វីតាមីន C មិនអាចផលិតបានក្នុងខ្លួនមនុស្សឡើយហេតុនេះហើយទើបវាត្រូវការបន្ថែមទៅក្នុងរបបអាហារដើម្បីឱ្យរាងកាយស្រូបយកវីតាមីនមួយប្រភេទនេះបានគ្រប់គ្រាន់។ វីតាមីន C នេះមានសារប្រយោជន៍សម្រាប់សុខភាពដូចជាចំពោះស្បែកឆ្អឹង ធ្មេញ ហើយនិងប្រភេទឆ្អឹងខ្ចី។ កង្វះវីតាមីន Cអាចបណ្ដាលឱ្យកើតជំងឺម្យ៉ាងឈ្មោះថា Scurvy ដែលនាំឱ្យទៅជាអស់កម្លាំងល្ហិតល្ហៃវង្វេងស្មារតី ងាយឡើងស្នាមជាំ ចេញឈាម និងឈឺតាមសន្លាក់ និងសាច់ដុំជាដើម។ អ្នកអាចសង្កេតមើលដោយខ្លួនឯងថាកំពុងខ្វះវីតាមីនដ៏សំខាន់នេះតាមរយៈសញ្ញាណដូចខាងក្រោម៖
- អស់កម្លាំង ល្ហិតល្ហៃ
- ឈឺសាច់ដុំ និងសន្លាក់
- ងាយកើតស្នាមជាំលើស្បែកដោយគ្មានមូលហេតុដែលមានពណ៌ខៀវលាយក្រហម
- ស្បែកឡើងស្ងួត
- សក់បែកចុង
- ហើមអញ្ចាញធ្មេញ ឬប្រែពណ៌
- នៅសុខៗឧស្សាហ៍ហូរឈាមអញ្ចាញធ្មេញឬឈាមច្រមុះដោយគ្មានមូលហេតុ
- មានរបួសមិនជាសះ
- ឆ្អឹងប្រែប្រួលខុសពីធម្មតា
- មានបាក់ធ្មេញ
- ស្រកគីឡូ -ល-
ក្នុងករណីដែលមិនត្រូវបានរកឃើញ ឬព្យាបាលឱ្យទាន់ពេលវេលា កង្វះវីតាមីន Cអាចនាំឱ្យកើតបញ្ហាធំៗដូចជា ពិបាកដកដង្ហើម (ដង្ហើមខ្លី) បញ្ហាសរសៃប្រសាទឡើងកម្ដៅខ្លាំង និងប្រកាច់ជាដើម។
គួរធ្វើបែបណាដើម្បីដោះស្រាយកង្វះវីតាមីននេះ?
វិធីតែមួយគត់គឺបង្គ្រប់វីតាមីន C ដែលខ្វះ តាមរយៈការបន្ថែមវាទៅក្នុងរបបអាហារ ឬប្រើថ្នាំវីតាមីនតែម្ដង។ អាហារដែលសម្បូរជាតិវីតាមីន C ដែលអ្នកអាចញ៉ាំរាល់ថ្ងៃដើម្បីបង្គ្រប់សារជាតិដែលខ្វះនេះមានដូចជា ពពួកក្រូចរាប់ចាប់ពីក្រូចឆ្មារ រហូតដល់ក្រូចថ្លុង ពពួកផ្លែបឺរី ពពួកត្រសក់ផ្អែមនិងឪឡឹក ផ្លែគីវី បន្លែបៃតង ប៉េងប៉ោះ ផ្កាខាត់ណា ស្ពៃក្ដោបជាដើម។
បរិមាណវីតាមីន Cដែលត្រូវការតាមវ័យ
ការណែនាំសម្រាប់បរិមាណវីតាមីន C ដែលរាងកាយត្រូវគឺមានភាពខុសគ្នាទៅតាមវ័យនិងភេទ។ សម្រាប់ស្ត្រីមានផ្ទៃពោះ និងម្ដាយបំបៅដោះកូនត្រូវការបរិមាណវីតាមីន Cច្រើនជាងគេក្នុងរបបអាហារ។
កុមារអាយុចាប់ពី១-១០ ឆ្នាំត្រូវការវីតាមីនC ៣០ ម.ក្រ ក្នុងមួយថ្ងៃ
កុមារអាយុចាប់ពី១១-១៤ឆ្នាំ ត្រូវការវីតាមីន C ៣៥ម.ក្រ ក្នុងមួយថ្ងៃ
កុមារអាយុលើស១៥ឆ្នាំ និងមនុស្សជំទង់ ត្រូវការវីតាមីន C ៤០ម.ក្រ ក្នុងមួយថ្ងៃ៕