៣វិធីបង្រៀនខ្លួនឯងរំសាយអារម្មណ៍អវិជ្ជមានពីខួរក្បាល

១. កុំទាមទារច្រើនពេក

ដើម្បីប្រើជីវិតបានរីករាយ អ្នកមិនគួរត្អូញត្អែរនូវអ្វីដែលអ្នកបានជួប ឬរអ៊ូថាជីវិតនេះមានសម្ពាធច្រើនពេកហើយ ហើយត្រូវការឱ្យអ្នកនៅជុំវិញខ្លួនមកជួយជ្រោមជ្រែងជាដើម ព្រោះថាការគិត និងធ្វើបែបនេះមានតែបន្ថែមសម្ពាធផ្លូវអារម្មណ៍ដល់ខ្លួនអ្នកកាន់តែខ្លាំងឡើងៗទៅវិញ។ 

កាលណា អ្នកគិតគូរចំណុចអវិជ្ជមានកាន់តែច្រើន ខួរក្បាលអ្នកនឹងកត់ត្រាតែរឿងអវិជ្ជមានទាំងនោះកាន់តែច្រើន រហូតលែងមើលឃើញពិភពដ៏ស្រស់បំព្រងដែលនៅជុំវិញខ្លួនអ្នក។ ដូច្នេះ ត្រូវរៀនពេញចិត្តអ្វីដែលអ្នកកំពុងមាន អ្វីដែលអ្នកកំពុងធ្វើ ជាជាងទាមទារឱ្យគេធ្វើដើម្បីយើង ឬសុំរបស់អ្វីដែលមិនមែនជារបស់យើងនោះ។

២. កុំព្យាយាមពន្យល់រឿងដែលយើងឆ្លងកាត់ទៅមនុស្សដែលមិនយល់ពីយើង

ក្នុងឆាកជីវិតមនុស្ស ច្បាស់ណាស់ជាមានទាំងអ្នកដែលស្រលាញ់យើង និងមនុស្សដែលស្អប់យើង។ សម្រាប់មនុស្សដែលស្រលាញ់យើង ស្មោះត្រង់នឹងយើង ពេលខ្លះយើងមិនចាំបាច់ទៅពន្យល់ ឬបកស្រាយអ្វីច្រើន តែគេអាចយល់ពីយើងបានដោយងាយ ប៉ុន្តែសម្រាប់អ្នកដែលមិនចូលចិត្តយើង ទោះត្រូវប្រើពេល ប្រើកម្លាំងច្រើនប៉ុណ្ណា ក៏គេនៅតែមិនយល់ពីយើងដែរ។ 

ត្រូវចាំថា គ្រប់គ្នាសមនឹងទទួលបានរបស់ដ៏ល្អបំផុតក្នុងជីវិត ដូច្នេះហើយ អ្នកមិនចាំបាច់ប្រឹងចំណាយពេលទៅពន្យល់ ឬបង្ខំឱ្យអ្នកណាម្នាក់មកស្រលាញ់ មកយល់ពីយើងឡើយ។ គួរយកពេលមកហ្វឹកហាត់ ឬអភិវឌ្ឍខ្លួនឯងឱ្យចំគោលដៅ ហើយមិនបាច់ខ្វល់ពីការគិតរបស់អ្នកម្នាក់ដែលកំពុងគិតអវិជ្ជមានចំពោះយើងឡើយ ដរាបណាទង្វើរបស់យើងមិនប៉ះពាល់អ្នកដទៃ ឬសង្គមជាតិ។

៣. កុំឆ្លេឆ្លា តក់ក្រហល់

ទោះដឹងថាមនុស្សមានគោលដៅរៀងខ្លួន ដើម្បីសម្រេចជោគជ័យក្នុងជីវិត ប៉ុន្តែត្រូវចាំថា គ្រប់យ៉ាងត្រូវការពេលវេលា។ សូមកុំជ្រើសរើសផ្លូវកាត់ ព្រោះវានឹងធ្វើឱ្យខួរក្បាលរបស់អ្នកប្ដូរទៅគិតអ្វីដែលអវិជ្ជមាន ឬប៉ះពាល់ដល់អ្នកណាម្នាក់ដោយមិនដឹងខ្លួន។ 

ប្រសិនបើអ្នកប្រើវិធីមិនទៀងត្រង់ដើម្បីឆាប់សម្រេចគោលដៅ នោះភាពលោភលន់របស់អ្នកក៏នឹងកើនឡើង ហើយយូរទៅៗ អ្នកនឹងលែងខ្វល់ខ្វាយពីអ្នកណា ធ្វើយ៉ាងណាឱ្យតែខ្លួនបានសមបំណង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកបរាជ័យ នោះខួរក្បាលនិងការគិតរបស់អ្នកក៏នឹងកាន់តែអាក្រក់ឡើងៗ រហូតមិនអាចប៉ាន់ស្មានលទ្ធផលចុងក្រោយបានក៏ថាបាន។ 

មនុស្សដែលឆ្លាតតែងតែមិនព្យាយាមប្រជែងយកនូវអ្វីដែលមិនមែនជារបស់ពួកគេ តែជាមនុស្សដែលប្រើវិធីសច្ចធម៌ដើម្បីបានអ្វីដែលពួកគេប្រាថ្នា។ ធ្វើបែបនេះ ផ្លូវចិត្តរបស់ពួកគេនឹងមានភាពស្ងប់ ត្រជាក់ និងជាចូលចិត្តរបស់មនុស្សទាំងពួង៕