រៀនបង្កើតគោលដៅឱ្យមានប្រសិទ្ធិភាព ពីចំណុចតូចៗ៣នេះ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

តាំង​ពី​ឆ្នាំ​ចាស់​អ្នក​អាច​ឃើញ​ថាគោល​ដៅ​ភាគ​ច្រើន​មិន​បាន​សម្រេច​ជោគ​ជ័យ​ទាំង​ស្រុង​ដូច​ដែល​បាន​ដៅ​ទុក។ អ្នក​អាច​សម្គាល់​មើល​ថាដោយ​​សារ​គោល​ដៅ​ទាំង​នោះ​ធំ​ហួស​នឹង​សមត្ថភាព​ដែល​អាច​ទៅ​ដល់នាំ​ឱ្យ​​បាត់​បង់​ជំនឿ​ចិត្ត​ឬ​អស់​កម្លាំង​ចិត្ត​ជា​ដើម​។ យ៉ាង​ណា​មិញ យើង​ក៏​អាច​ចេះ​ប្រើ​វិធីតិចនិក​ ជា​ដំណាក់​កាល តែ​មិន​បោះ​បង់​គោល​ដៅ​ធំ​ដោយ​ផ្តើម​ពី​ចំណុច​តូច​ៗខ្លី​ៗ​វិញ។ តាម​រយៈ​​បទ​ពិសោធ​ពី​អ្នក​សរសេរ​ប្លុក​នៅ​ទូ​ទាំង​ពិភព​លោកក៏​បាន​ចែក​រំលែក​នូវ​ចំណុច​រួម​៣​ដូច​ខាង​ក្រោម​ដើម្បី​ឱ្យ​​គោល​ដៅ​ធំ​​សម្រេច​បានដោយ​ចាប់​ផ្តើម​ពី​គោល​ដៅ​តូច​ៗ​ទៅ​តែ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធិភាព​៖

.គោល​ដៅ​​ថ្លឹង​ថ្លែង​ដែល​​​អាច​សម្រេច​បាន

មាន​គ្នា​យើង​ច្រើន​ដៅ​ទិស​ដៅ​​ឆ្នាំ​ថ្មី​​ភាគ​ច្រើន​នៅ​ខ្ពស់​ហួស​សមត្ថភាព ឬ​មាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ពិបាក​នឹង​​សម្រេច​បានដែល​ធ្វើ​ឱ្យ​យើង​ខាត​ពេល​ និង​ពេល​ខ្លះ​ប៉ះ​ពាល់​ដល់​កម្លាំង​ចិត្ត​ទៀត​ផង​។ យ៉ាង​ណា​មិញ យើង​ក្រលេក​មើល​ពី​ប្រិសិទ្ធិ​ភាពនៃ​គោល​ដៅ​តូច​ៗ ឬ​កម្រិត​មធ្យម​មួយ​ដែល​អាច​សម្រច​បាននោះ​​ជា​វិធី​​ចំណេញ​មួយ​ដែល​យើង​មិន​ខាត​បង់​ពេល​វេលា ​​និង​​ជម្រុញ​​ចិត្ត​យើង​​ឱ្យ​សម្រេច​គោល​ដៅ​​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព​ហើយ​អាច​​​រីក​ចម្រើន​សមត្ថភាព​ខិត​រក​គោល​ដៅ​ធំ​វិញ​ទៀត​ផង។​

ជា​ឧទាហរណ៍​សាមញ្ញ​ងាយ​យល់​មួយឧបមា​ថា អ្នក​ដៅ​​គោល​ដៅ​ប្តេជ្ញា​​ថានឹង​ទៅ​ហាត់​ប្រាណ​នៅ​ក្លិប​កីឡា​ឱ្យ​បាន​រៀង​រាល់​ថ្ងៃ​។ តែ​យ៉ាង​ណា នៅ​ពេល​ធ្វើ​មិន​បាន​ដោយ​សារ​បញ្ហា​រវល់​ពី​ការងារ ឬ​ត្រូវ​មាន​ពេល​​សម្រាប់​គ្រួសារ​ដូច​នេះ វា​​ក៏​ប៉ះ​ពាល់​ទឹក​ចិត្ត​អ្នកនៅ​ពេល​មិន​បាន​ដូច​ការ​ប៉ង​ទុក។ ជំនួស​វិញ អ្នក​អាច​កំណត់​​វិញ​ជា​ការ​ហាត់​ប្រាណ​ផ្តើម​ពី​ការ​ហាត់​ប្រាណ​​នៅ​ផ្ទះ​រយៈ​ពេល​១០​នាទី​ទៅ។ នៅ​ពេល​ដែល​អ្នក​​ធ្វើ​បាននោះ​​វា​ជា​ការ​ប្រសើរ​ចំណេញ​ពេល​ជា​ជាង​ពេល​ដែល​អ្នក​មិន​បាន​ទៅ​​ហាត់​នៅ​ក្លិប​មិន​បាក់​ទឹក​ចិត្ត​​លើ​គោល​ដៅ​ដែល​បាន​កំណត់​ទៀត​ផង​។

សរុប​មក​ពេល​ដែល​អ្នក​កំណត់​គោល​ដៅ​ដែល​ថ្លឹង​ថ្លែង​ថាអាច​សម្រេច​បាន ហើយ​អ្នក​អាច​ធ្វើ​បាន​នោះវា​នឹង​ជម្រុញ​​ចិត្ត​អ្នក​ឱ្យ​បន្ត​ធ្វើ​គោល​ដៅ​បន្ត​បន្ទាប់​ទៀត ហើយ​អាច​បង្កើន​សមត្ថភាព​បន្តិច​ម្តង​ៗទៅ​សម្រេច​ក្លាយ​ជា​គោល​ដៅ​ធំ​​ទៀត​ផង​។


.ផ្តោត​លើ​​គោល​​ដៅ​​តែ​១ ឬ​២ ហើយ​ប្រឹង​អស់​ពី​ចិត្ត​ពី​ថ្លើម

សាក​គិត​​មើលបើ​យើង​កំណត់​គោល​ដៅ​ពេញ​មួយ​បញ្ជី​​ក្រដាស នៅ​ត្រឹម​​ប៉ុន្មាន​ខែ​ក្រោយ​មកមិន​បាន​សម្រេច​កិច្ច​ការ​អ្វី​នោះ​អារម្មណ៍​អ្នក​អាច​មិន​​ល្អ​នោះ​ឡើយ​។ ប៉ុន្តែ​ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា គោល​ដៅ​ត្រឹម​តែ​១ ឬ​២ ហើយ​ប្រើ​ប្រាស់​សមត្ថភាព​ថាម​ពល​របស់​អ្នក​ឱ្យ​អស់​ពី​លទ្ធ​ភាពសម្រេច​ទិស​ដៅ​​​នោះអ្នក​ប្រាកដ​ជា​​ឃើញ​ពី​ប្រសិទ្ធិភាព​មិន​ខានព្រោះ​ថា​អ្វី​ដែល​អ្នក​ផ្តោត​លើ​១ ឬ​២ នោះ​គុណភាព​​នៃ​ទិស​ដៅ​នោះនឹង​ទៅ​តាម​កម្រិត​នៃ​ការ​ប្រឹង​ប្រែង​នោះ​។

.បង្កើត​គោល​ដៅ​ជីវិតដោយ​​ចេះ​ប្រើ​ពាក្យ​ល្អៗ​​​​

ជា​រឿង​សំខាន់​ដែល​អ្នក​​គួរ​ចេះ​លៃ​លក​សរសេរ​កំណត់​នូវ​​គោល​ដៅ​ដោយ​ប្រើ​ពាក្យ​ល្អ​ៗ ក្នុង​ន័យ​​​មួយ​មិន​តឹង​រឹង​រិត​ត្បិត​ខ្លួន​ឯង​ឱ្យ​មាន​សម្ពាធ​។ ព្រោះ​ថា​រឿង​សម្ពាធឬ​​ភា​សា​សាមញ្ញ​ថា"បិទ​ផ្លូវ​ខ្លួន​ឯង"នឹង​មាន​ឥទ្ធិពល​លើ​​អារម្មណ៍និង​សកម្មភាព​របស់​អ្នក​។ ឧបមាថា​ អ្នក​កំណត់​គោល​ដៅ​​ឆ្នាំ​ថ្មីមិន​ញ៉ាំ​អាហារ​​ជាតិ​ឆា​ចៀន ឬ​មាន​ជាតិ​ខ្លាញ់​ហើយ​រឹត​ត្បិត​ខ្លួន​អ្នក​មិន​​ឱ្យ​ញ៉ាំនោះ​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​​ជា​ច្រើន​ករណី​ថាពុំ​មាន​ប្រសិទ្ធិភាព​នោះ​ទេ។ ជំនួស​វិញអ្នក​អាច​បន្លប់​ខ្លួន​អ្នក​ឱ្យ​​​ញ៉ាំ​​​ជា​បន្លែផ្លែ​ឈើ​ ឬ​ចំណី​អ្វី​ផ្សេង​ៗដែល​មាន​ប្រយោជន៍​ដល់​សុខភាពទាំង​នោះ​វា​ធ្វើ​ឱ្យ​អ្នក​មិន​រឹត​ត្បិត​​ការ​ញ៉ាំ​របស់​អ្នក​ដោយ​មិន​ផ្តោត​​ការ​គិត​លើការ​ហាម​ឃាត់​ខ្លួន​​លើ​​ទម្លាប់​ញ៉ាំ​មិន​ល្អទៅ​​ផ្តោត​លើ​ការ​​រីក​រាយ​នឹង​ការ​ញ៉ាំ​អាហារ​សុខភាព​វិញ ហើយ​ពុំ​មាន​សម្ពាធ​លើ​ចិត្ត​អ្នក​ទៀត​ផង​៕