ដើមឆ្នាំជាពេលវេលាដែលត្រូវគិតពីការរៀបចំផែនការជីវិត

ការរៀបចំផែនការជីវិត ជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះវាជាចំណុចកំណត់ពីផលិតភាពការងារ និងសម្រេចពីចំណុចដែលត្រូវអភិវឌ្ឍដើម្បីឆ្ពោះទៅរកភាពរីកចម្រើន។ ប្រសិនបើមនុស្សម្នាក់ៗគ្មានការផែនការនោះទេជីវិតពួកគេនឹងរស់នៅបណ្តែតបណ្តោយជាយថាកម្ម​ និងបាត់បង់ឱកាសជាច្រើនដើម្បីអភិវឌ្ឍសមត្ថភាព។

នៅក្នុងអំឡុងពេលដើមឆ្នាំនេះ អ្វីដែលគួរចាប់ផ្តើមសម្រាប់អ្នកទាំងអស់គ្នាគឺការបង្កើនផែនការជីវិតឱ្យបានល្អិតល្អន់សម្រាប់ឆ្នាំបន្ទាប់ថា តើយើងចង់ក្លាយជាមនុស្សបែបណា? មានចំណូលប៉ុន្មាន? មានសម្មិទ្ធិផលជីវិតអ្វីខ្លះ?ឬ​បំណងប្រាថ្នាសំខាន់អ្វីខ្លះសម្រាប់ជីវិតជាដើម។

ការកំណត់ផែនការជីវិតមិនមែនជារឿងលំបាកពេកទេ តែវាទាមទារឱ្យមានវិធីសាស្រ្តល្អដើម្បីរៀបចំឱ្យបានល្អ​ទើបធានាថាជីវិតរបស់យើងអាចអនុវត្តគម្រោងការទាំងអស់នោះ ប្រកបដោយ​ប្រសិទ្ធភាព និង​បន្តទៅឆ្នាំបន្ទាប់ៗទៀតដោយជោគជ័យ។ ថ្ងៃនេះក្រម៉ាប៉ុស្តិ៍សូមលើកយកវិធីសាស្ត្រមួយចំនួន ​ដើម្បីជួយឱ្យអ្នកទាំងអស់គ្នា​រៀបចំផែនការជីវិតបានល្អសម្រាប់ឆ្នាំថ្មីនេះ។

១. កំណត់ផែនការរួមប្រចាំឆ្នាំ

ការកំណត់ផែនការជីវិតប្រចាំឆ្នាំចាំបាច់ត្រូវតែកំណត់គោលបំណងឱ្យបានច្បាស់ក្នុងឆ្នាំនីមួយៗ​ថាតើអ្វីជាគោលដៅធំបំផុតដែលយើងចង់បានហើយ​វាត្រូវការធាតុផ្សំអ្វីខ្លះដើម្បីសម្រេចឱ្យបាន។ ជួនកាលគោលបំណងមួយចំនួនអាចជារឿងថ្មីដែលយើងមិនហ៊ានគិតចង់ធ្វើពីមុនមក តែវាអាចជារឿងល្អមួយដែលធ្វើឱ្យជីវិតរបស់យើងកាន់តែអភិវឌ្ឍ។

ហេតុនេះមុននឹងស​ម្រេចចិត្ត​កំណត់គោលបំណងសំខាន់ៗទាំងអស់នេះ យកល្អគួរ​ស្វែងរកពេលវេលាស្ងប់ស្ងាត់ល្អណាមួយដើម្បី​កត់ទុកនូវអ្វីដែលយើងចង់បានឱ្យអស់។ បន្ទាប់មក​គូរចាត់ថ្នាក់វាជា​អាទិភាព ឬភាពចាំបាច់ ដោយដាក់ចំណុចចាំបាច់បំផុតខាងលើ និងរាយចុះមកក្រោមតាមភាពមិនសូវចាំបាច់របស់​គម្រោងការនីមួយៗ។

២. បំបែកផែនការជីវិតជាត្រីមាស

រយៈពេលមួយឆ្នាំមើលទៅហាក់ដូចជាវែងឆ្ងាយខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ តែយើងពិចារណាតែបន្តិចយើងនឹងឃើញថា មួយឆ្នាំគឺជាពេលវេលាខ្លីបំផុត។ ជាក់ស្តែងយើងអាចពិចារណាបានពីសម្មិទ្ធិផលឆ្នាំចាស់ដែលយើងគ្រោងទុកឬសកកម្មភាពនានាដែលយើងចង់ធ្វើនៅឆ្នាំចាស់នៅថ្ងៃនេះ យើងនឹងដឹងថាតាមពិតទៅគម្រោងខ្លះយើងចាយពេលពេញមួយឆ្នាំអនុវត្តសឹងតែមិនទាន់ ហើយមិនទាន់បានប៉ុន្មានផងមួយឆ្នាំបានរំលងបាត់ទៅហើយ។

ហេតុនេះការកំណត់ផែនការជាត្រីមាស គឺជារឿងសំខាន់ខ្លាំងណាស់ដើម្បីធ្វើឱ្យយើងមើលឃើញពីដំណើរជីវិតខ្លួនឯងកាន់តែច្បាស់។

ការកំណត់ផែនការជាត្រីមាសគួរធ្វើដោយពិចារណាទៅលើ​ផែនការអាទិភាពប្រចាំឆ្នាំថា តើពេលវេលាណាគួរសម្រេចសកម្មភាពបែបណា ដើម្បីឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុងផែនការមេពេញមួយឆ្នាំ។ ការធ្វើបែបនេះក៏ជាចំណុចយ៉ាងងាយស្រួលក្នុងការ​វាស់វែងលទ្ធផលរៀងរាល់៣ខែម្តង៕