សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ការអប់រំកូនគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះកាលណាយើងអប់រំមិនបានល្អក្មេងៗអាចនឹងរីកលូតលាស់ឡើងជាមួយនឹងស្ថានភាពអវិជ្ជមាន តែប្រសិនបើយើងធ្វើឱ្យគាត់ក្លាយជាមនុស្សដែលចេះគិតវែងឆ្ងាយ នោះក្មេងៗនឹងក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលនៅថ្ងៃអនាគត។
លោក Christopher Lee អ្នកនិពន្ធសៀវភៅ Operacy បានបញ្ចាក់ថា ការអប់រំកូនៗគឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់អាណាព្យាបាលគ្រប់រូប។ កាលណាកូនតូចៗទទួលបានការអប់រំល្អពីក្មេងមានន័យថា គេមានមូលដ្ឋានគ្រឹះរឹងមាំដើម្បីក្លាយជាធនធានប្រកបដោយសមត្ថភាពនិងសក្តានុពល។ ហេតុនេះហើយអាណាព្យាបាលគួរយកចិត្តទុកដាក់ក្នុងការអប់រំកុមារឱ្យបានល្អ។
តែទោះជាយ៉ាងនេះក្តីលោកថា អាណាព្យាបាលមួយចំនួនក៏ហាក់នៅមានចន្លោះប្រហោងនៅឡើយ ពាក់ព័ន្ធនឹងវិធីសាស្រ្តក្នុងការអប់រំ ដោយមានអ្នកខ្លះប្រើហិង្សារដើម្បីអប់រំកូន ខណៈអ្នកខ្លះទៀតបានប្រើប្រាស់វិធីមិនត្រឹមត្រូវ ដែលធ្វើឱ្យពួកគេក្លាយជាមនុស្សមិនល្អបើទោះបីជាខិតខំអប់រំយ៉ាងណាក៏ដោយ។
លោក Christopher Lee បាននិយាយថា៖ «វិធីសាស្ត្រល្អក្នុងការអប់រំក្មេងឱ្យក្លាយជាមនុស្សខ្លាំងប្រកបដោយភាពវិជ្ជមាន គឺបំផុសពួកគេឱ្យមើលឃើញពីចក្ខុវិស័យរបស់គេឱ្យបានវែងឆ្ងាយ»។
អ្នកអប់រំខាងលើបានបញ្ជាក់ថា កុមារជាវ័យដែលត្រូវការពន្យល់លម្អិតបំផុតជុំវិញការរស់នៅហេតុនេះប្រសិនបើអាណាព្យាបាលមិនបានពន្យល់គាត់ឱ្យបានច្បាស់លាស់នោះទេ គាត់នឹងមិនយល់ពីអ្វីដែលអាណាព្យាបាលចង់ឱ្យគាត់ធ្វើនោះទេហើយគ្រប់ទង្វើដែលគាត់ធ្វើគឺធ្វើតាមតែការបង្គាប់បញ្ជាររបស់ឪពុកម្តាយតែប៉ុណ្ណោះ។ ផ្ទុយមកវិញ ប្រសិនបើអាណាព្យាបាលបានពន្យល់ពួកគេច្បាស់ ហើយបំផុតឱ្យពួកគេចេះរស់នៅក្នុងជីវិតដែលមានគោលដៅ ឬមានចក្ខុវិស័យវែងឆ្ងាយ ពួកគេអាចនឹងក្លាយជាអ្នកដែលរស់នៅប្រកបដោយភាពច្បាស់លាស់ ព្រោះគាត់អាចមានបុព្វហេតុជីវិតមួយដើម្បីធ្វើយ៉ាងណាឱ្យគាត់ក្លាយជាមនុស្សខ្លាំង ឬជាមនុស្សដែលសង្គមត្រូវការជាដើម៕