ត្រួវពិនិត្យពេលវេលាក្នុងមួយថ្ងៃឡើងវិញ ដើម្បីផលិតភាពការងារខ្ពស់

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា ពេលវេលាជារឿងមានតម្លៃបំផុត​សម្រាប់​ជីវិត តែពេលខ្លះនៅពេលដែលយើងមិនដឹងពីវិធីក្នុងការគ្រប់គ្រងពេលវេលាឱ្យបានល្អ វាធ្វើឱ្យយើង​ក្លាយជាមនុស្សដែលបណ្តែតបណ្តោយឱ្យ​រឿងល្អៗក្នុងជីវិតរសាត់អណ្តែត​ចេញទៅជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Stephen R. Covey អ្នកនិពន្ធសៀវភៅ ទម្លាប់ល្អទាំង៧យ៉ាងសម្រាប់​បុគ្គលឆ្នើមបានបញ្ជាក់ថា វិធីសាស្រ្តល្អបំផុតក្នុងការ​ត្រួតពិនិត្យឡើងវិញពីពេលវេលាប្រចាំថ្ងៃ ហើយ​ច្នៃឱ្យក្លាយជា​មនុស្សមានផលិតភាពការងារខ្ពស់ គឺ​ការត្រួតពិនិត្យមើល​ពេលវេលា​ពេញមួយថ្ងៃឡើងវិញថា តើកន្លងមក​យើងបានប្រើប្រាស់ពេលវេលារបស់យើងល្អកម្រិតណា?

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបានរំឮកថាកាលណាយើងគ្មានគោលដៅប្រចាំថ្ងៃ គ្មានគោលដៅប្រចាំសប្តាហ៍ និងគ្មានគោលដៅប្រចាំឆ្នាំ យើងនឹងក្លាយជាមនុស្សម្នាក់ដែលខ្ជះខ្ជាយ​ពេលវេលាបំផុត ព្រោះ​យើងគ្មាបុព្វហេតុក្នុងការរស់នៅ។ ហេតុនេះអ្វីដែលអាចធ្វើបានគឺចាប់ផ្តើម​កំណត់គោលដៅ ហើយធ្វើការវាស់វែងពេលវេលារបស់យើងឱ្យបានល្អដើម្បី​ធានាថាយើងរស់នៅក្នុងថ្ងៃនីមួយៗប្រកបដោយអត្ថន័យនិងគុណតម្លៃ។

ដំណាក់កាលនេះ ការចាប់ផ្តើម​ក្នុងមួយថ្ងៃយើងអាចសាកល្បងសួរខ្លួនឯងថា តើជារៀងរាល់ព្រឹក យើងបានធ្វើអ្វីខ្លះនិងចំណាយពេលប៉ុន្មានក្រោយក្រោយពេលភ្ញាក់ពីដំណេក? បន្តាប់មក​ពេលចូលធ្វើការងារតើយើងចំណាយពេលប៉ុន្មានដើម្បីធ្វើអ្វីខ្លះឱ្យកើតជាប្រយោជន៍។ អ្នកខ្លះ​គាត់អាចរកឃើញចម្លើយល្អសម្រាប់គាត់ដោយងើបឡើងជាមួយក្តីសង្ឃឹមនិងការរក្សាសុខភាព ខណៈមនុស្សមួយចំនួនទៀតភ្ជាក់ពីដំណេកជាមួយនឹងភាពយឺតយ៉ាវ ខ្ជះខ្ជាយនិង​នឿយណាយដោយសារតែការចូលគេងយប់ជ្រៅពេក ក្រោយពីចំណាយពេលច្រើនពេកកាលពីយប់ក្នុងការលេងបណ្តាញសង្គម។

បន្ថែមពីលើនេះ សម្រាប់អ្នកធ្វើការងារក៏ដូចគ្នាមានមនុស្សជាច្រើនប្រភេទ​ផ្សេងៗគ្នា។ នៅពេលទៅដល់ការិយាល័យសម្រាប់អ្នកដែលមាន​ការត្រៀមខ្លួនបានល្អ គេច្រើនទៅដល់កន្លែងធ្វើការងារជាមួយបំណងច្បាស់លាស់ហើយបញ្ចេញសកម្មភាព​យ៉ាងសកម្មបំផុតនៅក្នុងម៉ោងដំបូង ខុសពីអ្នកដែលប្រើពេលវេលាមិនបានល្អដែលត្រូវចំណាយពេលរាប់ម៉ោងក្នុងការគិតថាតើព្រឹកនេះត្រូវធ្វើអ្វី?​

បន្ថែមពីលើនេះ យើងក៏គួរសួរខ្លួនឯងផងដែរថាតើពេលវេលា​ប៉ុន្មានម៉ោងទៀតនៅពេលរសៀល យើងបានធ្វើអ្វីខ្លះក្នងមួយថ្ងៃៗ? ហើយពេលចេញពីធ្វើការងារតើយើងចំណាយពេលវេលានោះដូចម្តេច។

ប្រសិនបើយើងបានចម្លើយយ៉ាងល្អិតល្អន់ ហើយយើងនឹងឃើញថា​ក្នុងជីវិតរបស់យើង មានពេលវេលាប៉ុន្មានឬសកម្មភាពអ្វីខ្លះដែលយើងធ្វើបានល្អ ហើយរឿងណាខ្លះដែលយើងធ្វើមិនបានល្អ។ ក្រោយទទួលបានចម្លើយច្បាស់លាស់ហើយ យើងអាច​ព្យាយាម​បង្កើនទម្លាប់ប្រចាំថ្ងៃឱ្យបានល្អជាងមុន តាមរយៈការរៀបចំផែនការសកម្មភាពល្អៗដើម្បីជួសជុលភាពខ្ជះខ្ជាយរបស់យើង៕