សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
នៅពេលមានជំនឿជឿជាក់លើខ្លួនឯង អ្នកនឹងមានឆន្ទៈក្នុងការសាកល្បងធ្វើរឿងថ្មីៗ ជារឿងការងារ ការរកស៊ី ព្រោះការទុកចិត្តលើខ្លួនឯង ជាគន្លឹះនាំឱ្យអ្នកធ្វើកិច្ចការទាំងនោះឱ្យអស់ពីសមត្ថភាព ជាជាងការចំណាយពេល និងកម្លាំងទៅបារម្ភលើរឿងដែលអ្នកមិនអាចធ្វើបាន។ ដូចនេះ ទំនុកចិត្តលើខ្លួនឯងនឹងធ្វើឱ្យយើងលះបង់កម្លាំងកាយចិត្តទៅលើការខំប្រឹងប្រែងសម្រាប់គោលដៅ។ ដូចនេះហើយ ដែលភាពជឿជាក់លើខ្លួនឯងជាគន្លឹះសំខាន់នាំឱ្យកិច្ចការមោះមុតទៅមុខយ៉ាងល្អប្រសើរ។ តាមវិធី៥ខាងក្រោមនេះពីអ្នកធ្លាប់មានបទពិសោធ បានចែករំលែកយើងអាចរៀនជាចំណេះដឹងសម្រាប់អនុវត្តបាន៖
១.ឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
មិនថាប្រៀបខ្លួនឯងទៅនឹងមិត្តភក្តិ ឧទាហរណ៍ដូចជារឿងចំណូលប្រចាំខែសម្ភារៈប្រើប្រាស់គឺពុំមែនជារឿងល្អឡើយ។ ក្នុងការសិក្សាមួយនៅឆ្នាំ២០១៨ អំពី"បុគ្គលិកលក្ខណៈផ្ទាល់ខ្លួននិងភាពខុសប្លែកគ្នា" បានរកឃើញថាបុគ្គលដែលប្រៀបខ្លួនឯងនឹងអ្នកដទៃ ច្រើនមានអារម្មណ៍តូចចិត្តនឹងនាំឱ្យមានការមិនឱ្យតម្លៃខ្លួនឯង។
យកពេលវេលាទាំងនោះទៅផ្តល់លើការយកចិត្តទុកដាក់លើរឿងរ៉ាវអ្នកវិញដូចជាចំណង់ចំណូលចិត្តអ្នក អ្វីដែលអ្នកចេះជំនាញណាខ្លះដែលអ្នកខ្វះខាតត្រូវបំពេញបន្ថែម នោះអ្នកនឹងចាប់ផ្តើមយល់ពីគុណតម្លៃខ្លួន ហើយប្រើពេលវេលាមានប្រយោជន៍ទៅកែច្នៃខ្លួនឯងវិញ។ ដូចនេះមានន័យថាអ្នកនឹងពុំមានសល់ពេលប្រៀបធៀបខ្លួនឯងធ្វើឱ្យខ្លួនបាត់បង់ទំនុកចិត្តទៀតទេ ហើយអ្នកនឹងផ្តោតលើភាពជឿជាក់លើខ្លួនឯងវិញទៅសម្រេចកិច្ចការដែលអ្នកប្រាថ្នា។
២.មើលថែសុខភាព និងរាងកាយអ្នក
វានឹងមានឥទ្ធិពលលើទំនុកចិត្តអ្នកខ្លះដែរ បើអ្នកពុំបានយកចិត្តទុកដាក់មើលថែរក្សាសុខភាពនិងរាងកាយ។ ដូចជាការសម្រាកមិនបានគ្រប់គ្រាន់ការញ៉ាំអាហារមិនល្អដល់សុខភាព និងមិនសូវសកម្មទៅលើរាងកាយ។ ការសិក្សាផ្នែកសុខភាពក៏បានបង្ហាញដែរថាការធ្វើលំហាត់ប្រាណរាល់ថ្ងៃ និងបង្កើនទំនុកចិត្តដល់អ្នកហាត់ផងដែរ។
ដាក់ចំណុចមើលថែសុខភាពខ្លួនឯង ជាចំណុចអាទិភាពមួយក្នុងគោលដៅជីវិត អនុវត្តសកម្មភាពដើម្បីបានដល់គោលដៅ នោះអ្នកនឹងសម្គាល់ឃើញពីប្រសិទ្ធិភាពលើភាពជឿជាក់ខ្លួនឯងដោយឯកឯង។
៣.អនុវត្តនូវគោលការណ៍អត់ឱនដល់ខ្លួនឯង (ផ្តល់ឱកាស)
ការមេត្តាដល់ខ្លួនឯងផ្តល់ឱកាសជាថ្មីក្រោយពីបរាជ័យ ឬធ្វើមិនបានល្អក្នុងរឿងអ្វីមួយជាការលើកទឹកចិត្តខ្លួនផង និងផ្តល់ការជឿជាក់ជាថ្មីថាអ្នកអាចធ្វើបាននិងចៀសវាងពីកំហុសចាស់។ និយាយល្អៗ ទៅកាន់ខ្លួនឯងព្រោះថាពេលខ្លះគ្រប់គ្នាក៏ធ្លាប់ភ្លាត់មានកំហុសដោយអចេតនាដូចនេះអ្នកនឹងអាចចាប់ផ្តើមធ្វើរឿងល្អៗជាថ្មីដោយទំនុកចិត្ត និងប្រសើរជាងមុនជាការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់។
៤.កុំរង់ចាំដល់១០០%សាកធ្វើវាដើម្បីវាស់ស្ទង់ភាពជឿជាក់អ្នក
ពេលខ្លះវិធីសាស្រ្តល្អបំផុតនោះគឺធ្វើវាដើម្បីអ្នកអាចដឹងពីភាពជឿជាក់អ្នកដល់កម្រិតណា អនុវត្តជាក់ស្តែងជួយអ្នកឱ្យប្រឈម នឹងភាពភ័យខ្លាចដោយប្រើប្រាស់ភាពក្លាហានអ្នកជាដើមទុន។ បើនៅខ្លាចនោះអ្នកមិនអាចដឹងនូវលទ្ធផល និងសមត្ថភាពប្រឈមអ្នកកម្រិតណានោះទេ។ យ៉ាងណាមិញ ក៏មិនមែនមានន័យថាអ្នកត្រូវធ្វើដោយមិនមានត្រៀមទុកជាមុននោះដែរ ជាឧទាហរណ៍អ្នកត្រូវឡើងនិយាយជាសាធារណៈដោយភាពជឿជាក់ ដូចនេះការត្រៀមខ្លួនជាមុន ដូចជាអនុវត្តនិយាយនៅមុខមិត្តភក្តិសមាជិកគ្រួសារនឹងបង្កើននូវទំនុកចិត្ត សម្រាប់ប្រឈមដោះស្រាយបញ្ហាខាងមុខបានដោយប្រសិទ្ធិភាព។
៥.អនុវត្តគោលការណ៍ស្រង់យកពិសោធ
ពេលខ្លះខួរក្បាលអ្នកជាអ្នកប្រាប់ថាអ្នកមិនអាចធ្វើបានទេ ដូចជាមិនអាចឡើងនិយាយបញ្ចេញមតិសម្រាប់ក្រុម ឬមួយក៏អ្នកធាត់ខ្លាំងហួសពេលនឹងហាត់ប្រាណ។ ប៉ុន្តែអ្នកអាចរំលឹកខ្លួនឯងវិញថាពេលខ្លះរឿងអ្នកដែលខួរក្បាលអ្នកគិតថាមិនអាចធ្វើបានមិនពិតត្រឹមត្រូវ១០០%នោះទេ។ ហើយវិធីសាស្រ្តជម្នះការគិតអវិជ្ជមាននោះ គឺប្រកួតខ្លួនឯងហើយបង្ហាញថា ខុសហើយអ្នកអាចធ្វើបាន។
ព្យាយាមជម្នះនៅពេលខួរក្បាលប្រាប់អ្នកថាមិនអាច។ ប្រាប់ខ្លួនឯងថាអ្នកនឹងធ្វើពិសោធហើយចាំមើលលទ្ធផល។អ្នកនឹងឃើញថា ពេលធ្វើនឹងជួបភាពភ័យខ្លាចខ្លះនិងកើតមានកំហុសខ្លះ ប៉ុន្តែវាមិនអាក្រក់ដូចដែលអ្នកគិតទេ។ ហើយគ្រប់ពេលដែលអ្នកធ្វើនោះអ្នកនឹងរីកចម្រើនទៅមុខហើយចាប់ទំនុកចិត្តលើខ្លួនឯងជាងមុនដែលអ្នកអាចសម្គាល់ឃើញបាន៕