សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ពាក្យខ្មែរលោកថា "អ្នកជិតខាងភូមិផង របងជាមួយ"ត្រូវចេះរាប់អានអធ្យាស្រ័យគ្នា និងចេះជួយយកអាសារគ្នា។ ប៉ុន្តែពេលខ្លះ សូម្បីរឿង"របងជាមួយ" នេះក៏អាចបង្កជាជម្លោះដែរ។ច្បាប់ភូមិបាលខ្មែរ និងក្រមរដ្ឋប្បវេណីថ្មីដែលទើបនឹងចូលជាធរមាននាពេលថ្មីៗនេះមានចែងអំពីវិធានដែលត្រូវអនុវត្ត ដើម្បីបង្ការនិងដោះស្រាយវិវាទ។
១.តាមច្បាប់របងដែលធ្វើពីលើព្រំប្រទល់ដី៖ តើត្រូវជាកម្មសិទ្ធិរបស់អ្នកណា? អ្នកណាជាអ្នកទទួលបន្ទុកសាងសង់ថែទាំ និងជួសជុលរបងហ្នឹង?
ជាគោលការណ៍កំពែង (រួមមានទាំងរបងផង) ដែលនៅត្រង់ព្រំប្រទល់ដីគឺជាកម្មសិទ្ធិរួមរបស់ម្ចាស់ដីទាំងសងខាង (តាមភាសាច្បាប់គេហៅថារបងអឌ្ឍសិទ្ធិ)។ ករណីនេះម្ចាស់ដីទាំងសងខាងត្រូវទទួលបន្ទុកចំណាយក្នុងការសង់ជួសជុល ថែទាំ ចាត់ចែងនិងប្រើប្រាស់របងនេះរួមគ្នា។ មាត្រា ២២៣ នៃក្រមរដ្ឋប្បវេណី៖"កំពែងទាំងអស់ដែលនៅត្រង់ព្រំខ័ណ្ឌអចលនវត្ថុត្រូវសន្មត់ថាជាវត្ថុអឌ្ឍសិទ្ធិរបស់កម្មសិទ្ធិករនៃអចលនវត្ថុនីមួយ"។ ម្ចាស់ដីម្ខាងអាចដកខ្លួនពីការទទួលបន្ទុកចំណាយខាងលើនេះបាន ក៏ប៉ុន្តែត្រូវបោះបង់អឌ្ឍសិទ្ធិរបស់ខ្លួន(មាត្រា២២៤)។ ក្នុងករណីនេះ ម្ចាស់ដីម្ខាងទៀតដែលជាអ្នកទទួលបន្ទុកចំណាយតែម្នាក់ឯងលើការសាងសង់ ជួសជុល និងថែទាំរបងគឺជាម្ចាស់កម្មសិទ្ធិដោយផ្តាច់មុខលើរបងនេះ។ គាត់អាចប្រើប្រាស់ កែប្រែ ឬរុះរើរបងនេះបានដោយមិនចាំបាច់មានការឯកភាពពីម្ចាស់ដីម្ខាងទៀតទេ។
២.នៅក្នុងករណីនេះ តើម្ចាស់ដីម្ខាងអាចជំទាស់មិនឱ្យម្ចាស់ដីម្ខាងទៀតសង់របងនៅលើព្រំដីបានដែរឬទេ?
បើសិនជារបងនេះសង់ត្រឹមតែក្នុងដីគេ ឬត្រឹមតែពីលើព្រំប្រទល់ដីដោយមិនមានលយចូលមកក្នុងដីរបស់គាត់ទេម្ចាស់ដីជិតខាងនេះមិនអាចជំទាស់នឹងការសាងសង់នេះបានទេ។ លើសពីនេះទៀត នៅក្នុងការសាងសង់ថែទាំ ឬជួសជុលរបងនេះម្ចាស់របងមានសិទ្ធិទាមទារប្រើដីអ្នកជិតខាងក្នុងទំហំមួយដែលចាំបាច់ដោយគ្រាន់តែត្រូវសងសំណងខូចខាតទៅម្ចាស់ដីជិតខាងបើសិនជាមានការខូចខាតអ្វីមួយ (ដូចជាបាក់ដី ខូងដី បាក់ដើមឈើ ឬខូចខាតដំណាំ ជាដើម)។ មាត្រា ១៤៣៖"កម្មសិទ្ធិករនៃដីអាចទាមទារប្រើដីដែលជាប់គ្នាបានក្នុងទំហំចាំបាច់ដើម្បីធ្វើរបង ឬសង់សំណង់ ឬជួសជុលរបស់ទាំងពីរនេះនៅព្រំប្រទល់ដីឬនៅក្បែរព្រំប្រទល់នោះ។ ប្រសិនបើអ្នកជិតខាងទទួលការខូចខាតដោយសារការសងសង់ ឬជួសជុលនេះកម្មសិទ្ធិករនៃដីត្រូវបង់ប្រាក់សំណង"។
៣. ក្នុងករណីដែលរបងសង់រួចរាល់ហើយ តើម្ចាស់ដីជិតខាងដែលមិនបានសហការសង់អាចទាមទារឱ្យដាក់របងនេះជាកម្មសិទ្ធិរួមវិញបានដែរឬទេ?
មាត្រា២២៥៖" កម្មសិទ្ធិករដែលមានអចលនវត្ថុជាប់នឹងកំពែងក្រៅពីជញ្ជាំង ដែលមិនមែនជាវត្ថុអឌ្ឍសិទ្ធិមិនអាចទាមទារឱ្យកម្មសិទ្ធិករនៃកំពែងនោះធ្វើជាវត្ថុអឌ្ឍសិទ្ធិបានឡើយ"។ ដូច្នេះតាមន័យនេះម្ចាស់ដីជិតខាង ដែលមិនបានសហការសង់របងមិនអាចទាមទារឱ្យដាក់របងនេះជាកម្មសិទិ្ធរួម(វត្ថុអឌ្ឍសិទ្ធិ)បានទេ។ វាខុសពីករណីជញ្ជាំងឧទាហរណ៍ ដូចជាក្នុងករណីជញ្ជាំងផ្ទះល្វែងជាដើម។
ក្នុងករណីនេះប្រសិនបើម្ចាស់ដីម្ខាងបានសង់ផ្ទះរបស់គាត់រួចហើយ ដោយជញ្ជាំងផ្ទះនេះស្ថិតនៅជាប់នឹងព្រំប្រទល់ដី។ ក្រោយមកម្ចាស់ដីម្ខាងទៀតចង់សង់ផ្ទះល្វែងមួយដែរ គាត់អាចទាមទារយកជញ្ជាំងផ្ទះអ្នកជិតខាងរបស់គាត់មកធ្វើជាជញ្ជាំងរួមបាន (មានន័យថាជាជញ្ជាំងអឌ្ឍសិទ្ធិ)។ ប៉ុន្តែគាត់ត្រូវបង់ទៅឱ្យម្ចាស់ជញ្ជាំងនូវចំណែកពាក់កណ្តាលនៃថ្លៃជញ្ជាំងបូកជាមួយនឹងពាក់កណ្តាលនៃថ្លៃដីដែលនៅក្រោមជញ្ជាំងនោះ។ មាត្រា២២០៖"កម្មសិទ្ធិករនៃដីដែលជាប់នឹងជញ្ជាំងអាចធ្វើជញ្ជាំងនោះឱ្យទៅជាជញ្ជាំងអឌ្ឍសិទ្ធិបាន ដោយចេញពាក់កណ្តាលនៃថ្លៃជញ្ជាំងនោះនិងពាក់កណ្តាលនៃថ្លៃដីដែលសង់ជញ្ជាំងពីលើនោះ"។
៤. និយាយពីដើមឈើដែលដាំនៅក្បែរព្រំដីវិញដើមឈើ ដែលដាំនៅក្នុងដីម្ខាងហើយមែក ឬក៏ឫសឈើនោះឆ្លងទៅដីម្ខាងទៀត តើម្ចាស់ដីនោះមានសិទ្ធិកាប់មែកឬឫសឈើដែលឆ្លងទៅនោះបានដែរ ឬទេ?
ករណីនេះម្ចាស់ដីជិតខាងនោះអាចយកផលពីមែកឈើ ឬឫសឈើនោះក៏បាន (ដូចជាអាចបេះផ្លែពីមែកឈើដែលឆ្លងចូលទៅដីរបស់គាត់នោះ) ហើយអាចកាប់មែកឈើ ឬឫសឈើដែលលយចូលនោះចោលក៏បាន។ មាត្រា១៤២៖ "នៅពេលដែលមែកឈើឬឫសឈើនៃដីជិតខាងបានលយចូលមកដីរបស់ខ្លួនកម្មសិទ្ធិករនៃដីអាចយកផលពីមែកឈើ ឬឬសឈើនោះ ឬកាប់មែកឈើ ឬឫសឈើនោះបាន"។ ម្យ៉ាងទៀតបើសិនជាដើមឈើនោះដាំក្បែរព្រំប្រទល់ដីពេកដោយមិនគោរពតាមចម្ងាយដែលកំណត់ដោយច្បាប់ម្ចាស់ដីជិតខាងអាចទាមទារឱ្យម្ចាស់ដើមឈើកាប់ដើមឈើនោះចោលបាន។ ចម្ងាយដើមឈើពីព្រំប្រទល់ដីដែលបានកំណត់ក្នុងមាត្រា១៥៤នៃក្រមរដ្ឋប្បវេណីគឺយ៉ាងតិច២ម៉ែត្រពីព្រំប្រទល់ដីបើសិនជាដើមឈើនោះមានកម្ពស់លើសពី២ម៉ែត្រ។ មាត្រា១៥៤៖"កម្មសិទ្ធិករនៃដីមិនអាចដាំដើមឈើគុម្ពោត ឬចុល្លព្រឹក្សដែលមានកម្ពស់លើសពី២ម៉ែត្រក្នុងចម្ងាយ២ម៉ែត្រពីព្រំប្រទល់ដីអ្នកជិតខាងបានឡើយ។ ក្នុងករណីដែលធ្វើផ្ទុយពីបញ្ញតិ្តនេះកម្មសិទ្ធិករនេះមានករណីយកិច្ចដកចេញតាមការទាមទាររបស់កម្មសិទ្ធិករនៃដីជិតខាង"។ បញ្ជាក់ដែរថាឱ្យតែដើមឈើនោះកម្ពស់លើសពី២ម៉ែត្រ ហើយដាំតិចជាង២ម៉ែត្រពីព្រំប្រទល់ដីទោះបីមិនមានមែកឈើ ឬក៏ឫសឈើលយចូលទៅដីអ្នកជិតខាងក៏ដោយក៏ម្ចាស់ដីជិតខាងអាចទាមទារឱ្យកាប់ដើមឈើនោះចោលបានដែរ។
៥. ចុះចំពោះម្ចាស់ដីដែលចង់ដាំដើមឈើនៅពីលើព្រំប្រទល់ដី ដើម្បីធ្វើជារបងតែម្តងតើអាចធ្វើបានដែរ ឬទេ?
អាចធ្វើទៅបានឱ្យតែដើមឈើនោះមានកម្ពស់មិនលើសពី២ម៉ែត្រ!ប្រសិនបើដើមឈើនោះមានកម្ពស់លើសពី២ម៉ែត្រក៏ប៉ុន្តែម្ចាស់ដីទាំងសងខាងព្រមព្រៀងគ្នាឱ្យដាំធ្វើជារបងគឺអាចដាំបាន។ គូសបញ្ជាក់ថាគោលដៅនៃច្បាប់រដ្ឋប្បវេណីមិនមែនចែងជាបម្រាមដាច់ខាតទេ ប៉ុន្តែចែង ដើម្បីបង្ការនិងដោះស្រាយវិវាទ។ បើសិនជាម្ចាស់ដីទាំងសងខាងរស់នៅសុខស្រួលនឹងគ្នាធ្វើអ្វីដោយមានការព្រមព្រៀងគ្នាក៏គ្មានអ្នកណាមកចាប់បង្ខំឱ្យត្រូវតែធ្វើតាមអ្វីដែលមានចែងក្នុងរដ្ឋប្បវេណីនោះដែរ។ ក៏ប៉ុន្តែ តែកាលណាមានវិវាទនឹងគ្នាមិនអាចស្រុះស្រួលគ្នាទេ គេត្រូវយកច្បាប់រដ្ឋប្បវេណីនេះមកធ្វើជាគោលក្នុងការដោះស្រាយ។
៦. ចំពោះដីបិទជិតដែលមិនមានច្រកចេញចូលទៅផ្លូវសាធារណៈ តើម្ចាស់ដីនោះមានសិទ្ធិទាមទារឱ្យម្ចាស់ដីដែលនៅជុំវិញបើកច្រកចេញចូលទៅផ្លូវសាធារណៈដែរ ឬទេ?
ទោះបីជាដីភូមិសម្រាប់រស់នៅក៏ដោយដីសម្រាប់ប្រកបរបរកសិកម្ម ឬឧស្សាហកម្មក៏ដោយបើសិនជាដីនោះត្រូវព័ទ្ធជុំជិតមិនមានច្រកចេញចូលទៅផ្លូវសាធារណៈទេ ឬមានដែរប៉ុន្តែច្រកចេញចូលនោះវាតូចចង្អៀតពេក ឬក៏វាមានឧបសគ្គមិនអាចចេញចូលដើម្បីប្រើប្រាស់ដីនោះសម្រាប់រស់នៅ ឬសម្រាប់ធ្វើកសិកម្ម ឬឧស្សាហកម្មទេម្ចាស់ដីបិទជិតនោះមានសិទ្ធិទាមទារឱ្យបើកច្រកចេញចូលឆ្លងកាត់ដីជិតខាងបាន ប៉ុន្តែត្រូវបង់ប្រាក់សំណងទៅតាមការខូចខាតដោយសារការឆ្លងកាត់នោះ។
ការបើកច្រកចេញចូលនេះត្រូវធ្វើនៅកន្លែងណាដែលបង្កការខូចខាតតិចបំផុតដល់ម្ចាស់ដីជិតខាងដែលត្រូវឆ្លងកាត់ហើយត្រូវបើកទៅតាមទិសណាដែលមានចម្ងាយជិតបំផុតពីដីបិទជិត ទៅផ្លូវសាធារណៈ។ មាត្រា១៤៤៖ ១-ដីដែលព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃហើយគ្មានច្រកចេញទៅផ្លូវសាធារណៈ និងដីដែលមានច្រកចេញនោះមិនគ្រប់គ្រាន់ហើយមានឧបសគ្គដ៏ខ្លាំងដើម្បីប្រើប្រាស់ដីនោះ សម្រាប់ការធ្វើកសិកម្មឬឧស្សាហកម្មហៅថាដីបិទជិត។ ២-កម្មសិទ្ធិករនៃដីបិទជិតមានសិទ្ធិស្នើសុំឆ្លងកាត់ដីអ្នកជិតខាងបានដោយបង់ប្រាក់សំណងតាមការខូចខាតដោយសារការឆ្លងកាត់នោះ។ ៣-ជាគោលការណ៍សិទ្ធិឆ្លងកាត់នេះត្រូវរៀបចំតាមទិស ឬផ្លូវដែលមានចម្ងាយជិតបំផុតពីដីបិទជិត ទៅផ្លូវសាធារណៈ។ ទោះបីជាមានបញ្ញត្តិនៃវាក្យខណ្ឌទី១ នៃកថាខណ្ឌនេះក៏ដោយសិទ្ធិឆ្លងកាត់នោះត្រូវតែរៀបចំនៅកន្លែងណា ដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករនៃដីដែលទទួលបន្ទុកឱ្យឆ្លងកាត់នោះ"។
៧. តើម្ចាស់ដីលើមានសិទ្ធិធ្វើទំនប់ទប់ទឹកមិនឱ្យហូរទៅដីក្រោមដែរ ឬទេ?
ម្ចាស់ដីដែលនៅជាប់នឹងផ្លូវទឹកហូរមិនអាចធ្វើទំនប់ទប់ទឹកនេះប្រើតែម្នាក់ឯងបានទេ។ គាត់មានករណីយកិច្ចទុកឱ្យទឹកហូរទៅដីអ្នកជិតខាងដែលនៅខាងក្រោមទៅតាមតម្រូវការសម្រាប់ប្រកបរបរកសិកម្ម។ ហើយម្ចាស់ដីក្រោមដែលនៅជាប់នេះក៏ត្រូវមានករណីយកិច្ចដូចគ្នាអីចឹងដែរចំពោះម្ចាស់ដីដែលនៅបន្ទាប់ៗទៅទៀត។ ករណីមិនមានផ្លូវនាំទឹកពីប្រភពទឹកធម្មជាតិទៅដីក្រោម។ ឧទាហរណ៍ថានៅខាងលើមានបឹងធម្មជាតិមួយ។ ម្ចាស់ដីនៅខាងក្រោមត្រូវការទឹកដើម្បីធ្វើស្រែ ឬធ្វើចម្ការក៏ប៉ុន្តែ មិនមានប្រឡាយ ឬផ្លូវទឹកណាមួយនាំទឹកពីបឹងនោះមកដីគាត់ទេ។ ហើយនៅចន្លោះពីបឹងមកដីរបស់គាត់សុទ្ធតែជាដីរបស់ម្ចាស់ផ្សេង។ ក្នុងករណីនេះ ម្ចាស់ដីក្រោមអាចទាមទារសុំធ្វើប្រឡាយ ឬផ្លូវទឹកផ្សេងទៀតឆ្លងកាត់ដីលើនេះបាន ដើម្បីយកទឹកពីបឹងមកប្រើប្រាស់ ប៉ុន្តែត្រូវបង់ប្រាក់សំណងខូចខាតដល់ម្ចាស់ដីលើដែលត្រូវឆ្លងកាត់។
មាត្រា១៤៧៖ "កម្មសិទ្ធិករនៃដីដែលស្ថិតនៅជាប់ផ្លូវទឹកហូរមានករណីយកិច្ចទុកឱ្យទឹកហូរទៅលើដីអ្នកជិតខាងតាមតម្រូវការនៃកសិកម្មហើយកម្មសិទ្ធិករនៃដីជិតខាងក៏មានករណីយកិច្ចដូចគ្នាដែរដោយយោគយល់ចំពោះដីដែលនៅឆ្ងាយទៀត"។
មាត្រា១៤៨៖ "កម្មសិទ្ធិករដែលចង់ឱ្យទឹកដែលខ្លួនមានសិទ្ធិប្រើប្រាស់ដើម្បីស្រោចស្រពដីរបស់ខ្លួនអាចធ្វើ និងរក្សាទុកនូវផ្លូវទឹកឆ្លងកាត់ដីដែលស្ថិតនៅចន្លោះប្រភពទឹកនិងដីរបស់ខ្លួនបាន ដោយបង់ប្រាក់សំណងនៃការខូចខាតដល់កម្មសិទ្ធិករនៃដីដែលត្រូវឆ្លងកាត់នោះ"។ នៅក្នុងករណីមានទឹកពីធម្មជាតិច្រើនហួសពីតម្រូវការ(ដែលអាចបណ្តាលឱ្យជនលិចដី) ម្ចាស់ដីក្រោមមានករណីយកិច្ចទទួលទឹកហូរតាមធម្មជាតិពីដីលើដោយមិនអាចធ្វើទំនប់ ឬក៏លើកភ្លឺ ទប់ទឹកមិនឱ្យហូរបណ្តាលឱ្យទឹកចាល់ជន់លិចដីលើបានទេ។ ម្ចាស់ដីលើក៏មិនអាចជីកប្រឡាយឬធ្វើអ្វីផ្សេងទៀតឱ្យលើសពីលក្ខណៈធម្មជាតិដើម្បីបណ្តោះទឹកពីដីរបស់ខ្លួនឱ្យហូរទៅជន់លិចដីខាងក្រោមបានដែរ គឺត្រូវទុកឱ្យទឹកហូរទៅតាមធម្មជាតិ៕
ប្រភព៖ Mr. That Chantha និងវិទ្យុបារាំងអន្តរជាតិ