ប្រើយុទ្ធសាស្រ្ដឈ្នះមុនផ្ដើមសង្គ្រាម ពីThe Art of War សម្រាប់ការផ្ដើមអាជីវកម្ម

សៀវភៅយុទ្ធសាស្រ្ដសង្គ្រាមរបស់មេទ័ព ស៊ុន អ៊ូ ប្រទេសចិន ត្រូវបានគេយកមកសិក្សានិងប្រើប្រាស់មកដល់បច្ចុប្បន្ននេះ មិនថាឡើយក្នុងវិស័យទ័ព តែក្នុងអាជីវកម្ម ការចរចារ និងការគ្រប់គ្រងក៏មានគុណតម្លៃក្នុងការយកមកអនុវត្តន៍។ ដោយឡែកការប្រើពាក្យពេជច៍មានការប្រែប្រួល ទៅតាមសម័យកាល។ ក្នុងសៀវភៅនេះ មានចំនុចមួយដែលអាចយកមកប្រើក្នុងអាជីវកម្ម ទីផ្សារនិងការលក់ នោះគឺស្គាល់ច្បាស់ពីដៃគួប្រយុទ្ធជាមុន មុននឹងផ្ដើមសង្រ្គាម អ្នកនឹងទទួលបានជ័យជម្នះ។

ការរកស៊ីប្រៀបដូចជាការត្រៀមខ្លួនសម្រាប់ចូលប្រឡងដូចគ្នា អ្នកខ្លះគាត់មានទំនុកចិត្តថា គាត់ប្រាកដជាប្រឡងជាប់ជាក់ជាមិនខាន បើទោះបីជាគាត់មិនទាន់បានចូលទៅក្នុងបន្ទប់ប្រឡងក៏ដោយ។ ម្ចាស់អាជីវកម្មតែងតែជឿជាក់ថា នឹងទទួលបានផលចំណេញ ផលិតផលនឹងដើរក្នុងទីផ្សារ។ យ៉ាងណាមិញនៅពីក្រោយទំនុកចិត្តដ៏ខ្ពស់របស់គាត់ គាត់បានរៀបចំផែនការរួចរាល់អស់ហើយ ទើបគាត់អាចមានការជឿជាក់យ៉ាងខ្លាំងបែបនេះ។ នៅខាងក្រោមនេះ នឹងបង្រៀនពីគន្លឹះរកស៊ីឱ្យជោគជ័យមុនចាប់ផ្ដើមការរកស៊ីរបស់យើង។

អ្នកបានសម្រេចចិត្តថា អ្នកនឹងចាប់ផ្ដើមបើកអាជីវកម្មមួយដែលមានការពេញនិយម ឧទាហរណ៍អ្នកទិញសម្លៀកបំពាក់យកមកលក់។ ជាមួយគ្នានេះដែរសម្លៀកបំពាក់ដែលអ្នកទិញមកធ្វើអាជីវកម្មស្អាត មានការពេញនិយមនៅលើទីផ្សារ អ្នកក៏ចាប់ផ្ដើមបើកហាងមួយ អ្នកផុសលក់នៅលើអ៉ីធឺណែត អ្នកដាក់តម្លៃលក់ដោយមិនបានស៊ើបមើលពីអតិថិជនថា តើគេត្រូវការតម្លៃបែបណាទើបអាចទទួលយកបាន តើអ្នកជ្រើសរើសទីតាំងបានសមស្រប ជាមួយការលក់របស់អ្នកទេ។ 

អ្នកមិនទាន់ទាំងបានសិក្សាពីទីផ្សារផលិតផលឱ្យបានច្បាស់លាស់ផង អ្នកក៏ចាប់ផ្ដើមបើកអជីវកម្មបាត់ទៅហើយ វាមិនខុសពីអ្នកត្រូវចាញ់ទាំងមិនទាន់ចាប់ផ្ដើមផង នេះគេហៅថាការរកស៊ីដែលយកផលិតផលមកលក់ មុនរកអតិថិជនក្រោយ ហើយទើបរៀនពីវិធីសាស្រ្តលក់ ដែលវាជាហេតុនាំអ្នកទៅរកការបរាជ័យ។

ផ្ទុយមកវិញ នៅពេលដែលអ្នកបានសម្រេចចិត្តរួចហើយថា អ្នកនឹងចេញរកស៊ីដោយខ្លួនឯង អ្នកក៏ចាប់ផ្ដើមមើលលើទីផ្សារថា អជីវកម្មរបស់អ្នកអាចមានសន្ទុះគាំទ្របានកម្រិតណា ផលិតផលនោះមានប្រភពមកពីណា យកពីកន្លែងណា បើអ្នកចង់យកសម្លៀកបំពាក់មកលក់ តើអ្នកទិញចូលតម្លៃប៉ុន្មាន ហើយគួរលក់ចេញទៅវិញតម្លៃប៉ុន្មាន តើគួរយកសម្លៀកបំពាក់ប្រភេទអ្វី ម៉ាកអ្វីឱ្យត្រូវជាមួយនឹងការពេញនិយមបច្ចុប្បន្ន​របស់អ្នក

ប្រើប្រាស់ តើគោលដៅលក់ឱ្យរបស់អ្នកជាអ្នកណា យុវវ័យ ឬជាសម្លៀកបំពាក់ប្រភេទមនុស្សចាស់ បន្ទាប់មកអ្នកត្រូវសិក្សាលើតម្លៃ ដែលអ្នកត្រូវដាក់លក់ឱ្យមានការទទួលយកបានពីអតិថិជន ហើយទីតាំងក៏ត្រូវមានលក្ខណៈសមស្របជាមួយអាជីវកម្មរបស់អ្នកដូចគ្នា នេះត្រឹមតែជាការគិតរបស់អ្នក ប៉ុន្តែអ្នកមិនទាន់ទិញវាយកមកទេ អ្នកមិនទាន់បានលក់នៅឡើយទេ ហើយអ្នកក៏ដឹងជាមុនទៅហើយថា អ្នកនឹងទទួលបានជោគជ័យនៅក្នុងអាជីវកម្មមួយនេះ ដោយសារតែអ្នកបានត្រៀមគ្រប់បែបយ៉ាងជាមុន រួចអស់មកហើយ គ្មានអ្វីដែលអ្នកត្រូវខាតបង់នោះឡើយ បន្ទាប់មកអ្នកក៏ចាប់ផ្ដើមយកមកលក់ជាផ្លូវការ។

សរុបមកនេះគេហៅថា ចម្បាំងដើម្បីឈ្នះ ព្រោះអ្នកបានរៀបចំរួចជាស្រេច អ្នកបានត្រៀមគ្រប់យ៉ាង អ្នករៀនពីវាបានយ៉ាងច្បាស់លាស់ត្រឹមត្រូវ មុនពេលដែលអ្នកចេញអនុវត្ត ដូចនេះអ្នកប្រាកដជាឈ្នះ ប្រាកដជាជោគជ័យ ដោយសារតែអ្នកចាប់ផ្ដើមដោយរកអ្នកទិញជាមុន សិក្សាពីវិធីសាស្រ្តលក់ឱ្យបានច្បាស់ជាមុន បន្ទាប់មកទៀត ទើបអ្នកយកផលិតផលមកលក់ជាក្រោយ ដែលផ្លូវនេះនឹងនាំអ្នកទៅរកភាពជោគជ័យ៕