បុគ្គលិកលក្ខណៈ៦យ៉ាងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលគេឯងមិនចូលចិត្ត

ការក្លាយជាមនុស្សដែលគ្រប់គ្នាចូលចិត្តគឺការព្យាយាមជៀសវាងអាកប្បកិរិយាទាំងឡាយណាដែលបន្ទាបតម្លៃ ឬចំណុចល្អរបស់អ្នក។ ដូច្នេះថ្ងៃនេះយើងនឹងមកនិយាយអំពីអាកប្បកិរិយាដែលនឹងធ្វើឱ្យអ្នកបាត់បង់ភាពចូលចិត្តពីអ្នកនៅជុំវិញខ្លួនបានដោយមិនដឹងខ្លួន។ ហើយប្រសិនបើអ្នកមានចំណុចណាមួយខាងក្រោមនេះ អ្នកគួរគិតគូរកែតម្រូវវាចេញ ដើម្បីក្លាយជាទីស្រលាញ់ចូលចិត្តពីអ្នកផង។

១. ពូកែរអ៊ូ

ការរអ៊ូត្រង់ចំណុចនេះមិនសំដៅទៅលើការរអ៊ូតិចតួច មិនមែនរឿងសាមញ្ញធម្មតា តែគឺច្រើនខ្លាំងតែម្ដង មិនថារឿងតូច រឿងធំ រឿងសំខាន់ និងមិនសំខាន់ជាដើម។ មនុស្សប្រភេទនេះតែងមានការគិតអវិជ្ជមានស្ទើរតែគ្រប់រឿងនិងគ្រប់មនុស្សដែលនៅជុំវិញខ្លួនរបស់ពួកគេ។ បុគ្គលិកលក្ខណៈនេះធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការប្រាស្រ័យទាក់ទងជាមួយបុគ្គលដទៃបានជាញឹកញាប់។ 

២. ពូកែវាយតម្លៃភ្លាមៗ

មនុស្សប្រភេទទី២នេះគឺមានជំហលើអ្វីដែលពួកគេធ្វើ និងគិតខ្លាំងជ្រុលពេក។ ពាក្យសម្ដីរបស់ពួកគេបង្ហាញថា ពួកគេមិនជឿថាមានចន្លោះទំនេរសម្រាប់ឱ្យអ្នកដទៃគិតឱ្យដូចពួកគេឡើយ។ ពួកគេចូលចិត្តវាយតម្លៃអ្នកដទៃ ហើយបញ្ចេញមតិយោបល់ និងការគិតរបស់ខ្លួនថាល្អជាងរបស់គេស្ទើរទេគ្រប់កាលៈទេសៈ។ 

៣. ប្រើប្រយោគនិយាយ មិនចូលចិត្តលើកជាសំណួរ

មនុស្សដែលជាទីចូលចិត្តរបស់អ្នកគ្រប់គ្នាតែងតែបង្ហាញភាពឆ្នើមក្នុងការចាប់អារម្មណ៍លើអ្នកដទៃដោយសួរជាសំណួរ សុំជាយោបល់។ ប៉ុន្តែអ្នកដែលចូលចិត្តលើកជាប្រយោគមកនិយាយគឺបង្ហាញពីការគិតដែលបិទ មិនចូលចិត្តបង្ហាញថាខ្លួនអន់ព្រោះសុំយោបល់ពីអ្នកដទៃអីជាដើម។ 

៤. ចូលចិត្តបង្កើតបទបញ្ជា ឬគោលការណ៍ពេលនិយាយជាមួយអ្នកដទៃ

មនុស្សប្រភេទនេះវិញគឺចូលចិត្តបង្ហាញថាពួកគេមានអ្វីលើសពីគេឯង ដែលអ្នកផ្សេងត្រូវតែធ្វើតាម។ ពួកគេចង់តែឱ្យអ្នកនៅជុំវិញខ្លួនធ្វើអ្វីឱ្យស្របជាមួយគេ ហើយតែងបង្ហាញថាអ្វីដែលអ្នកផ្សេងកំពុងធ្វើមិនល្អដូចដែលគេធ្វើឡើយ។

៥. ពូកែសាយភាយពាក្យចចាមអារាម

មនុស្សប្រភេទនេះពូកែណាស់រឿងយករឿងអ្នកដទៃមកនិយាយបែកផ្សែង ទោះបីមិនបានស្ដាប់ឮផ្ទាល់ត្រចៀក ឬមើលឃើញផ្ទាល់ភ្នែកក៏ដោយ។ ហើយបើកាលណាមានអ្នកស្ដាប់ ឬនិយាយបង្ហើបអ្វីតិចតួច មនុស្សជំពូកនេះនឹងវែកញែក ឬបន្ថែមបន្ថយគ្មានស្រាកស្រាន្តឡើយ។

៦. ពូកែតែសន្យា តែគ្មានឃើញសាច់ការអ្វីសោះ

មនុស្សមួយប្រភេទទៀតដែលធ្វើឱ្យអ្នកគ្រប់គ្នាមិនចូលចិត្តគឺពូកែតែខាងសន្យា តែមិនដែលឃើញធ្វើអ្វីឱ្យចេញជារូបរាងឡើយ។ មិនថារឿងដែលថ្នាក់លើដាក់ឱ្យ ឬអ្នកផងពឹងពាក់អ្វី ពួកគេចូលចិត្តនិយាយថា អូខេ ឬសន្យាបែបនេះ បែបនោះ ហើយក៏បំភ្លេចចោល ទើបធ្វើឱ្យអ្នកដែលបានស្គាល់មនុស្សនេះបាត់បង់ជំនឿចិត្តលើពួកគេទៀត៕