តម្លៃដីនៅក្នុងខណ្ឌទួលគោក ឡើងស្មើនឹងតម្លៃដីនៅខណ្ឌបឹងកេងកងកាលពី៧ឆ្នាំមុន

ភ្នំពេញ ៖ បើទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពដែលប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យវិស័យជាច្រើនទទួលរងនូវផលប៉ះពាល់យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់តម្លៃដីធ្លីនៅក្នុងខណ្ឌទួលគោកក្នុងតំបន់មួយចំនួននៅតែមានកំណើន ពោលគឹនៅទីតាំងខ្លះមានតម្លៃរហូតដល់ជាង ៣៥០០-៤០០០ក្នុងមួយម៉ែត្រការ៉េ ឬលើសនេះក៏មានដែរ។ 

សម្រាប់តែដីដែលស្ថិតនៅតំបន់ពាណិជ្ជកម្មមួយចំនួន និងស័ក្ដិសមទៅនឹងគម្រោងអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាសំណង់អគារខុនដូនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបញ្ជាក់ប្រាប់ថាមានតម្លៃប្រហាក់ប្រហែលទៅនឹងដីដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មនៃខណ្ឌបឹងកេងកងកាលពីប្រមាណ៧ឆ្នាំមុន។ ពោល គឺមានតម្លៃក្នុងចន្លោះចាប់ពី៣៥០០-៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសនេះក៏មានដែលអាស្រ័យទៅតាមទីតាំង និងទំហំដីជាក់ស្ដែង ព្រមទាំងតម្រូវការអភិវឌ្ឍផងដែរ។ 

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិដ៏ល្បីឈ្មោះ Century21 Cambodia លោកស្រី Grace Rachny Fong បានមានប្រសាសន៍ថា តម្លៃដីនៅក្នុងខណ្ឌទួលគោកនាពេលបច្ចុប្បន្នគឺកំពុងតែរត់តាមពីក្រោយដីដែលស្ថិតនៅក្នុងខណ្ឌបឹងកេងកង។ 

លោកស្រីបន្តឱ្យដឹងថា សម្រាប់ដីដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មក្នុងខណ្ឌទួលគោកគឺបានឡើងខ្ពស់រួចទៅហើយ ហើយវានឹងបន្តឡើងទៀតនៅក្នុងឆ្នាំបន្ទាប់។ នៅពេលបច្ចុប្បន្ននេះ ដីដែលស្ថិតនៅទីតាំងល្អ និងនៅជាប់ផ្លូវធំមានតម្លៃចាប់ពី៣៥០០ដុល្លារទៅដល់៣៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ដីដែលស្ថិតនៅក្នុងទីតាំងដដែលអាចនឹងឡើងតម្លៃដល់ក្នុងរង្វង់ជាង៥០០០ដុល្លារក៏អាចថាបានដែរ។ 

ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន ធ្លាប់មានប្រសាសន៍កាលពីពេលថ្មីនេះថា គម្រោងអភិវឌ្ឍន៍លើវិស័យសំណង់ផ្នែកអគារខ្ពស់ៗ ដូចជា អាផាតមិន ខុនដូ និងអគារពាណិជ្ជកម្មចំរុះនៅក្នុងខណ្ឌទួលគោក កំពុងតែបង្ហាញវត្តមានជាបន្តបន្ទាប់ ហើយយ៉ាងយូរអាចស្ថិតក្នុងចន្លោះប្រមាណ៣-៥ឆ្នាំទៀត ខណ្ឌនេះនឹងប្រែរូបរាងដូចគ្នាទៅនឹងខណ្ឌបឹងកេងកងជាក់ជាមិនខាន។

លោកថា “សព្វថ្ងៃនេះ សម្រាប់ផ្ទៃដីទំនេរនៅក្នុងខណ្ឌទួលគោកមិនមានវិសាលភាពធំទូលាយដូចកាលពី៣-៥ឆ្នាំ មុននោះទៀតទេ។ តំបន់ទួលគោកបានផ្លាស់ប្តូរយ៉ាងលឿនដោយសារការកើនឡើងនូវការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងមូលដ្ឋានច្រើន ពិសេសកំណើននៃការវិនិយោគពីអ្នកក្នុងស្រុក និងជនបរទេស ដែលបានប្រែក្លាយតំបន់សំខាន់ៗមួយចំនួនក្នុងខ័ណ្ឌទួលគោកក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរសរវើក”។

លោកបានបន្តឱ្យដឹងថា ដោយសារតែកត្តាភូមិសាស្ត្រមានភាពអំណោយផលល្អ ស្ថិតនៅតំបន់កណ្តាលក្រុង ភាគច្រើនអ្នកវិនិយោគ និងអភិវឌ្ឍន៍លើវិស័យអាផាតមុិន និងខុនដូ បានសម្លឹងយកតំបន់ទួលគោកធ្វើជាគោលដៅរបស់ខ្លួន ជាមួយនឹងភាពជឿជាក់ថា នឹងទទួលមានជោគជ័យទៅលើគម្រោង ហើយវាមិនលើសពី៣-៥ ឆ្នាំទៀតនោះទេ ភាពលេចធ្លោរបស់ទួលគោក អាចនឹងដូចគ្នាទៅនឹងខណ្ឌបឹងកេងកង ដែលត្រូវបានចាក់បំពេញដោយសំណង់អគារខ្ពស់ៗជាមិនខាន៕