ បង្ហាញពីលក្ខខណ្ឌ ដែលគេជ្រើសរើស អ្នកធ្វើជាបុគ្គលិក

ក្រៅពីរៀនទ្រឹស្តីនៅសាលា អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ និស្សិតចាំបាច់ត្រូវប្រើទ្រឹស្តីទាំងនោះ មកជាការអនុវត្តន៍ផ្ទាល់ ពោលគឺការបំពេញការងារ នៅតាមគ្រឹះស្ថានផេ្សងៗ។ ទោះជាយ៉ាងណាក៏ដោយ ការរកការងារធ្វើ អាចជាបញ្ហាចម្បងមួយទៀត ដែលនិស្សិតគ្រប់រូប ត្រូវជួបប្រទះក្នុងជីវិត។

ដោយឡែក និស្សិតដែលបញ្ចប់ការសិក្សា មិនមែនសុទ្ធតែរកការងារបានធ្វើនោះទេហេតុនេះហើយ តើធ្វើដូចម្តេចទើបអាចក្លាយជា ជម្រើសសម្រាប់ស្ថាប័នផេ្សងៗនោះ?

ចំនុចសំខាន់ក្នុង ប្រវត្តិរូបសង្ខេប ឬCV

អនុប្រធាននៃ ដេប៉ាតឺម៉ង់រដ្ឋបាល បរិក្ខារនិងទំនាក់ទំនងសាធារណៈ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលហៅកាត់ថា CJCC លោក ឡាច សារ៉នបានគូសបង្ហាញថា នៅក្នុងប្រវត្តិរូបសង្ខេប ឬ CV បេក្ខជនត្រូវ បង្ហាញនូវចំនុចសំខាន់ៗ ដូចជា បទពិសោធន៍ការងារ គុណសម្បត្តិជំនាញដែលអាចធ្វើបាន ប្រវត្តិសិក្សា ព័ត៌មានទាក់ទងនឹងបេក្ខជន ដូចជាអាសយដ្ឋាន លេខទូរស័ព្ទ និង reference ជាដើម តែអ្វីដែល លោកចាប់អារម្មណ៍មុនគេគឺ បទពិសោធន៍ការងារ បន្ទាប់មកគឺប្រវត្តិការសិក្សា។

បន្ថែមពីនោះទៀត លោក វ៉ាន ដាណា ដែលជា ប្រធានគ្រប់គ្រង ផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុនអចលនទ្រព្យ Century 21 បានបង្ហើបថាក្នុងប្រវត្តិរូបសង្ខេបឬ CV របស់បេក្ខជនចំណុចដែលគាត់ពិនិត្យមុនគេគឺ ការរៀបចំ ប្រវត្តិរូបសង្ខេបរបស់បេក្ខជន ថាតើការរៀបចំរបស់វា មានភាពទាក់ទាញឬអត់ និងថាតើការប្រើប្រាស់ពាក្យពេចន៍វេយ្យាករណ៍ មានភាពត្រឹមត្រូវដែរ​ឬយ៉ាងណា។ ក្រៅពីនេះ លោកបន្តថា៖ “ខ្ញុំមើលទៅលើប្រវត្តិការសិក្សាបទពិសោធន៍ការងារ និង បទពិសោធន៍ក្នុងការធ្វើការស្ម័គ្រចិត្តរបស់បេក្ខជនហើយខ្ញុំក៏មើលទៅលើ ផលសម្រេចរបស់គាត់ ក៏ដូចជាវិញ្ញាបនបត្រ និង ជំនាញរបស់គាត់ផងដែរ

ចំនុចសំខាន់ក្នុង Cover letter

ចំពោះ cover letter  វិញ លោក​ ឡាច​ សារ៉ន​ និយាយថា បេក្ខជនគួរតែសរសេរអំពីប្រភពព័ត៌មាន ដែលប្រកាសរកបុគ្គលិក បន្ទាប់មក គាត់គួរតែសរសេរពីបទពិសោធន៍ ចំនេះដឹង ការអប់រំ ដែលគាត់មាន ហើយត្រូវទៅនឹងមុខតំណែងនោះ និងចុងក្រោយសង្ខេបនូវអ្វីដែល គាត់គិតថា គាត់សាកសម សម្រាប់មុខតំណែងនោះ។ 

លោកបន្តថាក្នុង cover letter លោកតែងតែមើលទៅលើចំនុចសំខាន់ៗខ្លះដូចជាការងារដែលបេក្ខជនកំពុងធ្វើ ហើយដែលពាក់ព័ន្ធទៅនឹងមុខងារ ដែលលោកកំពុងតែជ្រើសរើសការសិក្សានិងគុណសម្បត្តិរបស់បេក្ខជន

រីឯលោក វ៉ាន ដាណា ពិចារណាលើ Cover Letter មុនគេនោះគឺ ការណែនាំខ្លួនរបស់បេក្ខជន មើលទៅលើចំណុច ដែលបេក្ខជនសរសេរថា ហេតុអ្វីទើបគាត់ត្រូវ ជ្រើសរើសបេក្ខជននោះ មកសម្ភាសន៍ផ្ទាល់។

ការសម្ភាសន៍

សម្រាប់លោក វ៉ាន ដាណា កំឡុងពេលសម្ភាសន៍លោកមើលទៅលើភាពជឿជាក់ របស់បេក្ខជនភាពឈ្លាសវៃ​ ការចេះបត់បែនទៅតាមកាលៈទេសៈភាពរួសរាយរាក់ទាក់​ និងជាពិសេសគឺភាពជាអ្នកដឹកនាំ។

ទន្ទឹមនឹងគ្នានេះដែរ គាត់ក៏មើលទៅលើភាសាទំនាក់ទំនងរបស់បេក្ខជន ពោលគឺភាសានិយាយ ភាសាកាយវិការ និង​ការស្លៀកពាក់។លោក​ វ៉ាន​ ដាណា បានលើកឡើង នូវកំហុសឆ្គងរបស់បេក្ខជនជាទូទៅទាក់ទងនឹងការគ្រប់គ្រងពេលវេលាថា៖ពេលសម្ភាសន៍បេក្ខជនខ្លះឆ្លើយអោយតែបានវែង ប៉ុន្តែរកចំណុចសំខាន់ចេញពីនោះមិនបានដោយឆ្លើយមិនចំចំនុចដែលសួរ នេះបានន័យថា គាត់គ្រប់គ្រងពេលវេលាមិនទាន់បាន។

ជាសារចុងក្រោយ ប្រធានគ្រប់គ្រង ផ្នែកធនធានមនុស្សរូបនេះ បានសង្កត់ធ្ងន់ទៅលើចំនុចដ៏សំខាន់មួយគឺថា បេក្ខជនខ្លះ ធ្លាក់មិនមែនដោយសារគាត់គ្មានសមត្ថភាពទេប៉ុន្តែដោយសារតែគាត់ទាមទារ ប្រាក់ខែខ្ពស់ហួសហេតុពេក ដែលអាចអោយអ្នកសម្ភាសន៍ វិនិច្ឆ័យថាបេក្ខជននោះធ្វើការដើម្បីលុយ មិនមែនដើម្បីក្រុមហ៊ុន៕