សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ផែនការអភិវឌ្ឍខ្លួនជាផែនទីស្នូលមួយសម្រាប់មនុស្សជាច្រើនពង្រឹងសមត្ថភាព ដើរខិតទៅរកគោលដៅ។ហើយគំរូផែនការមួយចំនួនត្រូវបានអ្នកមានបទពិសោធមុនៗ បានចែករំលែកជាឧទាហរណ៍ដូចខាងក្រោម ហើយយើងអាចយកវាទៅពិចារណាសម្រាប់បញ្ចូលជាផែនការក្នុងឆ្នាំថ្មី ដែលនឹងខិតជិតមកដល់ខាងមុខនេះ។
១.ដាក់ចេញគុណតម្លៃរបស់អ្នក
គុណតម្លៃរបស់មនុស្សក៏អាស្រ័យលើមនុស្សម្នាក់ៗឱ្យនិយមន័យរៀងៗខ្លួនផងដែរ។ ជាឧទហរណ៍ អ្នកឱ្យតម្លៃលើអ្វីដែលអ្នកស្រលាញ់ដូចជា គ្រួសាររីករាយ ស្នេហា ការសិក្សាស្រាវជ្រាវ ការធ្វើដំណើរក្រៅប្រទេសការងារ ការរកស៊ី -ល-។នៅពេល អ្នកកំណត់ដឹងនូវអ្វីដែលអ្នកឱ្យតម្លៃនោះវានឹងក្លាយជាអាទិភាពសម្រាប់អ្នកប្រើពេលវេលានិងកំលាំងកាយចិត្តសម្រាប់ផ្តោតលើអាទិភាពចាំបាច់ទាំងនោះ។
***ផែនការសកម្មភាព
បង្កើត នូវកំណត់ត្រាគោលដៅផ្ទាល់ខ្លួន៖ កត់ត្រានូវអ្វីដែល អ្នកឱ្យតម្លៃសំខាន់ និងព្រាងពីវិធីធ្វើកិច្ចការនោះឱ្យសម្រេចសម្រាប់ឆ្នាំថ្មី។
មានកំណត់ហេតុសំខាន់ៗ៖ កត់ត្រារឿងរ៉ាវជាបទពិសោធសំខាន់ៗ ជួយរំលឹកអ្នកអំពីមេរៀនដែលធ្លាប់បានជួប និងត្រៀមខ្លួនសម្រាប់ជួបបទពិសោធថ្មី។
២.ស្វែងយល់អ្វីដែលអ្នកចូលចិត្ត
អ្វីៗដែលនាំមកនូវភាពរីករាយដល់អ្នកអ្នកចូលចិត្តធ្វើវាមិនចេះធុញទ្រាន់ ហើយប្រៀបដូចជាវិន័យដែលជួយសម្រួចជំនាញ ឬការងារដែលអ្នកចូលចិត្តឱ្យបានប្រសើរនិងរីកចម្រើនជាលំដាប់។
***ផែនការសកម្មភាព
អនុវត្តដោយភាពច្នៃប្រឌិត៖ បំពេញការងារដែលអ្នកចូលចិត្តជារឿងល្អមួយ បន្ថែមពីនោះអ្នករកវិធីច្នៃប្រឌិតចំណូលចិត្តទាំងនោះឱ្យវិវឌ្ឍបន្ថែម ឧទាហរណ៍អ្នកចូលចិត្តរចនា (Design) រូបភាព អ្នកក៏អាចច្នៃជំនាញនោះ ទៅជាកម្សាន្តផង និងជាការរកចំណូលបន្ថែមផងបានដែរ។
សាកល្បងអ្វីថ្មី៖ អ្នកក៏អាចរកឃើញអ្វីថ្មី ដែលអ្នកនឹងចូលចិត្តផងដែរ ក្រោយពេលសាកល្បងរៀនអ្វីថ្មី។ ១សប្តាហ៍ ម្តងអ្នកអាចស្វែងយល់ពីមេរៀនអ្វីមួយថ្មី នឹងពង្រីកគំនិតថ្មីៗដល់អ្នក ហើយថែមទាំងជួយសមត្ថភាពអ្នកឱ្យឆាប់ទៅដល់គោលដៅទៀតផង។
៣.ចំណុចខ្លាំង និងចំណុចខ្សោយ
ជារឿងសំខាន់មួយដែលអ្នកគួរដឹងនូវអ្វីដែលអ្នកអាចធ្វើបានល្អ(ចំណុចខ្លាំង) និងអ្វីដែលអ្នកត្រូវព្យាយាមខ្លាំងទើបសម្រេចផល (ចំណុចខ្សោយ)។ អ្នកអាចសម្គាល់ឃើញចំណុចពីរនេះនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នកផ្ទាល់ដូចជាជំនាញផ្សព្វផ្សាយទីផ្សារ សរសេរប្រលោមលោក គូរគំនូរ លក់ផលិតផល...។ ដឹងនូវភាពខ្លាំង អ្នកអាចប្រើប្រាស់វាជាទំនុកចិត្តអ្នកពីមួយថ្ងៃទៅមួយថ្ងៃ និងអាចចំណាយពេល សម្រួចភាពខ្លាំងនោះដោយមិនខាតពេលវេលា។
***ផែនការសកម្មភាព
ព្យាយាមស្វែងយល់បន្ថែមពីចំណុចខ្វះខាតអ្នក ដោយគ្មានអ្វីក្រៅពីការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកែលម្អភាពខ្សោយទាំងនោះ ដើម្បីការអភិវឌ្ឍខ្លួនស្រប និងកាលៈទេសៈ។ ម្យ៉ាងទៀត អ្នកក៏មិនត្រូវភ្លេច ផ្តោតលើភាពខ្លាំងអ្នកដែរ ព្រោះថាវាជាតម្លៃប្រចាំខ្លួន និងជាទ្រព្យសំខាន់ជាប់ខ្លួនរហូត។
៤.មានសុខភាពល្អ មានឱកាសរីកចម្រើនបន្តទៅមុខ
ពិតប្រាកដណាស់សុខភាពល្អ ចាត់ទុកថាការរួមចំណែកឱ្យអ្នកបន្តអភិវឌ្ឍខ្លួនឈានទៅសម្រេចគោលដៅនិងជោគវាសនាថ្មីៗ។ បើអ្នកឈឺក៏ជាឧបសគ្គរាំងស្ទះសម្រាប់បន្តទៅកិច្ចការទាំងនោះផងដែរ ដូចនេះការរក្សាសុខភាពបានល្អប្រៀបដូចជាការរួមចំណែកសម្រាប់ទៅដល់គោលដៅរបស់អ្នក ប្រៀបដូចជាលំនឹងសម្រាប់រក្សាកិច្ចការអ្នកមិនឱ្យដួលឬបរាជ័យ។
***ផែនការសកម្មភាព
រៀបចំតារាងវេលា ដែលមានលំនឹង៖ សម្តៅលើការប្រើពេលសមស្រប រវាងការងារ និងពេលសម្រាប់សុខភាពអ្នក។ អ្នកអាចគូសចេញនៅពេលវេលាសំខាន់ៗ ការកិច្ចការងារ និងវេលាដែលអ្នកត្រូវផ្តល់ឱ្យខ្លួនឯង សម្រាប់ការសម្រាក លំហែ លំហាត់ប្រាណ និងការញ៉ាំអាហារទៀងទាត់។ បង្កើតទម្លាប់ច្បាស់លាស់ ទាំងនេះជួយឱ្យពេលសម្រាប់ការងារ និងសុខភាព មានតុល្យភាព។ ដោយឡែក ដោយផ្អែកទៅតាមការសិក្សាជាច្រើនបង្ហាញថា ការធ្វើលំហាត់ប្រាណមួយដែលអ្នកចូលចិត្ត នឹងជួយទាំងផ្នែកផ្លូវកាយ និងអារម្មណ៍បានប្រសើរ ដែលជួយជម្រុញដល់ផលិតភាពការងារអ្នក ដូចនេះ ការលៃលកពេលវេលា សម្រាប់ជ្រើសយកលំហាត់ប្រាណណាមួយសមស្របនឹងអ្នក ក៏អាចចាត់ចូលជាផែនការសម្រាប់ឆ្នាំថ្មីអ្នកផងដែរ៕