លក្ខណៈជាស្វាមីល្អ៥យ៉ាង នារីៗច្រើនប្រាថ្នាពីបុរស

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ស្វាមី​ល្អ​កម្រ​រក​បាន​ណាស់ ហើយ​ការ​រៀប​ការ​ប្តី​ប្រពន្ធ​ជា​ការ​​ស្មាន​ដូច​រៀវ​ម្ជុល​ក្នុង​​សមុទ្រ មិន​ដឹង​ចិត្ត​គំនិត​​យ៉ាង​ម៉េច​។ យ៉ាង​ណា​មិញ អ្នក​ទាំង​សង​ខាង (ប្តី ប្រពន្ធ) គួរ​ខំ​ប្រឹង​​ខាំ​មាត់​សង្កត់​ចិត្តបំពេញ​តួនាទី​រៀង​​ខ្លួនឱ្យ​បាន​ល្អ​​បរិបូណ៏។មាន​រឿង​អ្វី​បន្តិច​បន្តួចគួរ​ចេះ​អត់​ឱន​គ្នា កុំ​អង្គុយ​ចាប់​កំហុស​គ្នាមិន​ល្អ​ទេ។ មិន​មែន​យក​គេ​មក​បម្រើ​ខ្លួន​ទេគឺ​យក​គេ​​ជា​ភរិយាហើយ​ស្វាមី​គួរ​ប្រតិបត្តិ​នូវ​​​តួនាទី​​​របស់​ខ្លួន​ដូច​ខាង​ក្រោម៖

-យក​ជា​ភរិយា​​ពេញ​ច្បាប់​៖ យក​ពេញ​មុខ​ពេញ​មាត់ជា​ភរិយា​ពេញ​លក្ខណៈ​កុំ​លាក់​លៀម បិទ​បាំងយក​គ្នា​ធ្វើ​ស្រី​​កំដរ​អារម្មណ៍ ​ហើយ​បោះ​ចោល​នោះ​ទេ​។

-កុំ​ប្រមាទ​មើល​ងាយ​ភរិយា​៖ ដោយ​​ការ​វាយ​ដំជេរ​ប្រទេច ត្មិះ​តិះ​ដៀលធ្វើ​ទុក្ខ​បុក​ម្នេញធ្វើ​បាប​ចិត្ត​​គ្នា។ ត្រូវ​ចេះ​ស្រឡាញ់​​ថ្នាក់​ថ្នម​អាណិត​អាសូរ ជួយ​លើក​ទឹក​ចិត្តជួយ​ណែ​នាំ​ដោយ​បំណង​ល្អ​។

-ប្រគល់​ភាព​ជា​ធំ​ឱ្យ​ភរិយា​៖ ​គឺ​ជា​ការ​ចាត់​ចែង​ផ្ទះ​សម្បែង​លុយ​កាក់ កូន​ចៅ។ កុំ​ឱ្យ​គ្នា​គ្មាន​សិទ្ធិ​គ្មាន​អំណាច​អ្វី​សោះមិន​ល្អ​ទេ ឱ្យ​គ្នា​បាន​បញ្ចេញ​គំនិត​យោបល់​មាន​មតិ​ចូល​រួម​សម្រេច​ចិត្ត​ផង កុំ​យក​ឈ្នះ​តែ​ម្នាក់​ឯងប្រពន្ធ​និយាយ​មិន​បាន​។

-កុំ​ក្បត់​ចិត្ត​ភរិយា៖ ប្រុស​ខ្លះ​លុះ​តាម​អំណាត​តណ្ហាមាន​ប្រពន្ធ​ពីរ បីធ្វើ​បាប​ចិត្ត​ប្រពន្ធ​ដើមដើរ​ប៉ោ​ឡែ មិន​គិត​ផ្ទះ​សម្បែងវក់​នឹង​ល្បែង ផឹក​ស្រាផ្គាប់​ចិត្ត​ស្រី​ស្នេហ៍​ស្រី​ពេស្យា​ជា​ដើម។ ធ្វើ​យ៉ាង​នេះ គ្មាន​កំណើត​ទេកើត​ទុក្ខ​ក្តៅ​ក្រហាយ​ណាស់​។

-ឱ្យ​គ្រឿង​អលង្ការ៖ គ្រឿង​ប្រដាប់​តាក់​តែង​រាង​កាយសម្លៀក​បំពាក់​ គ្រឿង​សម្អាង​ជា​តម្រូវ​ការ​របស់​ស្រ្តី​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បានព្រោះ​ចង់​ស្អាត ចង់​ល្អចូល​ជុំ​នុំ​ចំណោម​គេ​ចុះ​។

ភរិយា​ធ្វើ​ការ​កំប៉ិក​កំប៉ុក​១០០​ជំពូក​នៅ​ផ្ទះតាំង​ពី​បាយ​ទឹក ផ្ទះ​សម្បែង​បោក​គក់ មើល​កូន​ចៅ​ តូច​តាច​ដាំ​ដំណាំ​ដំណោច​ក្នុង​ភូមិ។ល។ ភរិយា​មាន​ភារកិច្ច​ធ្ងន់​ធ្ងរ​ណាស់ដូច្នេះ​ប្តី​ត្រូវ​យល់​ចិត្ត​គ្នា​ផង​ឃើញ​គ្នា​ខុស​ឆ្គង​ម្តង​ម្កាលគួរ​អត់​ឱន​អធ្យាស្រ័យ​ទើប​បាន​សុខ​យូរ​អង្វែង​។

បំណង​របស់​ភរិយា

ក្នុង​ឋានៈ​ជា​ប្រពន្ធ​របស់​បុរស​ម្នាក់ភរិយា​តែង​ចង់​បាន​របស់​ខ្លះ​ពី​ស្វាមី​របស់​ខ្លួន​ដូច​​ជា​៖

១.ចង់​បាន​ការ​សរសើរ​លើក​ទឹក​ចិត្ត ពាក្យ​ពីរោះផ្អែម​ល្ហែម មិន​គំហក​កំហែង​ពី​ស្វាមី​។

២.ចង់​ឱ្យ​ស្វាមី​ចេះ​អត់​ឱនអធ្យា​ស្រ័យ​យោគ​យល់​អធ្យា​ស្រ័យ​រាល់​ទោស​កំហុស​ដែល​ខុស​ឆ្គាំ​ឆ្គងមិន​ចង់​ឱ្យ​ប្តី​វាយ​ដំច្រំ​ធាក់ ធ្វើ​ទុក្ខ​​បុក​ម្នេញ​ឡើយ​។

៣.ចង់​ឱ្យ​ប្តី​ប្រគល់​មាស​ប្រាក់ទ្រព្យ​សម្បត្តិ​ឱ្យ​ខ្លួន​ចាត់​ចែង​ទុក​ដាក់ព្រោះ​ខ្លួន​ជា​មេ​ផ្ទះចេះ​លៃ​លក​សន្សំ​ជាង​ប្តី​ជា​មនុស្ស​ដៃ​ធំ​។

៤.ចង់​ឱ្យ​ប្តី​ចិញ្ចឹម​បី​បាច់​កូនកុំ​ឱ្យ​គ្រាន់​តែ​បង្កើតហើយ​ដើរ​ចោល​។

៥.ចង់​ឱ្យ​ប្តី​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​កុំ​ឱ្យ​មាន​ស្រី​ផ្តេស​ផ្តាស់​។


នេះ​ជា​បំណង​ប្រាថ្នា​របស់​ភរិយាដូច្នេះ​លោក​ប្រុស​ៗ​គួរ​តែ​ពិចារណា​បំពេញ​សេចក្តី​ប្រាថ្នា​របស់​ភរិយា​ឱ្យ​បាន​សម​ស្របជៀស​វាង​ទៅ​រក​ណេះ​ណោះនាំ​ឱ្យ​មាន​រឿង​ដល់​គ្រួសារដែល​អាច​ប៉ះ​ពាល់​ដល់​អនាគត​កូន​ចៅ​ទៅ​ថ្ងៃ​មុខ​។ 

បន្ថែម​ពី​នោះបុរស​ៗ​ក៏​គួរ​ស្វែង​យល់លក្ខណៈ​មិន​ល្អ​៧​ប្រភេទ​នៃ​ស្វាមី​ ដែល​គួរ​​វៀរ​ចាក​​ព្រោះ​​នារី​ៗ​ច្រើន​មិន​ពេញ​ចិត្តដូច​ជា​៖

.ក្រ​៖ រក​ព្រឹក​ខ្វះ​ល្ងាចគ្មាន​អង្ករ​ច្រក​ឆ្នាំងផ្ទះ​ខ្ទម​ កន្រ្ទិក​កន្ទ្រក់លិច​មុខ​លិច​ក្រោយ​។

.ឈឺ​ច្រើន៖ រក​បាន​សម្រាប់​ចិញ្ចឹម​ពេទ្យជួន​កាល​ប្រពន្ធ​រក​ចិញ្ចឹម​វិញ​។

.ចាស់​ពេក៖ គ្មាន​កម្លាំង​កំហែងមុខ​ជ្រួញ ស្បែក​យា​មិន​សម​នឹង​ប្រពន្ធម្លោះ​ហើយ​គេ​ពុំ​សូវ​សប្បាយ​ចិត្ត។

.ប្រមឹក៖ ផឹក​ស្រោច​ផឹក​ងូត​ បាន​លុយ​ចូល​តែ​តៀម​ស្រាព័ទ្ធ​វង់​​មិន​ចេះ​លោះ​ថ្ងៃ​។

៥​.ធ្វេស​ប្រហែស​៖ ធ្វើ​ការ​ចុង​ជើងចុង​ដៃ ចាប់​នេះ ចាប់​នោះមិន​ឆ្ពោះ​ត្រង់​ណាធ្វើ​ការ​មិន​ឱ្យ​ហើយ​សព្វ​គ្រប់​។

.ល្ងង់​​ខ្លៅ​៖ មិន​សូវ​ដឹង​ខុស​ត្រូវ ចាំ​តែ​គេ​ដឹក​ច្រមុះប្រាប់​ប៉ុណ្ណា ធ្វើ​ប៉ុណ្ណឹងមិន​ចេះ​បែក​គំនិតគិត​រក​ផ្លូវ​ផ្សេង​​ទេ​។

.ខ្ជិល​៖ ចាំ​តែ​គេ​តឿន​គេ​ថា ទើប​ធ្វើ ដេក​ចាំ​ថ្ងៃ​រះចាំ​ប្រពន្ធ​ដាស់​បាន​ងើប​។

.មិន​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ភរិយា​បាន​៖ ប្រុស​ខាង​លើ​នេះឱ្យ​ឈ្មោះ​ថា​ស្វាមី​ដែរតែ​​គេ​ហៅ​ថា មិន​គ្រប់​គ្រឿង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ភរិយា​​មិន​ត្រូវ​មើល​ងាយមើល​ថោក​ប្តី​ឯង​​ឡើយ ព្យាយាម​ជួយ​កែ​ប្រែ​ចិត្ត​គំនិត​ប្តីឱ្យ​បាន​ល្អ​​ឡើង​វិញ​៕

ប្រភព៖សៀវភៅ​​យល់​ដឹង​អំពី​ជីវិត​អាពាហ៍​ពិពាហ៍ រៀប​រៀង​ដោយ​ ភិក្ខុវជិរប្បញ្ញោ​គូ​ សុភាព