កំហុស២យ៉ាង ដែលអាណាព្យាបាលខ្មែរយល់ច្រឡំចំពោះការអប់រំកូន

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការអប់រំគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការរស់នៅ ព្រោះវាជាដំណាក់កាលយ៉ាងសំខាន់ក្នុងការកំណត់វាសនារបស់មនុស្សម្នាក់ៗហើយមិនថាវ័យណានោះទេ ការអប់រំនៅតែត្រូវការជាចាំបាច់ដើម្បីឱ្យជីវិតរីកចម្រើន។

បើទោះជាយ៉ាងនេះក្តី កន្លងមក​អាណាព្យាបាលខ្មែរយើងជាច្រើន ហាក់កំពុងយល់ច្រឡំពីចំណុចសំខាន់ៗមួយចំនួនក្នុងការអប់រំកូនដែលវាអាចផ្តល់ផលប៉ះពាល់ជាអវិជ្ជមានជាច្រើនដល់ជីវិតរបស់ពួកគេ។

១. ចិញ្ចឹមទុកឱ្យឪពុកម្តាយ តែអប់រំទុកឱ្យសាលាជាអ្នកគិតគូរ

អាណាព្យាបាលជាច្រើននាពេលបច្ចុប្បន្ននេះកំពុងគិតថា​តួនាទីក្នុងការអប់រំ​​ក្មេងគឺជាភារកិច្ច និងតួនាទីរបស់សាលារៀន​។មានអាណាព្យាបាលខ្លះយល់ថា តួនាទីរបស់គាត់គឺខិតខំរកលុយដើម្បី​ចិញ្ចឹម រួមទាំងផ្គត់ផ្គង់កូនៗឱ្យមានឱកាសចូលសាលា។ក្រោយពេលចូលសាលាបានហើយ ភារៈទាំងអស់ក្នុងការបណ្តុះបណ្តាលឱ្យកូនក្លាយជាមនុស្សមានចំណេះដឹងគឺជាការទទួលខុសត្រូវរបស់អ្នកអប់រំតែមួយមុខគត់។

ការយល់ឃើញបែបនេះមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះកន្លងមក​ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា ធ្លាប់បានបញ្ជាក់ហើយថា ការអប់រំនៅផ្ទះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញឱ្យកូនក្លាយជាមនុស្សខ្លាំង។ ឯកឧត្តមថា មុនចូលសាលារៀនក្មេងត្រូវរស់នៅជាមួយម្តាយជាច្រើនឆ្នាំ ហើយពេលចូលសាលាក៏ពួកគេបានចំណាយពេលវេលាត្រឹមតែបួនប្រាំម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ 

ហេតុនេះ​អ្នកដែលកុមារចំណាយពេលច្រើនបំផុត​ដើម្បីនៅជាមួយ គឺអាណាព្យាបាល។ ដូច្នេះ ការចូលរួមរបស់អាណាព្យាបាលក្នុងការអប់រំកូនគឺជារឿងសំខាន់ខ្លាំងណាស់ដើម្បីជួយឱ្យកូន​ក្លាយជាមនុស្សខ្លាំងបន្ថែមពីលើអ្វីដែលសាលាបានបង្រៀន។

២. ក្មេងតូចកុំឱ្យរៀនសាលាល្អ ចាំធំចាំចូលសាលាល្អ

អាណាព្យាបាលមិនតិចទេ នាពេលបច្ចុប្បន្ននេះ យល់ថាក្មេងតូចៗមិនគូរចូលរៀនសាលាថ្លៃឬល្អពេកនោះទេព្រោះក្មេងជាវ័យដែលមិនដឹងអី ហើយការចូលរៀនសាលាថ្លៃពេកនៅវ័យនេះអាចជារឿងខាតបង់លុយឥតប្រយោជន៍។

ការយល់ឃើញបែបនេះ មិនប្រាកដថាជារឿងត្រឹមត្រូវនោះទេព្រោះតាមរយៈការបង្ហាញរបស់អ្នកចិត្តសាស្ត្ររបស់កុមារ ដែលដកស្រង់ការចេញផ្សាយដោយ​វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថាកុមារតូចអាចមានសមត្ថភាពវិនិច្ឆ័យតាំងពីអាយុ៦ខែ។ ហេតុនេះ ការអប់រំកុមារតូចគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បំផុតព្រោះកាលណា​យើងបណ្តុះបណ្តាលអត្តចរិត និងផ្នត់គំនិតកុមារបានល្អ ពួកគេនឹងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់រស់នៅ។នៅពេលដែលពួកគេរីកធំធាត់ឡើងទើប​បណ្តុះបណ្តាល វាអាចជារឿងលំបាក ព្រោះយើងមិនបានបុកគ្រឹះពួកគេឱ្យបានមាំទាំនៅពេលដែលកូនៗនៅតូច៕