សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
លោកស្រី ចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុន KAT Appraisal Co,.Ltd ដែលជាស្រ្ដីឆ្នើមមួយរូបក្នុងវិស័យអចលនទ្រព្យ បាននិយាយពីការប្រើគោលការណ៍ក្រុមហ៊ុនត្រឹមត្រូវ នឹងអាចនាំឲ្យក្រុមហ៊ុនអាចឈរជើងបានជាប់ បើទោះជាស្ថានភាពសេដ្ឋកិច្ចជួបនូវវិបត្តិខ្លះៗក៏ដោយ។
លោកស្រីបង្ហើបប្រាប់ថា ស្ថេរភាពនៃក្រុមហ៊ុននៅល្អប្រសើរមកពីមានអតិថិជន នៅបន្តគាំទ្រនិងប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនរបស់លោកស្រីជាបន្តបន្ទាប់។ អតិថិជនមានទំនុកចិត្តមកលើក្រុមហ៊ុន ក៏ដោយសារតែគោលការណ៍មួយ ដែលក្រុមហ៊ុននៅបន្តអនុវត្តជាប់ជានិច្ច។
លោកស្រី ចេវ សុឃុន លើកឡើងថា ៖ ក្រុមហ៊ុនលោកស្រីមានគោលការណ៍១ ដែលនាំឲ្យអតិថិជននៅបន្តមានទំនុកចិត្តនិងប្រើប្រាស់សេវាកម្ម តាំងពីការផ្ដើមទំនាក់ទំនងដំបូងរហូតដល់ការបញ្ចប់នូវ Close Deal។ គោលការណ៍នោះគឺ “ភាពស្មោះត្រង់ និងសេវាកម្មល្អដល់អតិថិជន”។
ភាពស្មោះត្រង់នេះ ត្រូវបានលោកស្រីលើកឡើងសំដៅលើ ការមិនលម្អៀង ការមិនថែមលើថែមក្រោម មិនបំប៉ោងតម្លៃថ្លៃទីផ្សារ រក្សាការសំងាត់អតិថិជន ហើយអនុវត្តការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ។
លោកស្រីលើកបន្ថែម៖ ភាពស្មោះត្រង់របស់ក្រុមហ៊ុនគឺប្រៀបប្រដូចថា យើងជាអាជ្ញាកណ្ដាល ដែលយើងជាអ្នកកាន់ទ្រព្យផង នាំអតិថិជនទិញលក់ផង ដូច្នេះគឺមានទំនាក់ទំនងជាមួយអតិថិជនទាំងសងខាង ដែលមិនអាចលម្អៀងខាងណាបាន។
គ្មានភាពស្មោះត្រង់គឺឈរជើងនៅទីផ្សារមិនបានយូរនោះទេ ដោយវិស័យនេះធ្វើការជាមួយម្ចាស់ទ្រព្យគឺគេចង់បានបំផុត ភាពស្មោះត្រង់និងព័ត៌មានទីផ្សារច្បាស់លាស់។
លោកស្រីបានលើកឧទាហរណ៍ជាក់ស្ដែងថា៖បើម្ចាស់ផ្ទះលក់២០ម៉ឺន តែយើងទៅប្រាប់អ្នកទិញថា ២៥ម៉ឺនគឺមិនមានភាពស្មោះត្រង់ទាំងជាមួយអ្នកលក់និងជាមួយអ្នកទិញ។ បើអ្នកអាចគេងបន្លំការចំនេញបានមួយនាក់នោះពាក្យមិនល្អនឹងចេញពីអតិថិជនមួយទៅមួយយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យក្រុមហ៊ុនអាចពិបាកឈរជើង មិនថាបង្កើតឡើង១០ឆ្នាំហើយនោះទេ។
ចំពោះសេវាកម្មល្អវិញ គឺលោកស្រីបានចែករំលែកពីបទពិសោធន៍ក្រុមហ៊ុនលោកស្រីផ្ទាល់៖ ក្រុមហ៊ុនតែងតែផ្ដល់ការប្រឹក្សាផ្ទាល់ជាមួយអតិថិជនដែលមានតម្រូវការសេវាកម្ម ដោយសិក្សាពីគោលបំណងពិតប្រាកដជាមុន ហើយក៏មានការរៀបចំជា Proposal ដើម្បីធ្វើបទបង្ហាញផងដែរ។
លោកស្រី ចេវ សុឃុន៖ ពេលគាត់(អតិថិជន)មករកសេវារបស់យើង គឺយើងមានអ្វីដែលត្រូវជួយគាត់ អាចថាជាការផ្ដល់ប្រឹក្សាពីព័ត៌មានទីផ្សារ ការជួយលក់ឬជួលវាយតម្លៃអចលនទ្រព្យជាដើម ។ សេវាកម្មល្អនេះផងដែរគឺយើងផ្ដើមពីធ្វើការពី Aដល់Z ។ ចាប់ពីការជួបផ្ទាល់ ជូនមើលទីតាំង ចុះវាយតម្លៃ ទំនាក់ទំនងជាមួយធនាគារដើម្បីដាក់កម្ចីផ្សព្វផ្សាយ រហូតដល់ Close Deal (ទិញលក់បានសម្រេច) និងប្រាក់ដល់ដៃភាគីអ្នកលក់ ទ្រព្យដល់ដៃភាគីអ្នកទិញ ហើយការផ្ទេរកម្មសិទ្ធិបានត្រឹមត្រូវ៕