ដើមឆ្នាំ ជាពេលវេលាដែលត្រូវគិតពីការប្រើប្រាស់ពេលវេលា សម្រាប់អភិវឌ្ឍជីវិតឱ្យកាន់តែប្រសើរ។ ក្នុងចំណោមចំណុចសំខាន់នានាដែលធ្វើឱ្យជីវិតរបស់យើងប្រែប្រួល ការប្រើប្រាស់ពេលវេលាគឺជាចំណុចចម្បងដែលគួរយកចិត្តទុកដាក់ ព្រោះមនុស្សម្នាក់ៗមានពេលវេលាស្មើៗគ្នា តែអ្វីដែលធ្វើឱ្យពួកគេទទួលលទ្ធផលខុសគ្នាគឺដោយសារតែការប្រើប្រាស់ពេលវេលាមានចំណុចខុសគ្នា។
ថ្មីៗនេះ ស្ថាប័ន Our World in Data ដែលជាស្ថាប័នស្រាវជ្រាវទិន្នន័យដ៏ល្បីល្បាញរបស់ពិភពលោកបានបញ្ចាក់ថា មនុស្សនៅតាមប្រទេសនានាលើពិភពលោកមានឥរិយាបទ ក្នុងការប្រើប្រាស់ពេលវេលាខុសគ្នា។ ហេតុនេះហើយទើបយើងឃើញថា ប្រជាជននៅតំបន់ខ្លះមានការអភិវឌ្ឍលឿន ខណៈប្រជាជននៅតំបន់មួយចំនួនទៀតលំបាកអភិវឌ្ឍខ្លួន បើទោះបីជាពិភពលោកកំពុងផ្លាស់ប្តូរជាវិជ្ជមានក៏ដោយ។
ស្ថាប័នដ៏មានសារៈសំខាន់ខាងលើបានធ្វើការស្ទង់មតិលើមនុស្សចន្លោះពី១៥ឆ្នាំ ដល់៦៤ឆ្នាំ នៅប្រទេស OECD ដើម្បីដឹងថា តើប្រជាជនក្នុងប្រទេសអភិវឌ្ឍ និងប្រទេសអភិវឌ្ឍតិចតួចមានឥរិយាបថនៃការប្រើប្រាស់ពេលវេលាខុសគ្នាដូចម្តេចខ្លះ។
Our World in Data បានបញ្ជាក់ថា ជនជាតិដែលប្រើប្រាស់ពេលវេលាដើម្បីធ្វើការងារនិងទទួលបានផលប្រយោជន៍ច្រើនជាងគេ គឺប្រជាជនជប៉ុន ដែលជាមធ្យមពួកគេធ្វើការងារ៥ម៉ោងកន្លះ ពេញដៃពេញជើងនៅកន្លែងការងារ ដោយអ្នកខ្លះទៀតបន្តធ្វើការងារលើស១០ម៉ោង ឬបន្ថែមនៅថ្ងៃឈប់សម្រាកថែមទៀតផង។ ហេតុនេះហើយទើបគេឃើញថា ប្រទេសជប៉ុនជាប្រទេសដែលមានប្រជាជនសកម្មបំផុត និងជាកន្លែងដែលហាក់បីដូចជារោងចក្រដែលដើរដោយមនុស្ស និងម៉ាស៊ីនដំណាលគ្នា។
ងាកទៅអាមេរិកវិញ ស្ថាប័នខាងលើបានបញ្ជាក់ថា ប្រជាជនមួយចំនួនហាក់កំពុងចំណាយពេលវេលាច្រើនលើការកម្សាន្តនៅក្នុងគ្រួសារ ដោយទិន្នន័យបញ្ជាក់ថា ជាមធ្យមពួកគេចំណាយពេល ២ម៉ោងកន្លះដើម្បីមើលទូរទស្សន៍។បន្ថែមពីលើនេះ ពួកគេក៏ចំនាយពេលវេលាច្រើនផងដែរលើការកម្សាន្តតាមវិធីផ្សេងៗទៀតតាមរយៈអនឡាញ ឬចេញទៅខាងក្រៅជាដើម។
បើមើលទៅអឺរ៉ុបវិញ បើទោះបីជាប្រជាជនមានភាពឧស្សាហ៍ តែក៏មានចន្លោះប្រហោងផងដែរក្នុងការប្រើប្រាស់ពេលវេលា។ នៅប្រទេសបារាំង និងអាស្បាញប្រជាជនបានប្រើប្រាស់ពេលវេលាធ្វើការពេញដៃពេញជើងតិចបំផុតត្រឹម ៣ម៉ោងក្នុងមួយថ្ងៃ ខណៈប្រជាជនប្រទេសខ្លះដូចជានៅបារាំងជាដើម ចំណាយពេលវេលារហូតដល់ទៅ២ម៉ោងសម្រាប់ការទទួលទានអាហារ៕