៦ចំនុចដែលអ្នកម្ដាយគ្រប់រូបត្រូវត្រៀមខ្លួន មុនពេលសម្រេចថាចង់ពពោះ

ការមានផ្ទៃពោះរហូតដល់៩ខែ ១០ថ្ងៃ មិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយប្រសិនបើអ្នកចង់បានកូនដែលមានសុខភាពល្អ ព្រមទាំងសម្រាលកូនប្រកបដោយជោគជ័យ និងសុវត្ថិភាព។ ក្នុងនោះផងដែរអ្នកគួរតែត្រៀម និងរៀបចំខ្លួនឱ្យបានល្អជាមុនសិន។ ខាងក្រោមនេះជាអ្វីដែលមិត្តនារីៗគួរត្រៀមខ្លួនមុនពេលធ្វើជាម្ដាយ​ ដើម្បីបានស្វែងយល់ពីចំណុចខ្លះៗ ក្នុងការសម្រាលកូនប្រកបដោយសុវត្ថិភាព៖

១.ចំណាយពេលវេលាពិភាក្សាគ្នាជាមួយដៃគូ៖​  មុននឹងសម្រេចចិត្តធ្វើជាឪពុកម្ដាយគេ អ្នកទាំងពីរត្រូវត្រៀមថវិកាមួយចំនួនសម្រាប់កូនៗ នៅអំឡុងពេលកំពុងពពោះ ហើយនឹងពេលសម្រាលកូនរួច។ ដោយហេតុថានៅពេលមនុស្សស្រីជាម្ដាយចាប់ផ្ដើមពពោះបានប៉ុន្មានខែ ពួកគាត់ត្រូវការត្រៀមខ្លួនដើម្បីសម្រាកពីការងារមួយរយៈពេល។​ដូច្នេះមានន័យថា ប្រភពប្រាក់ចំណូលដែលធ្លាប់មាននៅក្នុងផ្ទះរបស់អ្នក ក៏ត្រូវបានកាត់បន្ថយផងដែរ។​

២.ការជ្រើសរើសរបបអាហារសុខភាពឲ្យបានត្រឹមត្រូវ៖ របបអាហារសុខភាពជារឿងចម្បងជាងគេ សម្រាប់មនុស្សស្រីដែលកំពុងត្រៀមខ្លួនមានផ្ទៃពោះ  មិនថាអំឡុងពេលពពោះ និងក្រោយពេលសម្រាលកូនឡើយ។ ការជ្រើសរើសយករបបអាហារមិនបានត្រឹមត្រូវ វាអាចបង្កជាផលវិបាកដល់ស្រ្តីក្នុងការមានផ្ទៃពោះ។ យ៉ាងណាមិញមនុស្សស្រីគួរតែផ្លាស់ប្ដូរទម្លាប់មិនល្អដែលខ្លួនកំពុងមាន ដោយជំនួសមកវិញក្នុងការរស់នៅកន្លែងស្អាតៗព្រមទាំងទទួលទានអាហារ ដែលមានសារជាតិប្រូតេអ៊ីន វីតាមីននិងសារជាតិខ្លាញ់ដែលធ្វើឱ្យមាតា និងគត៌មានសុខភាពល្អមិនអំឡុងពេលពរពោះនិងក្រោយពេលសម្រាលនោះទេ។​

៣.ការគ្រប់គ្រងទម្ងន់៖ ទម្ងន់រាងកាយជាកត្តាសំខាន់មួយដែលអាចជះឥទ្ធិពលដល់ស្ត្រី មិនថាតែ ស្រ្តីដែលមានរាងកាយធាត់ពេក ឬក៏ស្គមពេកនោះទេ។ ជាក់ស្ដែងបើមនុស្សស្រីលើសទម្ងន់ខ្លាំងពេកវាអាចប្រឈមមុខជាមួយបញ្ហាសុខភាពមួយចំនួនដូចជាជម្ងឺទឹកនោមផ្អែម ជម្ងឺលើសសម្ពាធឈាម និងជម្ងឺលើសជាតិអាស៊ីតជាដើម។ ការកំណត់ទម្ងន់រាងកាយពិតជាចាំបាច់ណាស់សម្រាប់សុខភាពពេលដែលអ្នកកំពុងមានផ្ទៃពោះ ដោយត្រូវទៅទទួលការណែនាំពីវេជ្ជបណ្ឌិតក្នុងការជៀសវាងពីបញ្ហានានាដែលអ្នកត្រូវប្រឈមមុខ។

៤.​ការកាត់បន្ថយភាពតានតឹង៖ ការថែរក្សាសុខភាព និងជៀសវាងបញ្ហាតានតឹងជាផ្នែកមួយធ្វើឱ្យស្ត្រីមានសុខភាពល្អនៅពេលកំពុងមានផ្ទៃពោះ។ ដោយឡែកយោងទៅតាមអ្នកវិទ្យាសាស្ត្របានបង្ហាញឱ្យឃើញថា ការហាត់ប្រាណតាមបែបសមាធិ និងការដកដង្ហើមឲ្យវែងៗសម្រាប់មនុស្សស្រីមានផ្ទៃពោះ ក៏ដូចជាមនុស្សស្រីដែលកំពុងត្រៀមមានផ្ទៃពោះនឹងជួយកាត់បន្ថយអារម្មណ៍តានតឹងបាន តាមរយៈសកម្មភាពទាំងអស់នោះ។

៥.គេងឲ្យបានគ្រប់គ្រាន់៖ ការគេងឲ្យបានគ្រប់គ្រាន់ គឺមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សស្រីមានផ្ទៃពោះ និងមនុស្សស្រីដែលត្រៀមខ្លួនមានផ្ទៃពោះ។ ដោយហេតុថាអំឡុងពេលគេងជាពេលវេលាមួយអនុញ្ញាតឱ្យរាងកាយរបស់អ្នកបានសម្រាក ដើម្បីសម្រួលដល់ប្រព័ន្ធរបត់ឈាម និងដំណើរការមុខងារផ្សេងៗទៀតនៅក្នុងសារពាង្គកាយ។ 

៦.ជៀសវាងការស្រូបផ្សែងបារី៖​ ការស្រូបផ្សែងបារីមិនត្រឹមតែបង្កឱ្យមានផលប៉ះពាល់សុខភាពរបស់អ្នកនោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចង់មានកូនផងដែរ។ នេះបើយោងតាមសមាគមវេជ្ជបណ្ឌិតរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ការជក់បារី ឬស្រូបផ្សែងបារីច្រើនលើសលប់អាចធ្វើឱ្យមានបម្រែបម្រួលអ័រម៉ូនរបស់មនុស្សស្រី ដែលជាហេតុនាំឱ្យពិបាកក្នុងការមានកូន។ 

លើសពីនោះទៅទៀត សារធាតុដែលមាននៅក្នុងផ្សែងបារីអាចធ្វើឱ្យកូនក្នុងផ្ទៃពោះងាយរលូត និងបង្កឱ្យមានកូនកើតក្រៅស្បូន។​ ជាមួយគ្នានេះដែរចំពោះមនុស្សប្រុសក៏អាចធ្វើឱ្យប៉ះពាល់ដល់កម្រិត និងចលនារបស់មេជីវិតឈ្មោលផងដែរ៕