អ្នកនឹងក្លាយជាមនុស្សកាន់តែមានតម្លៃ ប្រសិនបើអ្នកអនុវត្តនូវចំណុចទាំង៥ នេះ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្សគ្រប់រូបតែងតែចង់ឱ្យគេមើលឃើញពីគុណតម្លៃរបស់ខ្លួន គ្មាននរណាម្នាក់ចង់ក្លាយជាបុគ្គលដែលគេមិនត្រូវការ​ និងមិនឱ្យតម្លៃនោះឡើយ។ យ៉ាងណាមិញអ្វីៗទាំងអស់ គឺផ្តើមចេញពីខ្លួនអ្នក​ មានន័យថា​តម្លៃរបស់អ្នកត្រូវបានអ្នកដ៏ទៃមើលឃើញ​ឬមើលរំលងអាស្រ័យទៅលើខ្លួនអ្នកជាក់ស្តែងតែម្តង។​​ ជាមួយគ្នានេះដែរ មានបុគ្គលជាច្រើនបានធ្វើឱ្យតម្លៃរបស់ខ្លួនត្រូវបានធ្លាក់ចុះ​ ដោយសារការធ្វេសប្រហែសទៅលើការគិតពិចារណា​​ និងសកម្មភាពមួយចំនួនតូចរបស់ខ្លួន។ ដូច្នេះនៅក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពី៥ចំណុចធំៗ ដែលធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានតម្លៃ។​

១) ត្រូវឱ្យតម្លៃលើខ្លួនឯងជាមុនសិន

ជាការពិតណាស់គ្មាននរណាម្នាក់ស្រឡាញ់អ្នកខ្លាំងជាងអ្នកស្រឡាញ់ខ្លួនឯងនោះទេ។ ដូច្នេះអ្នកត្រូវតែឱ្យតម្លៃខ្លួនឯងជាមុនសិន បើទោះបីជាអ្នកដ៏ទៃមើលមកអ្នកក្នុងន័យជាមនុស្សបែបណាក៏ដោយ បើគេមិនមើលឃើញពីតម្លៃរបស់អ្នកនៅថ្ងៃនេះ ថ្ងៃក្រោយគេនឹងបានឃើញជាក់ជាមិនខាន។ ជាមួយគ្នានេះដែរអ្នកត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងហើយធ្វើរឿងដែលត្រឹមត្រូវ និងមានប្រយោជន៍​នោះតម្លៃរបស់អ្នកនឹងត្រូវបានគេមើលឃើញ។

២) កុំព្យាយាមបន្ទោសមជ្ឈដ្ឋានខាងក្រៅ និងត្រូវបញ្ឈប់រាល់ការត្អូញត្អែរទាំងឡាយ

ការត្អូញត្អែរប្រាប់អ្នកដ៏ទៃពីទុក្ខលំបាករបស់អ្នកច្រើនពេក គឺមិនបានជួយអ្វីដល់អ្នកនោះទេ ផ្ទុយទៅវិញវាគ្រាន់តែជាការបញ្ជាក់ពីភាពទន់ខ្សោយ​ និងការគេចវេះពីបញ្ហារបស់អ្នកតែប៉ុណ្ណោះ។ តម្លៃរបស់អ្នកប្រាកដជាបាត់បង់ ពីព្រោះថាគ្មាននរណាម្នាក់ចូលចិត្តស្តាប់ការរអ៊ូរទាំច្រើនពេកនោះទេ។ ដូច្នេះអ្នកត្រូវតែបញ្ឈប់វា ហើយកុំព្យាយាមបន្ទោស និងទម្លាក់កំហុសឱ្យអ្នកដ៏ទៃ។ ក្នុងនោះផងដែរអ្នកត្រូវចាប់ផ្តើមមានទំនួលខុសត្រូវក្នុងខ្លួន និងព្យាយាមដោះស្រាយបញ្ហាផ្សេងៗដោយខ្លួនឯង។

៣) កែប្រែទម្លាប់អាក្រក់របស់អ្នក

អ្នកត្រូវចងចាំថា បុគ្គលដែលមានទម្លាប់អាក្រក់ គឺធ្វើតែរឿងឥតប្រយោជន៍តែប៉ុណ្ណោះហើយទម្លាប់ដ៏អាក្រក់នេះហើយដែលធ្វើឱ្យតម្លៃរបស់ពួកគេត្រូវបានបាត់បង់។ ស្របពេលជាមួយគ្នានេះដែរអ្នកគួរតែផ្លាស់ប្តូរពីភាពខ្ជិលច្រអូសនិងទម្លាប់ដែល ធ្វើតែរឿងមិនបានការជំនួសមកវិញ ដោយការធ្វើរឿងល្អៗ​ដែលមានប្រយោជន៍ដល់អ្នកគ្រួសារ និងសង្គមជាតិដែលអ្នកកំពុងតែរស់នៅ។ ដូច្នេះតម្លៃរបស់អ្នកនឹងត្រូវ បានគេមើលឃើញដោយស្វ័យប្រវត្តិជាក់ជាមិនខាន។

៤) ការកសាងស្នាដៃ និងអភិវឌ្ឍសមត្ថភាពបន្ថែម 

សមត្ថភាពរបស់អ្នកនឹងបង្ហាញពីគុណតម្លៃរបស់អ្នក។ ​អ្នកត្រូវតែព្យាយាមអភិវឌ្ឍខ្លួន​ដើម្បីកសាងស្នាដៃផ្សេងៗទាំងក្នុងស្ថាប័នការងារ គ្រួសារ​ និងនៅក្នុងសង្គមជាតិរបស់ខ្លួន។ គុណប្រយោជន៍ដែលអ្នកបានកសាងឡើងទាំងអស់នោះនឹងបញ្ជាក់ពីតម្លៃរបស់អ្នក ទៅកាន់មនុស្សជុំវិញខ្លួន។ ដោយស្នាដៃទាំងអស់គួរតែរួមមានដូចជាការប្រឡងជាប់ មានប្រាក់ចំណូលច្រើន មុខជំនួញផ្ទាល់ខ្លួននិងការងារល្អជាដើម។

៥) ត្រូវប្រកាន់ភ្ជាប់នូវអំពើល្អ 

ការប្រព្រឹត្តអំពើល្អ គឺជាតម្លៃមួយដែលមនុស្សគ្រប់រូបតែងតែចង់ជួបប្រទះជារៀងរាល់ថ្ងៃ។ ​អ្នកត្រូវមានសីលធម៌ ​គុណធម៍ និងសប្បុរសធម៍ក្នុងខ្លួនជានិច្ចមិនថា អ្នកជាអ្នកមានឬជាអ្នកក្រនោះទេ។ ប្រសិនបើអ្នកប្រកាន់យកនូវធម៍ទាំងបីនេះជាប់ខ្លួន​ជាប្រចាំ ទោះបីជាអ្នកទៅដល់ទីណាក៏ដោយ ក៍តម្លៃរបស់អ្នកត្រូវបានគេមើលឃើញ និងទទួលស្គាល់គ្រប់ ពេលវេលាផងដែរ។

សរុបរួមមកវិញចំណុចទាំង ៥ខាងលើនេះនឹងធ្វើឱ្យអ្នកក្លាយខ្លួនជាបុគ្គលដែលត្រូវបានគេទទួលស្គាល់ និងគោរពរាប់អាននៅក្នុងសង្គមកាន់តែច្រើន។ ហេតុដូច្នេះដើម្បីឲ្យអ្នកទាំង

អស់គ្នាឈានដល់ដំណាក់កាលនោះ អ្នកទាំងអស់គ្នាត្រូវចេះរៀនផ្តល់ភាពជឿជាក់និងការតស៊ូអត់ធ្មត់មកកាន់ខ្លួនឯងជាមុនសិន៕