អាកាសធាតុអាចចុះត្រជាក់ដល់ ១១អង្សា លាយឡំខ្យល់ខ្លាំង

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុ ថាអាចនឹងចុះត្រជាក់ដល់ ១១°C នៅតាមតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន។ ការចុះត្រជាក់នេះ​ត្រូវបានពន្យលថា មកពីទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងបន្តធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសាន កាន់តែបង្កើនឥទ្ធិពលខ្លាំង។ 

តាមការព្យាករណ៍របស់ក្រសួងបានឲ្យដឹងថា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ មករាខាងមុខនេះ តំបន់វាលទំនាបអាចចុះដល់ ១៣អង្សា ហើយនៅរាជធានីភ្នំពេញ អាកាសធាតុអាចចុះដល់ ១៦អង្សា។

តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអាចចុះដល់ក្នុងរង្វង់ ១១អង្សា ដល់១៣អង្សា លាយឡំជាមួយខ្យលខ្លាំង។ សម្រាប់សីតុណ្ហភាព តំបន់វាលទំនាប អាចចុះមកត្រឹម ១៧ °C ទៅ១៩°C។

ក្រសួងជំនាញ ក៏បានអំពាវនាវឲ្យបងប្អូនវីរៈកងទ័ពនៅតាមព្រំដែនតំបន់ជួរភ្នំដងរែក និងប្រជាជន មានការថែរក្សាសុខភាព នារដូវត្រជាក់នេះឲ្យបានល្អផងដែរ៕