ចុងឆ្នាំជាពេលវេលាដែលត្រូវគិតគូរពីការឆ្លុះបញ្ចាំងលើដំណើរជីវិតរបស់មនុស្សម្នាក់ៗ ហើយវាក៏ជាពេលវេលាដែលត្រូវគិតគូរពីគម្រោងសម្រាប់ឆ្នាំក្រោយផងដែរ។ មានមនុស្សជាច្រើន បានបណ្តោយខ្លួនឱ្យរស់នៅដោយគ្មានគោលដៅហើយរសាត់អណ្តែតទៅតាមព្រេងវាសនា ខណៈមនុស្សមួយចំនួនទៀតហាក់ខ្វល់ខ្វាយពីការអភិវឌ្ឍសមត្ថភាពនិងផែនការជីវិត។
លោក ពេជ្រ ពិសាល ស្ថាបនិកស្ថាប័នអប់រំ DailyPlus បានលើកឡើងថា ក្នុងខែធ្នូនេះជាពេលវេលាល្អបំផុតសម្រាប់ការថ្លឹងថ្លែងប្រមើលមើល ពីលទ្ធផលនៃឆ្នាំចាស់ដើម្បីឆ្លុះបញ្ចាំងពីចំណុចខ្លាំងនិងចំណុចខ្សោយ។ វាក៏ជាពេលវេលាល្អផងដែរ ក្នុងការសម្រួចសមត្ថភាពដើម្បីអភិវឌ្ឍលទ្ធភាព ជីវភាព និងសុភមង្គលក្នុងជីវិតសម្រាប់ឆ្នាំថ្មី។ ក្នុងដំណាក់កាលនេះ មនុស្សជាច្រើនមិនសូវហ៊ានកំណត់គោលដៅខ្ពស់នោះទេ ដោយសារតែពួកគេយល់ថាខ្លួនគេមានសមត្ថភាពមិនខ្លាំង ឬនៅមានកម្រិតបើប្រៀបធៀបជាមួយនឹងអ្វីដែលអ្នកដទៃមាន។
លោក ពេជ្រ ពិសាល បាននិយាយថា៖ «តាមពិតទៅ ពេលខ្លះការមើលឃើញថាសមត្ថភាពរបស់យើងខ្សោយមិនមែនមកពីយើងខ្សោយពិតប្រាកដនោះទេ តែវាងអាចមកពីផ្នត់គំនិតរបស់យើងនៅមានកម្រិតតែប៉ុណ្ណោះ។ ជាក់ស្តែងកាលពីឆ្នាំចាស់ ហើយមិនហ៊ានកំណត់គោលដៅដោយឆ្លងកាត់ការតាំងចិត្តលំបាកៗ ឬបញ្ហាធំៗដើម្បីទទួលបានលទ្ធផលខ្ពស់។ ហេតុនេះទើបចុងឆ្នាំយើងមិនសូវឃើញលទ្ធផលច្រើន»។
លោក ពេជ្រ ពិសាល បានបន្ថែមទៀតថាកត្តាទាំងអស់នេះ បានជះឥទ្ធិពលបន្តគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។ដោយសារតែឆ្នាំចាស់ យើងមិនឃើញថាខ្លួនឯងមានលទ្ធផលល្អ នោះយើងក៏កំណត់ខ្លួនឯងក្នុងគោលដៅតូចៗនៅឆ្នាំថ្មី ដែលវាបន្តរហូតធ្វើឱ្យជីវិតរបស់យើងមិនអាចអភិវឌ្ឍបានលឿន។
ហេតុនេះជាដំណោះស្រាយ លោកវិសាល ណែនាំឱ្យអ្នកទាំងអស់គ្នាចាប់ផ្តើមសាកល្បងកំណត់គោលដៅ ហិរញ្ញវត្ថុ ការងារនិងអាជីវកម្មជាដើមឱ្យបានធំ និងលំបាក។ លោកថាការកំណត់គោលដៅធំៗ មិនមែនចេះតែកំណត់តាមការនឹកឃើញនោះទេ តែក៏គួរតែមានគម្រោងការឱ្យបានច្បាស់លាស់និងធ្វើដោយពិចារណា ឬសុំយោបល់ពីមនុស្សជុំវិញខ្លួនផងដែរដើម្បីធានាថា យើងអាចអនុវត្តវាបានដោយមិនអស់សង្ឃឹម។ នៅពេលយើងទទួលជោគជ័យលើចំណុចលំបាកៗទាំងអស់នោះ ហើយជិវិតយើងនឹងចាប់ផ្តើមមានថាមពលកាន់តែខ្លាំង ហើយពេលនោះហើយដែលយើងនឹងមើលឃើញថា សមត្ថភាពជាក់ស្តែងរបស់យើងគឺមានហួសពីអ្វីដែលយើងធ្លាប់គិត៕