ដំណក់ប្រេងចេញពីដែនសមុទ្រកម្ពុជា លើកដំបូង លេចរូបរាងជាប្រវត្តិសាស្រ្ត

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ដំណក់​ប្រេង​ដំបូងពី​ដែន​សមុទ្រ​កម្ពុជា​បាន​​​​លេច​ចេញ​ជា​រូប​រាង​ហើយ ​​នា​ថ្ងៃ​នេះ ដែល​​​នេះ​ជា​លទ្ធផល​ប្រវត្តិ​សាស្រ្ត​ជាតិ​​និង​ជា​និមិត្ត​រូប​នៃ​ជោគ​ជ័យ​របស់​ជាតិ​កម្ពុជា​ទាំង​មូល។ ថ្ងៃ​អង្គារ ទី​​១៥​កើត ខែ​បុស្សត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែធ្នូ ២០២០​នេះប្រទេស​កម្ពុជា​​បាន​ក្លាយ​ ជា​ប្រទេស​ផលិត​ប្រេង​មួយ​ដែរក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ក្នុង​​ពិភព​លោក​។

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការរបស់ ​​សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា នឹង​ផ្តើម​ផលិត​ចេញ​ពី​អណ្តូង​ប្រេង​ទី​១ឈ្មោះ  A-0ID នៃ​ផ្លាត​ហ្វម​A ក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជានា​ថ្ងៃ​២៩ ខែ​ធ្នូ​ឆ្នាំ​២០២០​​នេះ។


ការ​ចាប់​ផ្តើម​ផលិតកម្ម​ប្រេង​នេះ គឺ​ជា​ការ​ចាប់​ផ្តើម​ជំហាន​ដំបូង​ដ៏​សំខាន់សម្រាប់​កម្ពុជា​ឆ្ពោះ​ទៅ​បង្កើត​បាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេង​កាតឧស្ម័ន​ និង​ថាម​ពល​នៅ​កម្ពុជា។ ហើយ​ផល​ប្រយោជន៍​សំខាន់​ៗនឹង​មាន​ដូច​ជា​៖ ចំណូល​ថវិកា​ជាតិផល​សេដ្ឋកិច្ច​ទទួល​បាន​ពី​​ខឿន​ឧស្សាហកម្ម​​ក្នុង​វិស័យ​ប្រេង​កាតនិង​ការ​កសាង​សមត្ថភាព​ជាតិ​ក្នុង​វិស័យ​​នេះ​។

គួរ​រំលឹក​ដែរ​ថាកិច្ច​ព្រម​ព្រៀង​​ប្រេង​កាត​ដំបូង​​របស់​កម្ពុជា​ ត្រូវ​បាន​ចុះ​នៅ​ឆ្នាំ​២០០២ជា​មួយ​សម្ព័ន្ធ​ក្រុមហ៊ុនមាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co.,Ltd. និង Kris Energy)។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ដឹក​នាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អាមេរិក។ នៅ​ឆ្នាំ​២០១០ ក្រុមហ៊ុនChevronបាន​ប្រកាស​រក​ឃើញ​ជម្រក​រ៉ែ​ប្រេងមាន​លក្ខណៈ​ពាណិជ្ជកម្ម​ជា​លើក​ដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែ​ន​ការ​អភិវឌ្ឍ​ និង​អាជីវកម្មដើម្បី​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ពិនិត្យ​ និង​សម្រេច។ តាម​ផែន​ការ​នោះ​ផលិតកម្ម​​ប្រេង​ដំបូង​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​អំឡុង​ខែ​ធ្នុឆ្នាំ​២០១២។ ប៉ុន្តែ​ដោយ​ការ​ពិនិត្យ​លក្ខណៈ​បែង​ចែក​ផល​សេដ្ឋកិច្ច​ច្បាប់​ពាក់​ព័ន្ធ​ នឹង​ផែន​ការ​អភិវឌ្ឍ​និង​អាជីវកម្ម​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុនChevron នៅ​ពេល​នោះ​បាន​តម្រូវ​​ឱ្យ​ភាគី​ទាំង​ពីរ​ត្រូវ​ចរចារ​កែ​សម្រួលលក្ខខណ្ឌ​កិច្ច​ព្រម​ព្រៀង​​មួយ​ចំនួន​ឡើង​វិញដើម្បី​​ឱ្យ​មាន​ភាព​សម​ស្រប​ជា​មួយ​បទ​ប្បញ្ញតិ្ត​ច្បាប់​កម្ពុជា​ផង និង​មាន​សមធម៌​កាន់​តែ​ប្រសើរក្នុង​ការ​​បែង​ចែក​ផល​សេដ្ឋកិច្ច​នៃ​ផែន​ការ​អាជីវកម្ម​នេះ​ផងដូច​នេះ​ដំណើរ​ការ​អនុវត្ត​តាម​ផែន​ការ​ផលិត​ប្រេង​នៅ​ខែ​ធ្នូ២០១២ ក៏​ត្រូវ​បាន​រាំង​ស្ទះ​មិន​អាច​អនុវត្ត​បាន​។


ការ​ចរចារ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត ក៏​ត្រូវ​បាន​ប្រព្រឹត្ត​​ទៅ​យ៉ាង​ស្វិត​ស្វាញ​រវាង​ភាគី​ទាំង​ពីរ(រាជ​រដ្ឋាភិបាលនិង​ក្រុមហ៊ុន)ទាំង​លើ​ទិដ្ឋភាព​ច្បាប់បច្ចេកទេស​ និង​សេដ្ឋកិច្ច។​ក្នុង​រយៈ​ពេល​ចរចារ​ដ៏​តឹង​តែង​នេះក្រុម​ហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation និង​ Moeco Cambodia Co.,Ltdបាន​ស្នើ​សុំ​ដក​ខ្លួន​ចេញ​បន្ត​បន្ទាប់​គ្នានៅ​​ឆ្នាំ​ ២០១៤ និង​២០១៦។ ការ​ចរចារ​ត្រូវ​បាន​បន្ត​អូស​បន្លាយ​ពេល​យ៉ាង​យូរ​តាំង​ពី​ឆ្នាំ២០១០ រហូត​ដល់​ថ្ងៃ​ទី​២៣ខែ​សីហា​ ឆ្នាំ​២០១៧ទើប​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ថ្មីនិង​គម្រោង​ផែន​ការ​អភវិឌ្ឍ​ និង​អាជីវកម្ម​អណ្តូង​ប្រេង​ថ្មីដែល​បើក​ផ្លូវ​ឱ្យ​ដំណើរ​ការ​សាង​សង់និង​អភិវឌ្ឍ​ផ្លាត​ហ្វមអណ្តូង​ប្រេង​អាច​ចាប់​ផ្តើម​បាន៕