ស្ងប់ស្ងាត់ជាពេលវេលាដែលមនុស្សជាច្រើនធុញថប់ ហើយព្យាយាមលុបបំបាត់វាដោយសារធ្វើសកម្មភាពនានាដើម្បីកម្សាន្ត ខណៈមនុស្សមួយចំនួនតូចអាចប្រើប្រាស់ពេលវេលាស្ងប់ស្ងាត់នេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍បានយ៉ាងច្រើនដើម្បីអភិវឌ្ឍជីវិត។
តាមរយៈស្ថាប័ន psychology today បានបញ្ជាក់ថា ពេលវេលាស្ងប់ស្ងាត់ផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សម្នាក់ៗប្រសិនបើយើងចេះប្រើប្រាស់វាដើម្បីជាប្រយោជន៍សម្រាប់ជីវិត។ ជាធម្មតាមនុស្សម្នាក់ៗភាគច្រើនរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយការទទួលខុសត្រូវ បន្ទុក និងការងារជាច្រើនដែលធ្វើឱ្យយើងរវល់ស្ទើរគ្រប់ពេល។
ជាក់ស្តែង ពេញមួយថ្ងៃសម្រាប់មនុស្សម្នាក់ ប្រសិនបើគាត់នៅផ្ទះគាត់នឹងមានតួនាទីជាសមាជិកគ្រួសារពេលទៅដល់កន្លែងធ្វើការងារគាត់ជាបុគ្គលិក ឬជាម្ចាស់អាជីវកម្មពេលចេញមកក្រៅគាត់នឹងមានតួនាទីមួយទៀតជាសមាជិកសង្គមឬជាមិត្តិភក្តិនៅក្នុងចង្កោមមនុស្សណាមួយសម្រាប់ការប្រាស្រ័យទាក់ទង។ ហេតុនេះតាំងពីព្រឹក រហូតដល់សម្រាកទៅវិញ យើងមានការទទួលខុសត្រូវរហូតឥតឈប់ឈរ។ កត្តានេះធ្វើឱ្យយើងលំបាកស្វែងរកពេលវេលាស្ងប់ស្ងាត់ដើម្បីត្រួតពិនិត្យមើលលើដំណើរជីវិតរបស់ខ្លួនឯង។
ស្ថាប័នខាងលើបានបញ្ជាក់ថា ហេតុនេះហើយទើបប្រជាជននៅបណ្តាប្រទេសជាច្រើនជាពិសេសនៅអឺរ៉ុបចូលចិត្តចំណាយពេលវេលាដើម្បីស្វែងរកភាពស្ងប់ស្ងាត់ជាមួយធម្មជាតិ ឬនៅកន្លែងដែលពោរពេញដោយទេសភាពណាមួយដើម្បីសម្រាក ហើយរកពេលពិនិត្យពីជីវិតជាក់ស្តែង។
ការធ្វើបែបនេះត្រូវបានអ្នកជំនាញចិត្តសាស្រ្តបញ្ជាក់ថា នឹងធ្វើឱ្យដំណើរជីវិតរបស់យើងទទួលបានការអភិវឌ្ឍប្រកបដោយសក្តានុពល ព្រោះកាលណាយើងមានពេលពិនិត្យលើដំណើរជីវិត ឬសកម្មភាពប្រចាំថ្ងៃយើងនឹងមើលឃើញពីចំណុចខ្លាំង និងចំណុចខ្សោយផ្ទាល់ខ្លួន។ នៅពេលនោះហើយដែលធ្វើឱ្យយើងទទួលបានទិន្នន័យច្បាស់លាស់លើភាពខ្លាំង ដើម្បីអភិវឌ្ឍខ្លួនឯងបន្តហើយមើលឃើញពីចំណុចខ្វះខាតល្អិតៗ ដើម្បីដោះស្រាយវាឱ្យអស់ហើយប្រែវាឱ្យក្លាយជាភាពខ្លាំងវិញ៕