និស្សិត​ឆ្នើម​នៃសាកល​វិទ្យាល័យ វិទ្យាសាស្រ្ត​​សុខាភិបាល​ បង្ហើប​ពី​គន្លឹះ​ជោគជ័យ ​ក្នុង​ការ​រៀន​វេជ្ជសាស្រ្ត​

“​ខ្ញុំ​ដូច​​គេ​ដូច​ឯង​ដែរទេ” ​នេះ​ជា​សម្ដី​របស់​និស្សិត​ឆ្នើម​ផ្នែក​វេជ្ជសាស្រ្ត។តើការ​រៀន​ដូច​គេ​ដូច​ឯង​នេះយ៉ាងណា​ បាន​ជា​និស្សិតម្នាក់នេះ បាន​ជាប់​លេខមួយ​ប្រចាំជំនាន់​ដល់​ទៅបី​ឆ្នាំ​ជាប់គ្នា?

 ក្នុង​វ័យ២០ឆ្នាំ​ បាន​ជាប់​ជា​និស្សិត​ឆ្នើមប្រចាំ​ជំនាន់​បី​ឆ្នាំ​ជាប់​គ្នា​ ក្នុង​មហាវិទ្យាល័យ​​វេជ្ជសាស្រ្ត នៃ​សាកល​វិទ្យាល័យ វិទ្យាសាស្រ្ត​​សុខាភិបាល​លោក ប៊ុន សិលា បង្ហើប​ប្រាប់​ពី​គន្លឹះ​នៃ​ការ​សិក្សា​ ​ក៏ដូចជា​វិធី​សាស្រ្ត​នៃការ​ត្រៀមប្រលង។

លោក​ ប៊ុន សិលា​ បង្ហើប​ប្រាប់​ក្រមាប៉ុស្តិ៍ថាលោក​នៅ​សាលា​ គឺ​រៀន​ដូច​គេឯង​ទេ ពោលគឺ ស្ដាប់​សាស្រ្តាចារ្យ​ពន្យល់​មេរៀននិង​កត់​ចំណាំធម្មតា។  លុះពេល​ដល់​ផ្ទះ “គឺ​ត្រូវតែ​រៀន​ឲ្យ​ចេះ​តែម្ដង”​​។ ក្នុង​ការ​រៀន​ឲ្យ​ចេះ​តែ​ម្ដងនេះ លោក​បាន​ណែនាំ​ ពីចំនុច​ពិសេស​ផ្ទាល់​ខ្លួន​មួយ​​ដោយ​ប្រើ​បច្ចេកវិទ្យា ​មក​ជាជំនួយ​ក្នុង​ការ​សិក្សា។ កាលណា​លោកមិន​សូវ​យល់​ច្បាស់នូវ​ចំនុច​ណាមួ​យ​ក្នុង​មេរៀន ​ដែល​សាស្រ្ដាចារ្យ​បាន​ពន្យល់​ លោកតែងតែ​ប្រើ​បច្ចេកវិទ្យា​មក​ជួយ​ស្រាវ​ជ្រាវ​បន្ថែមទៀត​។

ទោះជាយ៉ាង​ណា​ និស្សិត​ឆ្នើម​ ប៊ុន សិលាក៏បាន​បញ្ជាក់​ផងដែរ​​ថា​ “ ការ​ស្រាវ​ជ្រាវ​ហ្នឹង ក៏​អត់ទាន់​គ្រប់​​គ្រាន់​ដែរ។ជួនកាល​ ត្រូវ​មើល​សាច់​ដុំ​ដៃ រូប​ឆ្អឹងឬ អ្វី​ផ្សេង​ទៀត ខ្ញុំ​អាច ​Download(ទាញយក) កម្មវិធីជាលក្ខណៈ 3D មក​ជួយបន្ថែម”។  និស្សិត​រូប​នេះ បាន​បន្តទៀតថា ការ​ downloadនិង​សិក្សា​តាមទម្រង់​ជា​លក្ខណៈ​3Dនេះវា​អាច​ឲ្យ​លោកបាន​យល់​ច្បាស់​ និង​គ្រប់​ជ្រុង​ជ្រោយ​នៃ​មេរៀន។លោក​បានសង្កត់​ធ្ងន់ថា ការរៀន​តាមកម្មវិធី​  3Dនេះ ​ វា​ងាយ​ស្រួល ហើយ​ជួយ​ឲ្យ​​រៀន​ឆាប់​ចេះបាន​លឿន​ណាស់​ ។

គន្លឺះ​នៃ​ការ​មើល​មេរៀន​មុន​ប្រលង

ចំពោះ​វិធីសាស្រ្ត​ នៃ​ការ​រៀន​ត្រៀម​ប្រលង ​របស់​យុវនិស្សិត​ម្នាក់​នេះ​មានលក្ខណៈ​ប្លែក​ពី​និស្សិត​ដទៃ​ទៀត។ និស្សិត​ដទៃ​ ជាធម្មតា​ចូលចិត្ត​មើល​កម្រង​សំនួរ​ចម្លើយ​មុន ប៉ុន្តែ​និស្សិត​ ប៊ុន សិលាចូលចិត្តមើល​មេរៀន​មុន ក៏ដូចជា​សង្ខេបមេរៀន​ផង​ដែរ។

លោក​បាន​បន្ថែម​ថា “ការ​សង្ខេប​មេរៀន​វាងាយ​ស្រួល​ក្នុងការ​យក​មកមើល​ឡើង​វិញ និង​ចំនេញ​ពេលវេលាផងដែរដោយ​មិន​ចាំបាច់​យក​មេរៀន​ដុំធំ​មកមើល​”។​

គួរ​បញ្ជាក់​ផងដែរថា ជាធម្មតា​និស្សិត​ម្នាក់​នេះ តែង​តែ​មើល​រៀនឲ្យចេះ និង​ទន្ទេញ​ចាំជាស្រេច​ទៅ​ហើយ។លុះ​ដល់​ពេល​មុន​ប្រលង គេ​គ្រាន់តែ​អាន​ ក៏​ដូចជា​រំលឹក​ឡើង​វិញ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

វិធី​សាស្រ្តនៃ​ ការ​ធ្វើ​វិញ្ញាសា​ពេល​ប្រលង​

ប៊ុន សិលា​ បា្រប់​ក្រមាប៉ុស្ដិ៍ ថា “នៅពេល​ប្រលងខ្ញុំ​ឆ្លើយ​វិញ្ញាសា​ប្រលង​តាម​លំដាប់​។ និយាយ​ទៅ​ខ្ញុំ​សរសេរ​តាម​លំដាប់​ពីលើ​ចុះ​ក្រោម ហើយ​វា​ស្រួល​អ្នក​កែ​ផង”។ លោក​បកស្រាយ​បន្ថែម​ថានៅក្នុង​វិញ្ញាសាប្រលង​មួយ មាន​​សំនួរ​ប្រមាណ​២០​សំនួរ ហើយ​សំនួរ​ទាំង​២០នោះ​ពុំ​មែន​សាស្រ្តាចារ្យ​តែម្នាក់​ជា​អ្នក​ចេញ​នោះ​ទេពោលគឺ​ចេញដោយ​សាស្រ្តាចារ្យផ្សេងៗ។ ដូច្នេះហើយ និស្សិតម្នាក់នេះនិយាយថា “អញ្ចឹង​ខ្ញុំ​សរសេរ​តាមលំដាប់​មក​គ្រូ​ណា​កែ​សំនួរ​ណា​ គាត់​ងាយ​រក​កែ​ឃើញ​ស្រួល​”។

ជា​ចុងក្រោយ លោក​ប៊ុន សិលា​ បាន​ផ្ដាំ​ផ្ញើ​ក៏ដូចជា​ចែក​រំលែក​នូវ​ គន្លឹះបឋម​ពីរ​​ងាយៗ​ ដើម្បី​ឲ្យ​រៀន​ពេទ្យ​ឆាប់​ចេះនិង​មាន​ភាព​ងាយស្រួល ទៅកាន់​​និស្សិត​វេជ្ជសាស្រ្ត និងសិស្ស​នៅ​វិទ្យាល័យ ​ដែល​មាន​បំណង​ចូលរៀន​ផ្នែក​វេជ្ជសាស្រ្តផងដែរ។

គន្លឹះ​ទី​មួយ​របស់​និស្សិត​ឆ្នើម​មួយ​រូប​នេះគឺ​ត្រូវ​មាន​កម្រិត​ភាសា។ បើ​ចង់​រៀន​វេជ្ជសាស្រ្ត​ស្រួល​ ​​ដំបូងចាំបាច់​គឺភាសាឲ្យ​ចេះ​ច្បាស់​។ជាងនេះ​ទៅ​ទៀត ភាសា​នេះ​ មិន​សំដៅ​លើ​តែ​បារាំង​ទេ អង់គ្លេស​ក៏បានដែរតែបើ​ចេះបារាំង​កាន់តែ​ប្រសើរ។ និស្សិត​រូបនេះ បាន​បញ្ជាក់​ថា “ចេះ​ភាសា​​ជា​ទុន​ ក្នុង​ការ​ស្រាវ​ជ្រាវ​មេរៀន​ខាង​ក្រៅ​”។បើភាសា​បាន​ហើយ គន្លឹះទីពីរគឺ យក​ភាសាដែលចេះ​​ហ្នឹង មក​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​។​លោក​បាន​សង្កត់​ធ្ងន់​ថា “​កាល​ណា​យើង​មានភាសាខ្ពស់ អាន​បាន​ច្រើន​ពេលនោះ​ហើយ​យើង​បែក​ប្រាជ្ញាហើយ​”​ ៕

អត្ថបទដោយ​ ម៉េង សុខហួយ