អារម្មណ៍ឈឺចាប់ពេលមករដូវ នារីជាច្រើនពិតជាធ្លាប់យល់ ហើយចង់ស្វែងរកវិធីណាដើម្បីកុំឱ្យអារម្មណ៍ដ៏ធុញថប់ និងពិបាកទ្រាំនេះកើតឡើងនៅខែក្រោយទៀត។ បើអ្នកតែងតែជួបប្រទះរឿងនេះជារៀងរាល់ខែ សូមសាកល្បងវិធីសាស្ត្រដែលនឹងបង្ហាញជូនក្នុងអត្ថបទនេះបាន។
១. ផឹកទឹកឱ្យបានច្រើន
ការញ៉ាំទឹកឱ្យបានច្រើនគឺអាចជួយកាត់បន្ថយអាការហើមពោះ និងភាពឈឺចាប់បាន ព្រោះវានឹងចូលទៅបង្ហូរជាតិទឺកដែលស្ទះនៅក្នុងរាងកាយឱ្យចេញមកឱ្យអស់។ ក្នុងថ្ងៃមករដូវដែលអ្នកមានអារម្មណ៍ឈឺចាប់ ការញ៉ាំទឹកធម្មតា ឬទឹកក្ដៅឧណ្ហៗ (ជាជាងទឹកត្រជាក់ពីក្នុងទូទឹកកក) អាចជួយសម្រួលចរន្តឈាម និងបន្ធូរបន្ធយអារម្មណ៍ឈឺចាប់បានមួយកម្រិត។ ប្រសិនបើអ្នកមិនសូវចូលចិត្តផឹកទឹកផ្ទាល់ក្នុងបរិមាណឱ្យបានច្រើនតាមដែលរាងកាយត្រូវការ អ្នកអាចជ្រើសយកវិធីញ៉ាំផ្លែឈើដែលសម្បូរជាតិទឺក ឬបន្លែបៃតង ឬប្រភេទតែផ្កាក្ដៅៗដើម្បីបន្ថែមជាតិទឹកឱ្យបានគ្រប់គ្រាន់ ជាពិសេសក្នុងអំឡុងពេលនេះ។
២. ញ៉ាំត្រីសាល់ម៉ុន
សាល់ម៉ុន និងពពួកត្រីទឹកត្រជាក់ផ្សេងទៀតគឺជាប្រភេទត្រីដែលសម្បូរដោយប្រភេទអាស៊ីតខ្លាញ់ ឬហៅថា អូមេហ្កា ៣ ដែលជួយកាត់បន្ថយការរលាក និងការឈឺចាប់បាន។ ក្រៅពីប្រភពប្រូតេអ៊ីនសំខាន់ហើយ ត្រីសាល់ម៉ុនក៏ជាប្រភេទរបបអាហារដ៏សំខាន់មួយដែលសម្បូរដោយវីតាមីន D និង B6 ផងដែរ។ វីតាមីន D ជួយសម្រួលដល់ការបឺតស្រូបយកជាតិកាល់ស្យូមដើម្បីគ្រប់គ្រងការឈឺចាប់នៅក្នុងរាងកាយ។ ចំណែកវីតាមីន B6 វិញអាចជួយធ្វើឱ្យអារម្មណ៍ធូរស្រាលពីការឈឺចាប់ក្នុងពេលមករដូវ។
៣. បន្លែបៃតង
ការហូរឈាមជារៀងរាល់ខែក្នុងពេលមករដូវអាចធ្វើឱ្យរាងកាយស្ត្រីបាត់បង់ជាត់ដែកផងដែរ ដែលធ្វើឱ្យអ្នកទៅជាស្ពឹក និងល្ហិតល្ហៃ។ ពពួកបន្លែពណ៌បៃតងគឺជាប្រភពបន្លែដែលសម្បូរដោយវីតាមីនសំខាន់ៗ និងជាតិដែកដែលល្អបំផុតសម្រាប់ការបំបាត់អារម្មណ៍ឈឺចាប់ពេលមករដូវនេះបាន។
៤. ផ្លែចេក ម្នាស់ គីវី
ផ្លែឈើបីមុខនេះមានសារសំខាន់ណាស់ក្នុងថ្ងៃមករដូវរបស់ស្ត្រី។ ផ្លែចេកមានផ្ទុកវីតាមីន B6 និងប៉ូតាស្យូមដែលល្អសម្រាប់ការជួយបន្ធូរអាការហើមពោះ និងការឈឺចាប់។ ចំណែកម្នាស់វិញសម្បូរទៅដោយប្រូមីលេនដែលជាអង់ហ្ស៊ីមមួយប្រភេទបំបាត់អាការរលាក។ រីឯផ្លែគីវីសម្បូរដោយអង់ហ្ស៊ីមអាក់ទីនីឌីនជួយសម្រួលការរំលាយប្រូតេអ៊ីនឱ្យបានល្អ និងមានជាតិកាកសរសៃជួយសម្រួលអាការទល់លាមកដែលអាចកើតមានស្របពេលជាមួយការឈឺចាប់ក្នុងថ្ងៃមករដូវ។
៥. បន្ថែមជាតិកាល់ស្យូមទៅក្នុងរបបអាហារ
ជាតិកាល់ស្យូមអាចជួយកាត់បន្ថយភាពឈឺចាប់របស់អ្នកបានយ៉ាងប្រាកដ។ នៅពេលថ្ងៃមករដូវ អ្នកគួរព្យាយាមញ៉ាំអាហារដែលមានជាតិកាល់ស្យូមឱ្យបានច្រើនដូចជា ទឹកដោះគោ យ៉ាអួ គ្រាប់អាល់ម៉ុន ផ្កាខាត់ណាខៀវ និងបន្លែបៃតងដូចរៀបរាប់ខាងលើជាដើម។ ក្រៅពីជួយកាត់បន្ថយការឈឺចាប់បាន កាល់ស្យូមក៏ល្អសម្រាប់ការលូតលាស់ឆ្អឹងរបស់អ្នកផងដែរ៕