ពី ធីថា ជាឈ្មោះកំណើតរបស់ខ្ញុំ តែគ្រប់គ្នាច្រើនស្គាល់ឬ ហៅខ្ញុំថាធី សុវ៉ាន់ថា ឬ វ៉ាន់ថា។ កើតក្នុងគ្រួសារក្រីក្រ និងជីវិតត្រូវរស់ពឹងផ្អែកលើ របរនេសាទយកមង សំណាញ់ ជាមិត្ត យកត្រីជាអ្នកចិញ្ចឹមជិវិត គឺអាចត្រឹមតែឲ្យខ្ញុំ និងគ្រួសារ រកអង្ករច្រកឆ្នាំងបានមួយពេលទៅមួយពេលប៉ុណ្ណោះ ក៏មានដែរថ្ងៃខ្លះ ដែលត្រូវដាច់បាយក្រហាយទឹកតែធ្វើម៉េចបើនេះជាជីវិត។
ថ្វីបើខ្ញុំជាកូនអ្នកក្រ គ្មានសមត្ថភាពបង្កើតរបរធំដុំរឺចាប់អាជីពណាផ្សេងបានក៏ដោយ តែទេវតាមិនបិទផ្លូវមនុស្សទេ យ៉ាងហោចណាស់ ក៏ខ្ញុំមានសិទ្ធិក្នុងការស្រមើស្រម៉ៃនិងផ្តល់ក្តីសង្ឃឹមដល់ខ្លួនឯងជានិច្ច។ សេចក្តីព្យាយាម និង ភាពអំណត់ ចំពោះគ្រប់បញ្ហាលំបាកជាច្រើនក្នុងជីវិតកន្លងមក បានជំរុញចិត្តកូនអ្នកក្រម្នាក់នេះ ឲ្យហ៊ានធ្វើការសម្រេចចិត្តនិង កំណត់ជោគវាសនា លើដំណើរជីវិតដ៏ថ្មីស្រឡាងមួយ ដោយសារ ការស្រេកឃ្លានចំណេះដឹង។ ដោយហេតុនេះ ខ្ញុំបានសម្រេចចិត្តសុំឪពុកម្តាយខ្ញុំ ទៅរៀនដូចគេ។
ក្តីលំបាកដែលត្រូវដើរកាត់ បឹង កាត់ប្រលាយ ភក់ និង ឆ្លងកាត់ចំការអ្នកភូមិ ពី១គីឡូ ទៅ ២គីឡូដីដោយគ្មានឡើយលុយមួយកាក់មួយសេនជាប់នៅនឹងខ្លួននោះ តែខ្ញុំមានអ្វីម្យ៉ាងដែលជាថ្នាំសម្រួលក្តីហត់នឿយនិង អស់កម្លាំង គឺ ទឹកចិត្ត និង មហិច្ចតាចំពោះអនាគតដ៏វិជ្ជមាន។ កាន់តែរៀនខ្ញុំកាន់តែមានក្តីស្រម៉ៃ និង សង្ឃឹមខ្ពស់ ថ្វីបើក្នុងគ្រួសារជួបប្រទះ នូវបញ្ហារយជំពូកបូករួមទាំងមានសមាជិកគ្រួសារច្រើន មាត់ច្រើន ដែលទាមទាររកអារហារដើម្បីផ្គត់ផ្គង់ជាប្រចាំថ្ងៃ។
វ័យកាន់តែច្រើនឡើងៗ ការសម្រចចិត្ត ចាកចោលស្រុកកំណើតចាកចោលផ្ទះដ៏កំសត់របស់ខ្ញុំ មកសុំស្នាក់អាស្រ័យនៅនឹងផ្ទះគេ ជាជំហានដំបូងក្នុងដំណើរជីវិតផ្សងព្រេងដែលស្រះដោយបន្លារ ក្នុងយុវវ័យភាពរបស់ខ្ញុំ។ នៅឯភ្នំពេញ ដោយចិត្តស្រលាញ់ ខ្ញុំបានហាត់រៀនខ្លះៗ ពីទម្រង់សិល្បៈខ្មែរ ពីអង្គការមួយដែលមានឈ្មោះថា ឈីបូឌា (Chibodia) ដែលនេះជា កន្លែងដែលខ្ញុំចាប់ផ្តើមសិក្សាភាសាបរទេស និង កំព្យូទ័រខ្លះៗ។ ហេតុតែមាននិស្ស័យ និងចំណាប់អារម្មណ៍ខ្លាំងលើវិស័យសិល្បៈខ្ញុំបានរៀបចំការសំដែងក្នុងទម្រង់សិល្បៈ ជាច្រើនក្នុងអង្គការមួយនេះ។
សម្រាប់មិត្តអ្នកអានទាំងអស់ ប្រហែលជាគិតថាជីវិតរបស់ខ្ញុំ បានស្គាល់នូវភាពរីកចម្រើនបានខ្លះៗហើយព្រោះយ៉ាងហោចណាស់ ខ្ញុំបានធ្វើនូវអ្វីដែលខ្ញុំស្រលាញ់ ចូលចិត្ត ប៉ុន្តែក្នុងរបត់ជីវិតមួយនេះវាបានប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ដែលខ្លួនខ្ញុំផ្ទាល់សឹងមិនគួរឲ្យជឿ។
មិនខុសពីក្មេងៗ ដែលរស់នៅក្នុងទីក្រុងមួយចំនួនឡើយខ្ញុំបានធ្វើខ្លួនជាក្មេងមិនល្អ ដែលប្រាសចាកពីអ្វីដែលខ្ញុំធ្លាប់ប្តេជ្ញាចិត្ត មុននឹងសម្រេចចិត្តចាកចោលស្រុកកំណើតខ្ញុំក៏បានលង់ខ្លួនដើរលេងហ្គេម ភ្លេចអស់ការសិក្សា តែនេះហាក់ដូចជា សុបិន្តអាក្រក់ដែលគង់មានថ្ងៃដែលខ្ញុំត្រូវភ្ញាក់ពីដំណេក។
ខ្ញុំបានសួរខ្លួនឯងថា តើខ្ញុំមកទីក្រុងនេះដើម្បីអ្វី? តាំងពីពេលដែលខ្ញុំសួរខ្លួនឯងនោះមក ខ្ញុំក៏បានរកចម្លើយឃើញ ដោយចាប់ផ្តើមកាន់ប៉ិច កាន់សៀវភៅសារជាថ្មីហើយរៀននូវអ្វី ដែលខ្ញុំមិនធ្លាប់បាននឹកគិតដល់នោះគឺ យក អ៊ីនធើណេត ជាគ្រូ ខ្ញុំបានសិក្សាពីរបៀបកាត់ត វីដេអូ ដែលនេះជាមាគ៌ាត្រួសត្រាយ ស្រាយបញ្ជាក់ ឲ្យខ្ញុំស្គាល់ខ្លួនឯងច្បាស់ថាខ្ញុំមាននិស្ស័យ និង ទេពកោសល្យផ្នែកសិល្បៈ ពោលគឺជាអ្នកកាត់តវីដេអូមួយរូប។
ដើម្បីទ្រទ្រង់ជីវភាព ដែលខ្វះខាតក្នុងការរស់នៅក្នុងទីក្រុងនេះខ្ញុំបានសម្រេចចិត្តដើររកការងារធ្វើនៅកន្លែងជាច្រើន ហើយការងារដំបូង ដែលខ្ញុំទទួលបានគឺជាការងារស្ម័គ្រចិត្តនៅផលិតកម្មខ្មែរមេគង្គ ដែលការងារនេះ ខ្ញុំទទួលការបង្ហាត់បង្រៀន និង ការណែនាំពីបងប្រុសម្នាក់ឈ្មោះបងប្រុស សៅយឿន។
ក្រោយទទួលការណែនាំ និងហ្វឹកហាត់ការងារបានល្អប្រសើររួមទាំងទឹកចិត្តអាណិតស្រលាញ់ ពីបងប្រុសយឿន ខ្ញុំក៏ត្រូវបានគាត់ ណែនាំអោយចូលធ្វើការនៅក្រុមហ៊ុនថ្មីមួយ ដែលទើបនឹងបើកដែលមានឈ្មោះថា ឃ្វឹនធឹម ផាប់ប្លីកស៊ីធី (quantum publicity)។
នៅទីនោះ ខ្ញុំបានចាប់ផ្តើមអាជីពជាអ្នកកាត់ត អ្នកកាន់កាមេរ៉ា រៀបចំកម្មវិធី ហើយក៏មានឱកាសបានដឹកនាំកម្មវិធីខ្លះ។ជីវិតខ្ញុំហាក់ទទួលនូវ ភាពស្រស់បំព្រងបានមួយកំរិត។ ភាពជោគជ័យក្នុងអាជីពដំបូង ដូចជាទឹកអម្រឹតដែលស្រោចស្រង់ ដល់រុក្ខជាតិឲ្យកាន់តែរីកលូតលាស់ ពីមួយថ្ងៃទៅមួយថ្ងៃ។
ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដោយមើលឃើញនូវការរីកចំរើន របស់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃដូចនេះ គឺខ្ញុំបានតស៊ូ ចាប់តាំងតែក្រុមហ៊ុននោះ ចាប់ដំណើរការ រហូតបានស្គាល់ភាពជោគជ័យដោយការខិតខំ របស់ក្រុមការងារនៅទីនោះ ដែលមានខ្ញុំម្នាក់ ជាចំនែកតូចមួយផងដែរ។
បទពិសោធន៍ដែលទទួលបានពីការងារ និងទំនាក់ទំនងល្អ ក្នុងអំឡុងពេលដែលខ្ញុំធ្វើការបានធ្វើអោយខ្ញុំស្គាល់បុគ្គលពីរនាក់ ដែលបានជួយផ្លាស់ប្តូរជីវិតរបស់ខ្ញុំ កាន់តែទទួលបានជោគជ័យ។ពួកគាត់ជា
កូនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិច ។ ពួកគាត់ចង់ជួយខ្មែរយើង ក្នុងការផលិតភាពយន្តនិងកម្មវិធីផ្សេងៗ។ នេះអាចរាប់ថាជាសំណាងនិង ឱកាសមាសរបស់ខ្ញុំដែរ ពីព្រោះថាពេលនោះ មានគេម្នាក់ចង់ឲ្យខ្ញុំផលិតកម្មវិធីមួយឈ្មោះថារឿងពិត រឺ( Untold Stories) ឆ្លៀតពេលនោះ ខ្ញុំក៏បានពិភាក្សាជាមួយបងដែលគាត់រស់នៅសហរដ្ឋអាមេរិចពីគម្រោងនេះ ហើយជាលទ្ធផលល្អ កម្មវិធីនោះ ដំណើរការទៅបានយ៉ាងរលូន។
ក្រោយពីជោគជ័យក្នុងការផលិតកម្មវិធី(រឿងពិត)នេះ ខ្ញុំត្រូវបានស្ថានីយ៍ទូរទស្សន៍ជាច្រើន ទាក់ទងផ្តល់ការងារផ្សេងៗមិនដាច់។ភាពជោគជ័យរបស់ខ្ញុំ មិនបញ្ឈប់ត្រឹមនេះនោះទេ។ យើង ក៏សម្រេចចិត្តបើក ផលិតកម្មថ្មី ដែលនៅមិនឆ្ងាយពីអាជីពដែលមានស្រាប់ ឈ្មោះថា អាយឌ្រីម គ្រីអេតធីវ (EyeDream Creative)ដែលដំបូងឡើយមានបុគ្គលិកត្រឹមតែ ៣ ទៅ ៤នាក់ប៉ុណ្ណោះ។
សព្វថ្ងៃនេះ អាយឌ្រីមគ្រីអេតធីវ (Eye Dream Creative)កំពុង ផលិតរឿងភាគមួយ ដែលមានចំណងជើងថា «វិរនារីក្នុងភ្លើងគុំនុំ»។
ខ្ញុំដែលពីមុនធ្លាប់តែជាអ្នកដឹងនាំកម្មវិធី ជាអ្នកកាន់កាមេរ៉ាថត មកទល់ពីនេះ គឺខ្ញុំបានប្រែក្លាយខ្លួនទៅជា អ្នកគ្រប់គ្រងអ្នកដឹកនាំថត និងជាអ្នកនិពន្ធរឿង មួយរូបផងដែរក្នុងផលិតកម្មនោះ។ តែបើគិតទៅក្ដីស្រមៃរបស់ខ្ញុំ មិនទាន់បានជោគជ័យនៅឡើយទេ ខ្ញុំបានយល់ថា ការងារទាំងនោះជាការងារដែលនៅក្រោយឆាកសិល្បៈប៉ុណ្ណោះ ហើយខ្ញុំក៏នៅតែចង់បន្ត អភិវឌ្ឍខ្លួនឯងទៅមុខទៀត ដោយការចាប់ផ្តើម និពន្ធបទចម្រៀងថ្មីៗបានមួយចំនួន នឹងត្រៀមប្រឡូកចូលក្នុងវិស័យសិល្បៈ ដែលខ្ញុំស្រលាញ់ឲ្យបានយ៉ាងពេញទំហឹងផងដែរ៕
រក្សាសិទ្ធិនៃការកែសម្រួលអត្ថបទដោយក្រមា ប៉ុស្ដិ៍ ។