វិធីសាស្រ្តងាយៗក្នុងការថែរក្សារូបរាងឲ្យបានស្រស់ស្អាត ក្រោយពេលសម្រាលកូនហើយ

នៅក្នុងពេលបច្ចុប្បន្នយើងសង្កេតឃើញថា យុវជនជាច្រើនកំពុងតែមានការស្វះស្វែងខ្លាំងដើម្បីទទួលបានរូបរាងស្អាតតាមប៉ង់ប្រាថ្នា។ យ៉ាងណាមិញឆ្នាំថ្មីបានចូលមកដល់ហើយ យើងក៏គួរតែបានត្រៀមនូវលក្ខណៈពិសេសសម្រាប់ខ្លួនឯងឱ្យមានភាពល្អប្រសើរទៅតាមឆ្នាំដូចគ្នា។ ចំពោះមិត្តនារីៗដែលមានបំណងប្រាថ្នាចង់បានរូបរាងស្រឡូនស្អាត ហើយថែមទាំងមានសុខភាពល្អនៅក្នុងឆ្នាំថ្មីនេះអាចសាកល្បងវិធីសាស្រ្តខាងក្រោម៖

១/តាំងចិត្ត៖ អ្នកត្រូវមានការតាំងចិត្តឱ្យបានខ្ពស់ជាមុនសិន មុននឹងអ្នកចាប់ផ្ដើមអនុវត្តវិធីសាស្ត្រទាំងឡាយ ព្រោះថាបើទោះបីជាមធ្យោបាយនោះមានប្រសិទ្ធភាពយ៉ាងណាក៏ដោយប៉ុន្តែបើអ្នកធ្វើបានតែមួយឆាវ ហើយក៏ឈប់វានឹងមិនទទួលបានលទ្ធផលដូចការរំពឹងទុកឡើយ។ អ្នកអាចជ្រើសយកការជម្រុញការតាំងចិត្តតាមរយៈការមើលរូបភាពតារាដែលមានរាងស្អាត ស្លៀកសម្លៀកបំពាក់ស្អាតៗជាដើម ដើម្បីឱ្យអារម្មណ៍របស់អ្នកគ្មានការចុះចាញ់។

២/សម្លឹងលទ្ធផល៖ មិនទាន់អនុវត្តក៏ដោយ ក៏ប៉ុន្ដែអ្នកត្រូវតែគិតនៅពេលដែលលទ្ធផលអ្នកត្រូវទទួលបានដូចជារូបរាងស្រឡូនស្អាត មានភាពជឿជាក់ និងទំនុកចិត្តជាដើម។​ វាគឺជាវិធីសាស្រ្តផ្លូវចិត្តមួយដែលមានប្រសិទ្ធភាពខ្លាំងបំផុតសម្រាប់ស្រ្តី ពីព្រោះថាអ្នកណាក៏ដោយមុនសម្រេចចិត្តធ្វើអ្វីមួយតែងតែគិតនូវផលប្រយោជន៍ដែលត្រូវទទួលបាននៅពេលជោគជ័យ នោះរឹតតែធ្វើឱ្យយើងខិតខំប្រឹងប្រែងអនុវត្តវិធីសាស្ត្រផ្សេងៗដែលមានឥទ្ធិពលល្អដល់គោលបំណងរបស់ខ្លួន។

៣/អនុវត្ត៖ ចាប់ផ្ដើមរកវិធីសាស្រ្តផ្សេងៗដែលជួយឱ្យរូបរាងរបស់អ្នកទាក់ទាញ ដូចជាការហាត់ប្រាណ ការរៀបចំរបបអាហារឱ្យបានត្រឹមត្រូវ ការទទួលទានអាហារបានទៀងទាត់ពេលវេលា អាហារសម្បូរវីតាមីនជំនួយដល់រូបរាងកាយនិងសុខភាព។ បើអ្នកមានជីវភាពធូរធារដែរនោះ អ្នកគួរមានគ្រូបង្វឹកផ្ទាល់ខ្លួនមួយរូបសម្រាប់ធ្វើលំហាត់ប្រាណដើម្បីឆាប់ទទួលបានលទ្ធផលឱ្យដូចក្ដីស្រមៃរបស់ខ្លួន។

៤/បែងចែកពេលវេលា៖ ពេលខ្លះដោយសារតែអ្នកចង់ឱ្យឆាប់ទទួលបានលទ្ធផលពេក អ្នកអាចមិនបានបែងចែកពេលវេលាឱ្យបានច្បាស់លាស់ឡើយ ដោយអ្នកគិតតែពីប្រឹងហាត់ប្រឹងតមអាហារ ដោយគ្មានការសិក្សាស្វែងយល់ឱ្យបានច្បាស់វាអាចធ្វើឱ្យសុខភាពរបស់អ្នកចុះទ្រុឌទ្រោមតាមការប្រឹងប្រែងលើសកំណត់របស់អ្នក។ ដូច្នេះអ្នកត្រូវមានការបែងចែកឱ្យបានត្រឹមត្រូវ ដើម្បីហាត់ប្រាណដូចជាក្នុងមួយថ្ងៃ ១​ម៉ោងឲ្យបានទៀងទាត់។ ហាមដាច់ខាតការបង្អត់អាហារដើម្បីទទួលបានរូបរាង ព្រោះថាវាមិនត្រឹមតែមិនជួយឱ្យរូបរាងរបស់អ្នកមិនស្រស់ស្អាត ប៉ុន្តែវាអាចបង្កនូវផលវិបាកដល់សុខភាពនាពេលថ្ងៃអនាគត។

៥/ការគេងឲ្យបានគ្រប់គ្រាន់៖​ ការគេងឲ្យបានគ្រប់គ្រាន់មានទាំងសុខភាព និងសម្រស់ឱ្យមានភាពស្រស់ថ្លាពីខាងក្នុងខ្លួន ហើយម្យ៉ាងវិញទៀតនៅអំឡុងពេលគេងក្នុងរាងកាយក៏មានសកម្មភាពដំណើរការដុតជាតិខ្លាញ់នៅក្នុងខ្លួនឲ្យបានល្អ ហើយប្រព័ន្ធរំលាយអាហារក៏មានសភាពប្រក្រតីនិងអាចឱ្យអ្នកមិនមានការទល់លាមកដែលធ្វើឱ្យស្បែកស្រអាប់ គ្មានខ្លាញ់ក្បាលពោះថែមទៀតផង។

សរុបរួមមកវិញការថែរក្សារូបរាងឱ្យមានភាពស្រស់ស្អាតក្រោយពេលសម្រាលកូនមិនមានជាការលំបាកពេកនោះទេ គ្រាន់តែតម្រូវឱ្យមានការអត់ធ​ន់បន្តិច ហើយព្យាយាមអនុវត្តគន្លឹះខាងលើឱ្យបានត្រឹមត្រូវនោះអ្នកនឹងទទួលបានរូបរាងស្រឡូនស្អាតជាក់ជាមិនខានឡើយ។ ដូច្នេះហើយអ្នកមិនត្រូវបណ្ដោយឱ្យរាងកាយរបស់អ្នកគ្មានភាពទាក់ទាញដោយសារតែខ្វះភាពឧស្សាហ៍ព្យាយាម ប៉ុន្តែអ្នកត្រូវគិតមកវិញថាគេអាចធ្វើបានអ្នកក៏អាចធ្វើបានដូចគ្នា ហើយអ្នកនឹងទទួលបានរូបរាងស្អាតតាមការរំពឹងទុករបស់ខ្លួន៕