សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺជាដំណាក់កាលបញ្ចប់យ៉ាងសំខាន់នៃជីវិតមធ្យមសិក្សា តែវាជាគ្រាន់តែជាដំណាក់កាលនៃការចាប់ផ្តើមប៉ុណ្ណោះសម្រាប់ដំណើរជីវិតទាំងមូល។ ហេតុនេះហើយទើបយុវជនចាំបាច់ត្រូវតែយកចិត្តទុកដាក់ ក្នុងការគិតនិងរៀបចំដំណើរជីវិតក្នុងដំណាក់កាលនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start up Cambodia បានលើកឡើងថា ជំនាញអ្វីក៏ដោយ ក៏អាចអាចនាំយុវជនយើងទៅរកភាពជោគជ័យដែរ សំខាន់ពួកគាត់ចេះច្បាស់ និងខ្លាំងពូកែក្នុងជំនាញទាំងអស់នោះ។
លោកថា ដើម្បីអាចរៀនចេះនិងពូកែ លុះត្រាតែសិស្សនិស្សិតចូលចិត្ត ស្រលាញ់ខ្លាំងឬមានទេពកោសល្យក្នុងជំនាញដែលគាត់កំពុងសិក្សាទើបអាចរៀនមិនសូវពិបាក ចាប់ឆាប់បាន រៀនឆាប់យល់ ហើយចូលចិត្តធ្វើកិច្ចការដែលគ្រូដាក់ឱ្យ។
លោក គីម ដារ៉ា បាននិយាយថា៖ «ផ្ទុយមកវិញ បើប្អូនជ្រើសរើសរៀនជំនាញហ្នឹងព្រោះប្អូនយល់ថា សម្បូរការងារ ប្រាក់ខែខ្ពស់ រកលុយបានច្រើន ដើម្បីគេសរសើរថាគ្រាន់បើ.... នោះប្អូនពិបាកជោគជ័យណាស់ ព្រោះប្អូនគ្មានអារម្មណ៍រៀន ចាប់មិនសូវបាន ងងុយគេងនៅម៉ោងរៀន ធុញនឹងកិច្ចការសាលាដែលគ្រូដាក់ឲ្យ ហើយប្អូនប្រឈមនឹងរៀនមិនចេះ ស្រ្តេសហើយអាចបោះបង់ពាក់កណ្ដាលទីទៀតផង បើធ្ងន់ធ្ងរអាចកើតជំងឺបាក់ទឹកចិត្តទៀត»។
អ្នកអប់រំខាងលើបានលើកឡើងផងដែរថា ប្អូនៗត្រូវដឹងថាជំនាញដែលសំបូរទីផ្សារប៉ុនណាក៏ដោយ បើយើងមិនច្បាស់ទេ គេមិនសូវត្រូវការយើងទេ បើត្រូវការក៏គេមិនសូវឲ្យតម្លៃយើងដែរ ហើយពេលខ្លះទៀតយើងអាចបង្កបញ្ហាដល់ខ្លួនឯងនិងអ្នកដទៃទៀតផង។
ដើម្បីឲ្យជីវិតនៅមហាវិទ្យាល័យស្រស់បំព្រង ចូររៀនអ្វីដែលប្អូនចូលចិត្តឬរៀនអ្វីដែលប្អូនគិតថាប្អូនអាចរៀនចេះបានលឿន៕