តើការលក់ឡាយឡុងអចលនវត្ថុតាមផ្លូវច្បាប់តុលាការត្រូវធ្វើឡើងយ៉ាងដូចម្ដេច

ការលក់ឡាយឡុងអចលនទ្រព្យតាមផ្លូវតុលាការ សំដៅដល់ស្ថានភាពមួយដែលតុលាការចាត់ចែងលក់ដោយបង្ខំលក់នូវអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្ត (អ្នកចាញ់) ទៅឱ្យសាធារណៈជន ដែលមានបំណងចង់ទិញអចលនវត្ថុនោះមកធ្វើជាកម្មសិទ្ធិករ។ 

ចំពោះប្រាក់ដែលបានមកពីការលក់ឡាយឡុងអចលនវត្ថុតាមផ្លូវតុលាការ នឹងយកទៅចែកចំណែកឱ្យទៅម្ចាស់បំណុល់នៃការអនុវត្ត (អ្នកឈ្នះក្តី) និងម្ចាស់បំណុលដែលមានសិទ្ធិទទួលចំណែក។

ឧទាហរណ៍៖ លោក វិចិត្រ បានឱ្យលោក មរ ខ្ចីប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ហើយលោក មរ បានធ្វើកិច្ចសន្យាថានឹងសងត្រឡប់មកវិញក្នុងអំឡុងរយៈពេល៦ខែបន្ទាប់ ដោយមានទ្រព្យបញ្ចាំជាប្លង់ផ្ទះ ប៉ុន្តែលុះដល់ពេលកំណត់ លោក មរ មិនបានសងប្រាក់ទៅឱ្យលោក វិចិត្រ វិញនោះទេ និងមិនមានឆន្ទៈក្នុងការចូលរួមដោះស្រាយបំណុលដោយស្ម័គ្រចិត្ត ជាមួយម្ចាស់បំណុល។

ករីណីនេះអាចកើតឡើងដោយមិនមានការចរចារម្ដងជាពីរដង និងដោយការយោគយល់ពីម្ចាស់បំណុលក្នុងរយៈពេលកំណត់មួយ (អាចលើសពីពេលវេលា ដែលមានចែងក្នុងកិច្ចសន្យា) លោក វិចិត្រ អាចមានជម្រើសចុងក្រោយគឺការប្តឹងទៅតុលាការ ដើម្បីឱ្យចេញសាលក្រមបង្ខំឱ្យលោក មរ សងប្រាក់មកខ្លួនវិញ។ ក្រោយមកតុលាការបានទទួលពាក្យបណ្តឹង និងចាត់ការតាមនីតិវិធីរហូតចេញសាលក្រមតាមការទាមទាររបស់លោក វិចិត្រ។

លោក វិចិត្រ បានដាក់ពាក្យសុំអនុវត្តសាលក្រមនេះ ដោយសុំលក់ដោយបង្ខំនូវអលចនវត្ថុជាដី និងផ្ទះរបស់លោក ម៉ារ៉ា មកតុលាការ។ ជាលទ្ធផល តុលាការចាត់ការនីតិវិធី ដោយរឹបអូសអចលនវត្ថុនេះ ហើយដាក់លក់ដោយការផ្សាយជាសាធារណៈ ទើបមានលោក បូរ៉ា ដែលជាសាធារណៈជនចូលខ្លួនមកដេញថ្លៃទិញយកក្នុងតម្លៃ១៥ម៉ឺនដុល្លារអាមេរិក។ ករណីនេះ លោក បូរ៉ា ត្រូវបានគេទទួលស្គាល់ថាជាម្ចាស់សិទ្ធិលើអចលនវត្ថុនេះ។ 

ថវិកាដែលបានពីការលក់មួយចំណែកនឹងត្រូវសងទៅម្ចាស់បំណុល និងចំណែកនៅសល់បានទៅលើ លោក មរ ដែលជាកូនបំណុល៕